ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​សុខាភិបាល ប្រាប់​វិធី​ដាក់ខ្លួន​ឯង​នៅ​ដោយឡែក ពី​សមាជិកគ្រួសារ
16, Mar 2020 , 9:19 pm        
រូបភាព
លោក ម៉ម ប៊ុនហេង ចុះពិនិត្យម៉ាស៊ីនស្កែនកម្តៅនៅព្រលានយន្តហោះសៀមរាប នាពេលកន្លងមក
លោក ម៉ម ប៊ុនហេង ចុះពិនិត្យម៉ាស៊ីនស្កែនកម្តៅនៅព្រលានយន្តហោះសៀមរាប នាពេលកន្លងមក
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានចេញ​សេចក្តីណែនាំ​ស្តីពី​នីតិវិធី​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​នៅក្នុង​ផ្ទះ ដល់​ប្រជាពលរដ្ឋ​រូប​ណា ដែល​សង្ស័យ​ខ្លួនឯង ពី​ការឆ្លង​កូ​វីដ​-១៩ ហើយ​តម្រូវ​ឲ្យ​ស្ថិតនៅក្នុង​បន្ទប់​ដាច់ដោយឡែក​ពី​សមាជិកគ្រួសារ​រយៈពេល​១៤​ថ្ងៃ​។

    

 
​ដំបូន្មាន​ដំបូង លោក ម៉ម ប៊ុនហេង ប្រាប់ថា បន្ទប់ ដែល​បុគ្គល​ណា​ម្នាក់ ត្រូវ​នៅ​ម្នាក់ឯង​និង​ដាច់ដោយឡែក​ពី​សមាជិកគ្រួសារ គឺ​ត្រូវមាន​ខ្យល់​ចេញចូល​ល្អ ហើយ​បើ​ផ្ទះ មាន​បន្ទប់​តែមួយ គឺ​ត្រូវ​រក្សា​ចម្ងាយ​ឲ្យ​បាន​ប្រមាណ​២​ម៉ែត្រ​ពី​សមាជិកគ្រួសារ​។   
 
​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ណែនាំ​ឲ្យ​កាត់បន្ថយ​ការប្រើ​កន្លែង​ទំនេរ និង កន្លែង​រស់នៅ​រួមគ្នា ដូចជា ផ្ទះបាយ  និង បន្ទប់ទឹក ជាដើម​។ លោក បន្តថា ត្រូវ​សម្អាត​បន្ទប់​ស្នាក់នៅ និង បន្ទប់ទឹក​ជាប្រចាំ ហើយ​ត្រូវ​បោកគក់​សម្លៀកបំពាក់ ស្រោមពូក ខ្នើយ រួមទាំង គ្រឿង​បរិក្ខារ​ប្រើប្រាស់​ផ្សេងៗ​។ 
 
​លើសពីនេះ រដ្ឋមន្ត្រី​សុខាភិបាល រម្លឹក​ឲ្យ​ឧស្សាហ៍​លាងដៃ ហើយ​ត្រូវ​ខ្ទប់​ច្រមុះ និង មាត់ ដោយ​ប្រើ​កែងដៃ ឬ​ក្រដាសអនាម័យ នៅពេល​ក្អក ឬ​កណ្តាស់ រួច​បោះចោល​ក្រដាសអនាម័យ​នោះ​ភ្លាម​ទៅក្នុង​ធុងសំរាម​។  
 
​លោក បន្ថែមថា ក្នុងអំឡុងពេល​១៤​ថ្ងៃ នៃ​ការដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​សមាជិកគ្រួសារ បុគ្គល​រូបនោះ ត្រូវ​តាមដាន​សុខភាព​ខ្លួនឯង និង​រោគសញ្ញា រួមមាន កម្តៅ ក្អក ឈឺបំពង់ក ហត់ ពិបាក​ដកដង្ហើម ឬ រោគសញ្ញា​ផ្សេងៗ​ទៀត​។ បើ​មាន​រោគសញ្ញា​ទាំងនេះ ឬ បញ្ហា​សុខភាព​ផ្សេងៗ ត្រូវ​រាយការណ៍​ជាបន្ទាន់​ទៅកាន់​លេខ​១១៥ ឬ​អ្នកពាក់ព័ន្ធ​ដទៃ ដូចជា អភិបាល​រាជធានី​-​ខេត្ត ប្រធាន​មន្ទីរ​សុខាភិបាល ប្រធានការិយាល័យ​សុខាភិបាល​ស្រុក ឬ ប្រធាន​មន្ទីរពេទ្យបង្អែក​។ 
 


 
​ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី បាន​បង្គាប់​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​សុខាភិបាល​មូលដ្ឋាន ឲ្យ​តាមដាន​មើល​ជានិច្ច ចំពោះ​បុគ្គល ដែល​ត្រូវដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​សមាជិកគ្រួសារ​រយៈពេល​១៤​ថ្ងៃ នៅក្នុង​ផ្ទះ ដើម្បី​ដឹង​ប្រាកដថា ពួកគេ អនុវត្តបាន​ត្រឹមត្រូវ​តាម​សេចក្តីណែនាំ​នេះ​។ 
 
​សូម​រម្លឹកថា កម្ពុជា បាន​រកម​នុស្ស​១២​នាក់​ហើយ ដែលមាន​កូ​វីដ​-១៩​។ ក្នុងចំណោម​មនុស្ស​ទាំង​១២​នាក់​នោះ មាន​អ្នកខ្លះ ត្រូវបាន​អ្នក​ទៃ ធ្លាប់​ប៉ះពាល់​ដោយផ្ទាល់​និង​ដោយ​ប្រយោល​។ 
​ជាទូទៅ អ្នក​ដែល​ធ្លាប់​ប៉ះពាល់​ដោយផ្ទាល់ ត្រូវបាន​បញ្ជូនទៅ​ធ្វើតេស្ត​រក​វីរុស​កូ​វីដ​-១៩ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ហើយ​ទោះបីជា​លទ្ធផល​បង្ហាញថា​អវិជ្ជមាន​ក្តី ក៏​ពួកគេ នៅតែ​ត្រូវ​បានដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ ក្នុង​មន្ទីរពេទ្យ​រយៈពេល​១៤​ថ្ងៃ​ដែរ ដើម្បី​បន្ត​តាមដាន​សុខភាព​។ 
 
​ចំណែក​អ្នក​ដែល​ធ្លាប់មាន​ទំនាក់ទំនង​ឬ​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ​អ្នកមាន​កូ​វី​ឌ​-១៩ ត្រូវបាន​អនុញ្ញាត​ឲ្យ​ទៅផ្ទះ​វិញ ក្រោយ​ឆ្លងកាត់​ការធ្វើ​តេស្ត​ចេញ​លទ្ធផល​ថា មិនបាន​ឆ្លង​។ តែ​ពួកគេ ត្រូវ​ណែនាំ​ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​មិនត្រូវ​ធ្វើដំណើរ​ទៅណា​មក​ណា​ផ្តេសផ្តាស​ឡើយ បើ​មិនចាំបាច់​។ លើសពីនេះ ពួកគេ ក៏ត្រូវ​ដាក់ខ្លួន​ឯង​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​សមាជិកគ្រួសារ​រយៈពេល​១៤​ថ្ងៃ​ផងដែរ​៕ 

Tag:
 ម៉ម ប៊ុនហេង​
  ច​ត្តា​ឡី​ស័ក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com