ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រដ្ឋមន្ត្រី​វប្បធម៌​៖«​កុំ​យល់​ខុសពី​រឿង​សិទ្ធិមនុស្ស និង​ប្រពៃណី​ទំនៀមទម្លាប់​»
14, Mar 2020 , 6:59 pm        
រូបភាព
​ភ្នំពេញ​៖ “​កុំ​យល់​ខុសពី​រឿង​សិទ្ធិមនុស្ស និង​ប្រពៃណី​ទំនៀមទម្លាប់​”​។ នេះ​ជា​ប្រយោគ​ដែល​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​លោកស្រី ភឿង ស​កុ​ណា បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ ស្ដីអំពី​ប្រធានបទ​នារី​ស្លៀក​ស៊ិ​ច​ស៊ី​ជ្រុល​ហួសហេតុ​ពេក រហូត​សឹង​បញ្ចេញ​កេរ​ខ្មាស ក្នុងពេល​ផ្សាយ​ផ្ទាល់​លក់​ផលិតផល​។ ចំណែក លោក ប៉ា ចាន់​រឿន អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​ទស្សនវិជ្ជា និង​ការអភិវឌ្ឍ​សង្គម ថា​ការប្រៀបធៀប​ការ​ស្លៀកពាក់​កាលពី​សម័យអង្គរ មក​សម័យ​បច្ចុប្បន្ន គឺជា​ការដើរបញ្ច្រាស​ពី​ការអប់រំ​។​



​ដើម្បី​យល់​កាន់តែច្បាស់ អំពី​ការបកស្រាយ​លើ​ការ​ស្លៀក​ខ្លី ជ្រុល​ហួសហេតុ​ពេក​រហូត​ស្ទើរតែ​លេច​កេរ​ខ្មាស សូម​ប្រិយមិត្ត​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន​៖



​ការ​ស្លៀក​ស៊ិ​ច​ស៊ី​ជ្រុល​ហួសហេតុ​ពេក រហូត​ស្ទើរតែ​បញ្ចេញ​កេរ​ខ្មាស ដែល​នារី​លក់​ផលិតផល​តាម​អន​ឡាញ​មួយចំនួន បាន​ប្រព្រឹត្ត​កន្លងមក បាន​ក្លាយជា​ប្រធានបទ​ក្ដៅ​នៅ​កម្ពុជា​។
មតិ​ខ្លះ​លើកឡើងថា នេះ​ជា​សិទ្ធិសេរីភាព​របស់​បុគ្គ​ល និង​ជា​សិទ្ធិ​របស់​ស្ត្រី​។ ចំណែក​មតិ​ខ្លះ​ទៀតថា​ការធ្វើ​បែបនេះ បាន​ប៉ះពាល់​ដល់​តម្លៃ​ស្ត្រី និង​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​។ ប៉ុន្តែ​មតិ​មួយចំនួន បាន​ប្រៀបធៀប​ការ​ស្លៀកពាក់​នៅ​សម័យ​បច្ចុប្បន្ននេះ ទៅ​សម័យអង្គរ ដែល​ឯកសារ​ជាច្រើន​បានបង្ហាញ​ថា នារី​កាលសម័យ​នោះ​លែងខ្លួន​ទទេ នៅ​ល្វែង​ខាងលើ​។​
​មតិយោបល់ ក៏ដូចជា​ការយល់ឃើញ​ផ្សេងគ្នា​នេះ ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា បញ្ជាក់​ដូច្នេះ​៖«​កាលណា​និយាយ​ពី​សង្គម​មួយ គេ​និយាយ​អំពី​ប្រពៃណី ទំនៀមទម្លាប់ នៅក្នុង​សង្គម​ហ្នឹង ដើម្បី​ថែរក្សា​សុខដុមភាព សុខមាលភាព​ប្រជាជន ក្នុង​ប្រជាជាតិ​មួយ​។ ការថែរក្សា​វប្បធម៌​ប្រពៃណី គឺជា​រឿង​ចាំបាច់​។ កុំ​យល់​ខុស រវាង​សិទ្ធិមនុស្ស និង​ប្រពៃណី​ទំនៀមទម្លាប់​។ សិទ្ធិ​យើង​មួយ យើង​អាច​ធ្វើបាន ប្រសិនបើ​មិន​ប៉ះពាល់​ជាមួយ​សិទ្ធិ​អ្នកដទៃ​។ សិទ្ធិ​មួយ​អាចធ្វើ​បាន ប្រសិនបើ​សិទ្ធិ​នោះ មិនបាន​បំផ្លាញ​ទំនៀមទម្លាប់ និង​ភាពថ្លៃថ្នូរ​របស់​ប្រជាជាតិ​នោះ​»​។


លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
​លោកស្រី​ពន្យល់​បន្ថែមថា​៖«​យើង​មិនមែន​ឃើញ​អ៊ី​រ៉ុ​ប ដែលមាន​ទំនៀមទម្លាប់​ទូលាយ​ជាង​។ ខើច​លើ​ខើច​ក្រោម​ក៏បាន ហើយ​យើង​យកមក​ធ្វើ​បែប​ហ្នឹង អា​ណឹ​ង​ខុស​ហើយ វា​មិនមែន​សិទ្ធិ​ទេ នេះ​ចូលដល់​កាយវិកា​មួយ ធ្វើឱ្យ​ខូចខាត និង​ប៉ះពាល់​ដល់​គេ​ដទៃទៀត​។ ដូច្នេះ​សិទ្ធិ​ណាក៏ដោយ សិទ្ធិ​មាន​ក៏ប៉ុន្តែ​កុំឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ កុំឱ្យ​បំផ្លា្ញ​នូវ​សុខដុម​កម្ម នៅក្នុង​ជាតិ​សាសន៍​របស់ខ្លួន​»​។​

​ដូចគ្នា​ដែរ​លោក​បណ្ឌិត ប៉ា ចាន់​រឿន អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​ទស្សនវិជ្ជា និង​ការអភិវឌ្ឍ​សង្គម លើកឡើងថា​ស្ត្រី​គ្រប់រូប​ក៏​ដួច​ជា​បុរស​ដែរ គឺមាន​សិទ្ធិ​ក្នុងការ​ជ្រើសរើស​ការ​ស្លៀកពាក់ ដែល​នេះ គឺជា​សិទ្ធិ​មូលដ្ឋាន​។  ប៉ុន្តែ​ពួកគេ​ក៏​ត្រូវតែ​គិតពី​ក្រមសីលធម៌ និង​សុជីវធម៌ ក្នុងការ​ស្លៀកពាក់​នៅក្នុង​សង្គម​ដែរ​។ ដោយ​លោក​បញ្ជាក់​ពី​ការឱ្យ​តម្លៃ​លើ​ការ​ស្លៀកពាក់ នៅក្នុង​សង្គម​ខ្មែរ​យ៉ាង​ដូច្នេះ​៖«​នៅក្នុង​សង្គម​ខ្មែរ​យើង គឺ​មិនឱ្យ​តម្លៃ​នូវ​ការ​ស្លៀក​ស៊ិ​ច​ស៊ី​ហួស​ប្រ         មាណ​ទេ​។ ការពិត​ណាស់​ការ​ស្លៀកពាក់​ស៊ិ​ច​ស៊ី គឺជា​សិល្បៈ​មួយ​ក្នុងការ​តុបតែង​ខ្លួន ប៉ុន្តែ​នៅពេលដែល​ស៊ិ​ច​ស៊ី​ហួសប្រមាណ ស៊ិ​ច​ស៊ី​ជ្រុល លេច​លើ លេច​ក្រោម​ហួសហេតុ រហូតដល់​ទៅ​ស្ទើរតែ​លេច​កេរ​ខ្មាស អាហ្នឹង​នៅក្នុង​សង្គម​ណា ខ្ញុំ​គិតថា​មិនអាច​ទទួលយក​បានទេ​»​។

លោក ប៉ា ចាន់រឿន អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម

​លោក​បន្ថែមថា ការ​ស្លៀកពាក់​គឺជា​សិល្បៈ​នៃ​ការទាក់ទាញ​មួយ ក៏ប៉ុន្តែ​មិនគួរ​ស្លៀកពាក់​ឱ្យ​ជ្រុល​ហួសហេតុ​ពេក រហូត​សឹង​បញ្ចេញ​នូវ​រូបភាព​អាសអាភាស​នោះទេ​៖«​ស្ត្រី​ដែល​រកស៊ី​ឡាយ​លក់​ផលិតផល​តាម​ហ្វេ​ស​ប៊ុ​ក​ហ្នឹង រឿង​តុបតែង​គឺជា​សិល្បៈ​មួយ នៃ​ការទាក់ទាញ​ហើយ ប៉ុន្តែ​មិនត្រូវ​ស្លៀកពាក់​ស៊ិ​ច​ស៊ី ឱ្យ​វា​ហួសប្រមាណ​ឡើយ​។ ការ​ស្លៀកពាក់​នេះ សឹងតែ​បញ្ចេញ​រូបភាព​អាសអាភាស វា​មិន​ត្រឹមតែ​ប៉ះពាល់​នូវ​សេចក្ដីថ្លៃថ្នូរ នៃ​ការ​ស្លៀកពាក់ ក្នុង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ និង​សុជីវធម៌​ខ្មែរ​ទេ វា​អាច​ប៉ះពាល់​ទៅដល់​ការរំលោភបំពាន ច្បាប់​នៃ​ការបង្ហាញ​កេរ​ខ្មាស​ទៀត​»​។​

