COVID-19
អន្តរជាតិ
បារាំង អេស្ប៉ាញ អាល្លឺម៉ង់ បន្តរកឃើញ COVID-19 ជាង១ពាន់ករណីរៀងៗខ្លួន រូបភាព៖ AFP
×
នាថ្ងៃទី១៥ ខែមីនា បារាំង អេស្ប៉ាញ អាល្លឺម៉ង់ សុទ្ធតែរកឃើញករណីឆ្លងជំងឺរលាកសួតដែលបង្កដោយកូរ៉ូណាវីរុស(COVID-19) ជាង ១ពាន់ករណីរៀងៗខ្លួន។ តួលេខសរុប COVID-19 នៅអេស្ប៉ាញ បានកើនដល់ជិត ៨ពាន់ករណី បារាំងមាន លើសពី ៥ពាន់ករណី និងអាល្លឺម៉ង់លើសពី ៤ពាន់ករណី។ អ៊ីតាលី នៅតែជាប្រទេសរងគ្រោះខ្លាំងនៅតំបន់អឺរ៉ុបដដែល។
តាមសារព័ត៌មាន BNO Tracking Coronavirus អេស្ប៉ាញ បានរកឃើញករណីឆ្លង COVID-19 ថ្មី ចំនួន ១៤៥២ករណី ខណៈអ្នកស្លាប់មានចំនួន ៩៦ករណី។ តួលេខសរុបរបស់អេស្ប៉ាញ បានកើនដល់ ៧៨៤២ករណី អ្នកស្លាប់ ២៩២ករណី និងអ្នកជាសះស្បើយ ៥១៧ករណី។ ដោយសារតួលេខដ៏ច្រើនបែបនេះ ធ្វើឲ្យអេស្ប៉ាញឈរនៅលំដាប់ទី២ក្នុងតំបន់អឺរ៉ុប បន្ទាប់ពីអ៊ីតាលី។
ឈរនៅលំដាប់បន្ទាប់ពីអេស្ប៉ាញ បារាំងក៏រកឃើញករណីឆ្លង COVID-19 ច្រើនដែរនៅក្នុងប្រទេស។ គ្រាន់តែថ្ងៃទី១៥ ខែមីនា បារាំង បានរកឃើញអ្នកផ្ទុកCOVID-19 ចំនួន ៩២៤ករណី និងអ្នកស្លាប់ ៣៦ករណី។ តួលេខសរុប បារាំងបានកើនរហូតដល់ ៥៤២៣ករណី អ្នកស្លាប់ ១២៧ករណី និងអ្នកជាសះស្បើយ ១២ករណី។
ស្រដៀងគ្នាទៅនឹងអេស្ប៉ាញដែរ អាល្លឺម៉ង់ បានរកឃើញអ្នកផ្ទុកCOVID-19 រហូតដល់ទៅ ១៦៣០ករណីឯណោះ និងអ្នកស្លាប់ ៤នាក់ នាថ្ងៃទី១៥ ខែមីនា។ បន្ទាប់ពីអេស្ប៉ាញនិងបារាំង អាល្លឺម៉ង់ បានរកឃើញករណីCOVID-19 សរុប ៤៥៨៥ករណីឯណោះ។ ក្នុងចំនួនដ៏ច្រើននេះ មានអ្នកស្លាប់ ១២ករណី និងអ្នកជាសះស្បើយ ៤៦ករណី។
កន្លងមក ប្រមុខអង្គការសុខាភិបាលពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានប្រកាសថា អឺរ៉ុប គឺជាតំបន់ផ្ទុះ COVID-19 ថ្មី បន្ទាប់ពីចិន។ ការប្រកាសបែបនេះ ធ្វើឡើងបន្ទាប់ពីមើលឃើញថា ក្នុងមួយថ្ងៃៗ ប្រទេសនៅតំបន់អឺរ៉ុបមួយចំនួនដូចជាអ៊ីតាលីជាដើម បានរកឃើញ COVID-19 លើសពី១ពាន់ករណី៕
Tag:
បារាំង
អេស្ប៉ាញ
អាល្លឺម៉ង់
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com