ជាតិ
សង្គមជាតិ
រដ្ឋបាល​ភ្នំពេញ រៀបចំ​ក្បួន​ហែ​ធាតុ​សម្ដេច សុខ អាន ដោយ​ថ្មើរជើង​, ផ្លូវ​មួយចំនួន ត្រូវ​បិទ​
13, Mar 2020 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋបាល​រា​ធានី​ភ្នំពេញ បាន​សហការ​ជាមួយ​គណៈកម្មាធិការ​រៀប​ចំ​ពិធីបុណ្យ​ជាតិ អន្តរជាតិ នឹង​រៀបចំ​ពិធី​ហែ​ក្បួន​អដ្ឋិធាតុ​របស់​សម្តេច សុខ អាន នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២០ ដោយ​ហែ​ចេញពី​ភូមិគ្រឹះ​របស់​សម្តេច ទៅ​តម្កល់​នៅ​វត្ត​សារា​វ័ន​តេ​ជោ​។​


 
​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​រាជា​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ប្រារព្ធ​ពិធី​ដង្ហែ​នេះ នឹងមាន​ការបិទផ្លូវ​បណ្ដោះអាសន្ន ដោយ​មិន​អនុញ្ញាត​ឲ្យ​យានជំនិះ​គ្រប់​ប្រភេទ​ឆ្លងកាត់ នៅ​ចំណុច​ចាប់ពី​ភូមិគ្រឹះ​សម្តេច សុខ អាន តាម​បណ្តោយ​វិថី​សម្តេច​ប៉ាន (​ផ្លូវ​លេខ​២១៤) ឆ្ពោះទៅ​មហាវិថី​ព្រះ​នរោត្តម ពេលទៅដល់​មហាវិថី​ព្រះ​នរោត្តម​បត់​ឆ្វេង ដល់​វិថី​លី​យ៉​ត​ឡាយ​(​ផ្លូវ​លេខ​១៧២) បត់​ស្ដាំ​ស្រប​ខាងជើង​របង​វត្ត​សារា​វ័ន​តេ​ជោ ដល់​វិថី​ព្រះអង្គ​យុគន្ធរ (​ផ្លូវ​លេខ​១៩) បត់​ស្ដាំ​ដល់​ខ្លោងទ្វារវត្ត​សារា​វ័ន​តេ​ជោ ចាប់ពី​វេលា​ម៉ោង​៦​ព្រឹក រហូតដល់​ចប់​កម្មវិធី​។​
 
​រដ្ឋបាល​រាជា​ធានី​ភ្នំពេញ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​តាមផ្លូវ​ខាងលើ មានការ​យោគយល់​។ រដ្ឋបាល​រាជធានី​ភ្នំពេញ បន្តថា នៅ​ថ្ងៃ​ប្រារព្ធ​ពិធី​ដង្ហែ​នេះ កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​ពាក់ព័ន្ធ នឹង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់បំផុត​។ ក្រោយ​ចប់​ពិធី​នេះ ផ្លូវ នឹងត្រូវ​បើក​ឲ្យ​ឆ្លងកាត់​ដូច​ធម្មតា​វិញ​។​
 
​សម្តេច សុខ អាន ដែលជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បានទទួល​មរណភាព នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧​។ សម្តេច ទទួលបាន​គោរមងារ​ជា «​សម្តេច​វិបុល​បញ្ញា សុខ អាន​» ពី​ព្រះមហាក្សត្រ នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧៕ 

Tag:
 សុខ អាន​
  ដង្ហែ​អដ្ឋិធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com