COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
បារម្ភ COVID-19! ក្រុមនៅអាមេរិកឡាទីន ស្នើ FIFA ពន្យារពេលជម្រុះ World Cup
× ដោយសារតែបារម្ភពីជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19) សហព័ន្ធកីឡាបាល់ទាត់អាមេរិកឡាទីន (CONMEBOL) ស្នើសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ពន្យារពេលការប្រកួតជម្រុះពានរង្វាន់ពិភពលោក FIFA World Cup ឆ្នាំ២០២២ ដែលគ្រោងធ្វើនៅខែនេះ។
ក្នុងលិខិតមួយដែលផ្ញើទៅកាន់ FIFA នៅថ្ងៃទី១២ ខែមីនា CONMEBOL បានស្នើសុំការបើកការប្រកួតវគ្គជម្រុះប្រចាំតំបន់ខ្លួនដែលគ្រោងធ្វើនៅថ្ងៃទី ២៦, ២៧ និង៣១ ខែមីនា ឲ្យពន្យារពេលវិញ។
គិតត្រឹមថ្ងៃទី ១២ ខែមីនានេះ COVID-19 បានសម្លាប់មនុស្សជាង ៤៦០០ នាក់នៅទូទាំងពិភពលោក ខណៈដែលអ្នកឆ្លងមានជាង ១២៧០០០ នាក់។ ក្នុងចំណោមអ្នកឆ្លង និងស្លាប់ទាំងនោះ ក្រៅពីចិនដែលជាចំនុចផ្តើមនៃមេរោគ ប្រទេសនៅតំបន់អឺរ៉ុបមានចំនួនអ្នកឆ្លងច្រើនលំដាប់ទី២។
ដោយសារមើលឃើញពីវិសាលភាពនៃការឆ្លងច្រើនបែបនេះ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អាមេរិកខាងត្បូង លើកឡើងពីផលវិបាករបស់កីឡាករដែលមិនអាចធ្វើដំណើរពីអឺរ៉ុបដែលជាទីប្រកបអាជីពរបស់ពួកគេ ជាហេតុផលសម្រាប់ការស្នើសុំរបស់ខ្លួនទៅកាន់ FIFA។ រហូតមកដល់ពេលនេះ មានកីឡាករបាល់ទាត់មួយចំនួនហើយ ត្រូវបានរកឃើញថាឆ្លង COVID-19 នេះ។
«បណ្តាប្រទេសជាសមាជិក CONMEBOL រួមមាន អាហ្សង់ទីន បូលីវី ប្រេស៊ីល ស៊ីលី កូឡុំប៊ី អេក្វាឌ័រ ប៉ារ៉ាហ្គាយ ប៉េរូ អ៊ុយរូហ្គាយ និងវេណេហ្ស៊ុយអេឡា បានស្នើសុំឲ្យ CONMEBOL ដាក់សំណើនេះទៅ FIFA ដើម្បីសុំពន្យារពេលប្រកួតជម្រុះ World Cup»។ នេះជាសំណេរក្នុងសេចក្តីថ្លែងការណ៍របស់ CONMEBOL។
បើតាមកាលវិភាគប្រកួត អាហ្សង់ទីនដែលមានកីឡាករឆ្នើម Lionel Messi ជាប្រធានក្រុម នឹងចាប់ផ្តើមយុទ្ធនាការប្រកួតជម្រុះទល់នឹងអេក្វាឌ័រនៅ Buenos Aires ខណៈប្រេស៊ីលគ្រោងទៅជួបបូលីវី រួមជាមួយជំនួបដទៃទៀត ប៉ារ៉ាហ្គាយទល់ប៉េរូ អ៊ុយរូហ្គាយ-ស៊ីលី កូឡុំប៊ី-វេណេហ្ស៊ុយអេឡា។ ប្រសិនបើ FIFA យល់ព្រមតាមសំណើនេះ នោះការប្រកួតខាងលើនឹងមិនកើតឡើងតាមការកំណត់ឡើយ៕
Tag:
COVID-19
CONMEBOL
World Cup
© រក្សាសិទ្ធិដោយ thmeythmey.com