​ឆ្លើយតប​ទៅនឹង​ការប្រៀបធៀប​ការ​ស្លៀកពាក់​នៅ​សម័យ​បច្ចុប្បន្ន ទៅនឹង​ការ​ស្លៀកពាក់​កាលពី​សម័យអង្គរ លោក ប៉ា ចាន់​រឿន បកស្រាយ​ក្នុងនាម​ជា​អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​ទស្សនវិជ្ជា និង​ការអភិវឌ្ឍ​សង្គម​បែបនេះ​៖«​ការប្រៀបធៀប​ថា​ស្ត្រី​ខ្មែរ​នៅ​សម័យអង្គរ កាលពី​១០​សតវត្សរ៍​មុន អត់​ពាក់អាវ​លែងខ្លួន​ទទេ ហើយ​មក​ប្រៀបធៀប​នៅ​សម័យនេះ ខ្ញុំ​គិតថា​វា​ជាការ​ប្រៀបធៀប​មិន​ត្រឹមត្រូវ​ទេ​។ នៅក្នុង​សម័យកាល​មួយៗ គុណ​តម្លៃ​នៃ​វប្បធម៌​អរិយធម៌ មានតម្លៃ​ផ្សេងៗ​គ្នា​។ ប៉ុន្តែ​ចំណុច​មួយ​ដែល​ខ្មែរ​គួរ​ចាំ នៅ​សម័យអង្គរ គឺ​គេ​ស្លៀកពាក់​ជិត​នៅ​ល្វែង​ខាងក្រោម ហើយ​នៅ​ខាងលើ​គឺ​លែងខ្លួន​ទទេ​»​។​

​លោក ពន្យល់​បន្ថែម​៖«​ការ​ប្រៀប​ថា​នៅ​សម័យអង្គរ ស្ត្រី​គេ​មិន​ពាក់អាវ​ទេ ហើយ​នៅ​សម័យនេះ​គេ​លែងខ្លួន​ទទេ មិន​ពាក់អាវ​ម្ដេច​មិនបាន​? អ្នក​សួរ​នោះ គួរតែ​ពិនិត្យមើល​គុណ​តម្លៃ ទៅតាម​សម័យកាល​នីមួយៗ​។ បើ​ថា​ចង់​ធ្វើ​បែប​នោះ​ក៏​ធ្វើទៅ អ៊ីចឹង​នាំគ្នា​ដើរ​អត់​ពាក់អាវ​ទៅ​។ ជាពិសេស បើ​យើង​អះអាង​បែបនេះ គឺ​យើង​ដើរ​បញ្ច្រាស​ការអប់រំ​ហើយ​»​។​
​យ៉ាងណាក៏ដោយ លោក ប៉ា ចាន់​រឿន ថាបើ​គេ​មិន​ខ្វល់​ពី​ក្រមសីលធម៌ ក្នុងការ​ស្លៀកពាក់​នៅក្នុង​សង្គម​ទេ នោះគេ​ក៏​មិនចាំបាច់​អប់រំ​កុមារ ពី​ការ​ស្លៀកពាក់​ឱ្យបាន​សមរម្យ​ទៀត​ដែរ​៖«​ក្នុង​សាលា យើង​អប់រំ​ក្មេងៗ យុវ​សិស្ស និង​និស្សិត ឱ្យ​ស្លៀកពាក់​ឱ្យបាន​សមរម្យ តាំងពី​ម​ត្តេ​យ្យមក​។ ហើយ​បើ​យើង​នាំគ្នា​មក​អះអាងថា នេះ​គឺជា​សិទ្ធិ​របស់​យើង យើង​ស្លៀក​ក៏បាន​មិន​ស្លៀក​ក៏បាន តើ​យើង​ខំ​ទៅ​អប់រំ​កូន​របស់​យើង​តាំងពី​ម​ត្តេ​យ្យ រហូត​ទៅដល់​សកលវិទ្យា​ល័យ ឱ្យខិត​ខំប្រឹងប្រែង រៀប​ចំការ​ស្លៀកពាក់​ឱ្យ​សមសួន បាន​ប្រយោជន៍​អី​? នោះ​ហើយ ជា​សំណួរ​ដែល​ខ្ញុំ​សួរ​ត្រឡប់​ទៅវិញ​»​។​

