COVID-19
អន្តរជាតិ
COVID-19៖ ថៃ ឡាវ និង​មី​យ៉ាន់​ម៉ា លុប​ការ​ប្រារព្ធ​ចូលឆ្នាំ ដើម្បី​ទប់ស្កាត់​ការឆ្លង​ជា​សហគមន៍​
15, Mar 2020 , 8:59 pm        
រូបភាព
ពិធីបុណ្យចូលឆ្នាំនៅឡាវ
ពិធីបុណ្យចូលឆ្នាំនៅឡាវ
​ស្រដៀង​គ្នា​ទៅនឹង​កម្ពុជា​ដែរ ឡាវ ថៃ ភូមា តែងតែ​ប្រារព្ធ​ពិធី​ចូលឆ្នាំថ្មី​របស់ខ្លួន​រៀងរាល់ឆ្នាំ ក្នុង​ខែមេសា​។ ប៉ុន្តែ​ឆ្នាំនេះ ខុសពី​ឆ្នាំមុន ដោយសារ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស បាន​អុកឡុក​យ៉ាងខ្លាំង ដែល​ទាមទារ​ឲ្យ​ខេត្ត​មួយចំនួន​របស់​ថៃ ឡាវ និង​មី​យ៉ាន់​ម៉ា ត្រូវតែ​លុបចោល ដើម្បី​បង្ការ​ករណី​ឆ្លង COVID-19 ជា​សហគមន៍ (Community Transmission) ។



​ខេត្ត​មួយចំនួន​នៅ​ថៃ និង​ឡាវ បាន​លុបចោល​ពិធី​ចូលឆ្នាំ​របស់ខ្លួន​ជា​បន្តបន្ទាប់ ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ COVID-19 ខណៈ​មី​យ៉ាន់​ម៉ា លុប​ចោលការ​ប្រារព្ធ​ពិធី​ចូលឆ្នាំថ្មី​នៅ​ទូទាំងប្រទេស​តែម្តង​។ ប៉ុន្តែ​ថ្ងៃ​ឈប់ នៅតែ​រក្សា​ដដែល​។

​បើតាម​សេចក្តីប្រកាស​របស់​អាជ្ញា​ធរ​ថៃ នា​ថ្ងៃទី​១១ ខែមីនា ពិធីបុណ្យ​ចូលឆ្នាំ នៅលើ​កោះ Koh Phangan ទីក្រុង  Pattaya ទីក្រុង​ឈៀង​មៃ ទីក្រុង​Hat Yai ទីក្រុង Khon Kaen ខេត្ត Phetchabun និង​ខេត្ត Buri Ram នឹងត្រូវ​លុបចោល​។ ការលុបចោល​នេះ ក្នុង​គោលបំណង​ទប់ស្កាត់​ការរីក​សាយភាយ COVID-19 និង​ការឆ្លង​ជា​សហគមន៍​នៅក្នុង​ប្រទេស​។ ចំណែក​ទីក្រុង​បាងកក និង​ខេត្ត​ផ្សេងទៀត នឹងមាន​សេចក្តីជូនដំណឹង​ជា​ក្រោយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Bangkok Post​។

​ចំណែក​នៅ​ឡាវ ដែលមាន​ទាន់​រកឃើញ COVID-19 ឯណោះ​វិញ អាជ្ញាធរ ក៏បាន​លុបចោល​ពិធី​ចូលឆ្នាំថ្មី​នៅក្នុង​ខេត្ត Luang Prabang ដែរ ខណៈពេល​ខេត្ត​ផ្សេងៗ មិនទាន់មាន​សេចក្តីជូនដំណឹង​។ បើទោះបីជា​មិនទាន់មាន COVID-19 ១​ករណី​នៅក្នុង​ប្រទេស​ក៏ដោយ រដ្ឋាភិបាល​ឡាវ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ចេះ​ការពារ​ខ្លួន​ទុកជាមុន និង​សម្អាតខ្លួន​ឲ្យ​បាន​ស្អាត ដើម្បី​ការពារ​ជំងឺឆ្លង​ប្រភេទ​ថ្មី​នេះ​។ មិនតែប៉ុណ្ណោះ អាជ្ញាធរ​ឡាវ ក៏បាន​ហាមឃាត់​ការជួប​ជុំគ្នា ដើម្បី​អបអរ​ឆ្នាំ​ថ្មី​នេះដែរ​។

​ដូចគ្នា​នឹង​ឡាវ​ដែល​មិនទាន់​រកឃើញ COVID-19 មី​យ៉ាន់​ម៉ា ក៏​បានចេញ​វិធានការ​រឹតបន្តឹង​ដែរ ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ពី​COVID-19 ។ បន្ទាប់ពី​អង្គការ​សុខភាព​ពិភពលោក បានដាក់​COVID-19 ជា​ជំងឺឆ្លង​សកល​មក រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​ហាមឃាត់​ការជួបជុំ​គ្នាច្រើន​ចាប់ពី​ថ្ងៃទី​១៣ ខែមីនា រហូតដល់​ចប់​ខែមេសា​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ពិធី​ចូលឆ្នាំថ្មី Thingyan Water ដែល​នឹងត្រូវ​ប្រារព្ធ​ឡើង នាពេល​ខាងមុខនេះ ក៏ត្រូវ​លុបចោល​ដែរ ពោលគឺ​ទូទាំងប្រទេស​។ បើតាម​សារព័ត៌មាន The Irrawaddy ការលុបចោល​ការជួប​ប្រជុំ​នេះ គឺ​ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​នៅក្នុង​ប្រទេស ជាពិសេស​ការឆ្លង​បែប​សហគមន៍​។

​សូមបញ្ជាក់ថា COVID-19 កំពុងតែ​វាយ​លុយ​យ៉ាងខ្លាំង​នៅក្នុង​តំបន់​អឺរ៉ុប ជាពិសេស​អ៊ីតាលី ខណៈពេល​បណ្តា​សមាជិក​អាស៊ាន បាន​រកឃើញ​កូ​រ៉ូ​ណាវី​រុស​ជា​បន្តបន្ទាប់​៕


Tag:
 ឡាវ​
  ថៃ​
 ​មី​យ៉ាន់​ម៉ា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com