COVID-19
អន្តរជាតិ
រៀបការ​៦០​ឆ្នាំ ប្តី​ប្រពន្ធ​អ៊ីតាលី​ស្លាប់​ដោយសារ COVID-19 ខុសគ្នា​២​ម៉ោង និង​ឆ្ងាយ​ពី​កូនៗ​
14, Mar 2020 , 8:29 pm        
រូបភាព
ដោយ: ធីតា
​លោក Luigi Carrara អាយុ​៨៦​ឆ្នាំ និង​ភរិយា Severa Belotti អាយុ​៨២​ឆ្នាំ មាន​ចំណងអាពាហ៍ពិពាហ៍​៦០​ឆ្នាំ ហើយ​បានរស់នៅ​ជាមួយគ្នា​រៀងរហូត​មក​នៅ​ក្រុង Albino ខេត្ត Bergamo រដ្ឋ Lombardy ប្រទេស​អ៊ីតាលី​។ ពួកគាត់​បានទទួល​មរណភាព​ដោយសារ COVID-19 ដែលមាន​រយៈពេល​ខុសគ្នា​តែ​ពីរ​ម៉ោង​ប៉ុណ្ណោះ​។​



​ខណៈដែល​រដ្ឋាភិបាល​អ៊ីតាលី បានប្រកាស​បិទ​ប្រទេស​ទាំងមូល ក្រោយ​ការ​រាលដាល COVID-19 ដែលមាន​សម្លាប់​មនុស្ស​ជាង​៨០០​នាក់ ក្នុងចំណោម​អ្នកជំងឺ​ជាង​១២០០០​នាក់ លោកតា Luigi និង​ភរិយា Severa បានរស់នៅ​ក្នុងផ្ទះ​រយៈ​ពេល​៨​ថ្ងៃ ជាមួយ​កំដៅ​ក្នុង​ខ្លួន​ដល់​ទៅ​៣៩​អង្សារ​សេ​។​

​ក្រោយមក​ពួកគាត់​ត្រូវបាន​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត Bergamo​។ លោក Luca ដែលជា​កូនប្រុស​បាន​រៀបរាប់​ទាំង​សោកសៅ​នៅលើ​បណ្តាញ​សង្គម​ទាក់ទង​នឹង​ស្ថានភាព​ឪពុកម្តាយ​របស់ខ្លួន​។ លោក​បាន​បញ្ជាក់បន្ថែម​ប្រាប់​កាសែត Corriere della Sera ថា​៖ «​គ្មាន​ពេទ្យ​ណា​ដែល​ទំនេរ ក្រុម​សង្គ្រោះ​ក៏​មិនមាន​វត្តមាន​។ ខ្ញុំ​មិន​ខឹង​នឹង​ពួកគេ​ឡើយ ប៉ុន្តែ​ខ្ញុំ​មានតែ​អរគុណ​ពួកគេ​ដែល​ព្យាយាម​សង្គ្រោះ​ឪពុកម្តាយ​របស់ខ្ញុំ​»​។​

​ឪពុក​របស់លោក Luca ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃទី​៧ ខែមីនា ហើយ​ម្តាយ ត្រូវបាន​សង្គ្រោះ​នា​រយៈពេល​២៤​ម៉ោង​បន្ទាប់​។ លោក​រៀបរាប់ថា កាលៈទេសៈ​ជ្រួលច្របល់ ឪពុកម្តាយ​របស់លោក​មិន​ទទួលបាន​ការព្យាបាល​ជាពិសេស​នោះឡើយ​។​

​ទីបំផុត លោក Luca Carrara និង​ប្អូនស្រី Monica បានត្រឹមតែ​យំសោក​ស្តាយ​ដែល​មិនបាន​មើលឃើញ​ឪពុកម្តាយ​របស់ខ្លួន​លា​ជា​លើកចុងក្រោយ​។ ពួកគាត់​បានទទួល​មរណភាព​ជា​បន្តបន្ទាប់​ក្នុង​ថ្ងៃ​តែមួយ​ដោយមាន​រយៈពេល​ខុសគ្នា​ប្រមាណ​២​ម៉ោង​។​

​សម្រាប់​លោក Luca វា​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ​ខ្លាំងណាស់ ដែល​លោក​មិនអាច​ជួប​អ្នកមានគុណ​ជាទី​ស្រឡាញ់ នៅ​ដង្ហើមចុងក្រោយ ខណៈដែល​លោក និង​ក្រុមគ្រួសារ កំពុង​រស់នៅ​ដាច់ដោយឡែក (​ច​ត្តា​ឡី​ស័ក​) ដើម្បី​តាមដាន​ស្ថានភាព​សុខភាព​។​

​អ៊ីតាលី ជា​ប្រទេស​ទី​ពីរ បន្ទាប់ពី​ចិន ដែលមាន​ករណី​ឆ្លង​ខ្ពស់ ពោលគឺ​ដល់​ទៅ​ជាង​១៧០០០​ករណី និង​ស្លាប់​ជិត​១៣០០​នាក់ ហើយ​ជាង​១៤០០​នាក់ បាន​សះស្បើយ​៕



Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com