​ជា​យុវតី​វ័យ​១៧​ឆ្នាំ ដែល​រៀន​ផ្នែក​ការសិក្សា​ពី​ព័ត៌មាន កញ្ញា ផាត ដា​ណេ បានបង្ហាញ​ពី​ការយល់ឃើញ​របស់ខ្លួន​ដូច្នេះ​៖«​អ្នក​ដែល​ស្លៀក​ស៊ិ​ច​ស៊ី​ជ្រុល​ហួសហេតុ​ពេក​ហ្នឹង វា​ប៉ះ​ពាល់ខ្ញុំ​ដែលជា​ស្ត្រី​ដែរ ព្រោះ​មនុស្ស​ស្រី​មាន​អវយវៈ​ដូចគ្នា ដល់​អ៊ីចឹង​គាត់​ធ្វើបែបនេះ​វា​ដូចជា​បង្អាប់​កិត្តិយស​មនុស្ស​ស្រី​។ នេះ​ជា​សិទ្ធិ​របស់គាត់​ប៉ុន្តែ​វា​អាច​ជះឥទ្ធិពល​ដល់​អ្នកផ្សេង គាត់​ស៊ិ​ច​ស៊ី​ហួសហេតុ​អ៊ីចឹងទៅ វា​ផ្ដល់​គំរូ​ដល់​ក្មេងជំនាន់ក្រោយ ដែល​ក្មេង​អាច​នឹងធ្វើ​បែបនេះ​តាម​។ សម្រាប់​ខ្ញុំ​បើ​គាត់​ចង់បង្ហាញ​បែបនេះ គួរតែ​ស្ថិតក្នុង​កម្រិត​ណាមួយ​»​។


 កញ្ញា ផាត ដាណេ  និស្សិតផ្នែកការសិក្សាពីព័ត៌មាន

​ក្នុងនាម​ជា​អ្នកសិក្សា​ស្រាវជ្រាវ​លោក ប៉ា ចាន់​រឿន ណែ​នាំឱ្យ​ប្រជាជន​ខ្មែរ​គួរ​ព្យាយាម​អាន​សៀវភៅ​ស្ដីពី​វប្បធម៌​អរិយធម៌​ខ្មែរ ឱ្យបាន​ច្រើន​៖«​មាន​សៀវភៅ​ច្រើនណាស់ ដែល​និយាយ​ពី​វប្បធម៌​អរិយធម៌​ខ្មែរ មាន​ទាំង​ការបោះពុម្ព​ដោយ​អ្នកប្រាជ្ញ​ខ្មែរ​យើង ដែលជា​សាស្ត្រាចារ្យ និង​មាន​ទាំង​ការបោះពុម្ព​ដោយ​ក្រុម​ជំនំ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ និង​នៅ​ពុទ្ធសាសនបណ្ឌិត្យ គឺមាន​ច្រើន​។ ឧទាហរណ៍ ការបោះពុម្ព​ដោយ​លោក​អ៊ុំ មា​ជ ប៉ុន ជាដើម​។ បញ្ហា​ប្រហែលជា​ប្រជាជន​យើង​ភាគច្រើន មិនបាន​អាន​អំពី​វប្បធម៌​អរិយធម៌​ខ្មែរ និង​សុជីវធម៌​ខ្មែរ​។ ហើយ​ខ្ញុំ​ក៏​សូម​សំណួ​ម​ពរ​ឱ្យ​ក្រសួង​អប់រំ មេត្តា​បញ្ចូល​ការអប់រំ​ពី​អរិយធម៌​ខ្មែរ ទៅក្នុង​គ្រប់​កម្រិតសិក្សា​ដែរ​»​។​

​លោក​ក៏មាន​យោបល់​ខ្លះៗ អំពី​ដំណោះស្រាយ​មួយចំនួន ចំពោះ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​កំហុស​ខាងលើ​ដែរ​៖«​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​គឺ​សមត្ថកិច្ច មាន​ក្រសួង​វប្បធម៌ គួរតែ​អញ្ជើញ​ពួកគាត់​ទៅ​អប់រំ​ណែនាំ​។ អ្នកខ្លះ​គាត់​មិនដឹងថា​ការ​ស្លៀកពាក់​បែប​ហ្នឹង វា​ខុសសីលធម៌​សង្គម​ទេ តែ​អ្នក​ខ្លះទៀត​គាត់​ធ្វើ​ដោយ​បំពាន​។ អ៊ីចឹង​បើ​គាត់​មិនដឹង​យើង​អប់រំ​ទូន្មាន​គាត់ ម្ដង​ឬ​ពីរដង​ទៅ ហើយ​បើ​គាត់​មិន​ស្ដាប់​ចាំ​យើង​ចាត់វិធានការ​ក្ដៅ ដែល​នេះ​ជា​ដំណោះស្រាយ ដើម្បី​កុំឱ្យ​ពួកគាត់​ធ្វើជា​គំរូ​អាក្រក់​ដល់​មនុស្ស​ដទៃទៀត​ក្នុងសង្គម​»៕




Tag:
 វប្បធម៌​
  ស្លៀក​ខ្លី​
 ​អប់រំ​
  សីលធម៌​
  ទំនៀមទម្លាប់​
  សិទ្ធិមនុស្ស​
  ប្រពៃណី​
 
© រក្សាសិទ្ធិដោយ thmeythmey.com