COVID-19
ជាតិ
ក្រសួងការបរទេស​ផ្អាក​ផ្តល់​ទិ​ដ្ឋ​ការ​ដល់​ជនបរទេស​ពី​បារាំង អ៊ីតាលី អេ​ស្ប៉ា​ញ អាល្លឺម៉ង់ និង​អាមេរិក​
14, Mar 2020 , 12:42 pm        
រូបភាព
លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស។ រូបថត​ Pressocm
លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស។ រូបថត​ Pressocm
ដោយ: រួបរួម
ក្រោយ​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​ស្តីពី​ការសម្រេច​ផ្អាក​ជនបរទេស ពី​អ៊ីតាលី អាល្លឺម៉ង់ អេ​ស្ប៉ា​ញ បារាំង និង​អាមេរិក ចូល​កម្ពុជា​រយៈពេល​៣០​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៧ ខែមីនា ដើម្បី​ទប់ស្កាត់​ការនាំ​ចម្លង COVID-19 ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សរសេរ​លិខិត​ទៅកាន់​ឯកអគ្គរាជទូត អគ្គ​កុងស៊ុល និង​កុងស៊ុល​កិត្តិយស ប្រចាំ​នៅ​បរទេស​ឲ្យ​ផ្អាក​ផ្តល់​ទិ​ដ្ឋ​ការ​ដល់​ជនបរទេស​មកពី​ប្រទេស​ទាំង​៥​ខាងលើ​ផងដែរ​។​



«​ការចម្លង​នៃ​វីរុស​កូ​វីដ​១៩ នៅ​បារាំង អ៊ីតាលី អេ​ស្ប៉ា​ញ អាល្លឺម៉ង់ និង​សហរដ្ឋអាមេរិក មានការ​រាតត្បាត​លឿន​ដ៏​គួរ​ឲ្យ​កត់សម្គាល់ រាជរដ្ឋាភិបាល​បានសម្រេច​ដាក់​បម្រាម​ផ្អាក​មិន​ឲ្យ​ជនបរទេស​មកពី​ប្រទេស​ទាំង​៥​ខាងលើ ចូល​កម្ពុជា​រយៈពេល​៣០​ថ្ងៃ ចាប់​ពីថ្ងៃ​អង្គារ ទី​១៧ ខែមីនា​»​។ នេះ​បើ​យោងតាម​លិខិត​របស់លោក អ៊ុច បូរ​រិ​ទ្ធ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការបរទេស​។​



ចំពោះ​ទិដ្ឋាការ​ដែល​បានផ្តល់​រួចហើយ ស្ថាន​តំណាង​ទាំងអស់​ត្រូវ​បង្វែរ​សង​ថ្លៃ​ទិដ្ឋាការ​ជូន​សា​ម៉ី​ជន​វិញ​។

​ជាមួយគ្នានេះដែរ លោក អ៊ុច បូរ​រិ​ទ្ធ បានស្នើ​ទៅ​ឯកអគ្គរាជទូត អគ្គ​កុងស៊ុល និង​កុងស៊ុល​កិត្តិយស​របស់​កម្ពុជា ប្រចាំ​បរទេស បន្តដំណើរ​ការ​របស់​ខ្លួន ដោយ​សម្រេច​ធ្វើការ​តាម​អន​ឡាញ ឬ​ការិយាល័យ ក្នុងករណី​ចាំបាច់ និង​ទៅតាម​សភាពការណ៍​ជាក់ស្តែង​នៃ​ការ​រាតត្បាត COVID-19 នៅតាម​ប្រទេស​នីមួយៗ​៕




© រក្សាសិទ្ធិដោយ thmeythmey.com