ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន​! ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​នឹង​ចុះខ្សោយ​ដោយសារ​ទម្លាប់​ទាំងនេះ​
17, Mar 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​រឹងមាំ គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ​ចៀស​ផុតពី​ជំងឺ​ផ្សេងៗ​។ ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិនដឹង​ទេ​ថា​ទម្លាប់​មួយចំនួន​អាច​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​!


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​ទាំងនោះ ៖
 
១. ជក់បារី​
 
​មិនចាំបាច់​តែ​ជក់​ផ្ទាល់​តែម្ដង​នោះទេ​ត្រឹម​ការ​ហិត​ផ្សែង​បារី​ពី​អ្នកផ្សេង​ក៏​អាច​បណ្ដាលឱ្យ​អ្នក​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជាច្រើន​ផងដែរ​រួមបញ្ចូល​ទាំង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ចុះខ្សោយ​។ នីកូទីន​ជា​សារធាតុ​គីមី​គ្រោះថ្នាក់​បំផុត​មួយ​ចំពោះ​សុខភាព​ក្នុងចំណោម​សារធាតុ​គីមី​ច្រើនជាង ៤ ពាន់​ប្រភេទ​ដែល​អ្នក​ជក់បារី​បាន​ស្រូប​ចូល​។ ការ​ស្រូបយក​នូវ​សារធាតុ​នេះ​បង្ក​ឲ្យ​កើតមាន​ជំងឺ​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​ប្រភេទ រួមបញ្ចូល​ទាំង ជំងឺ​រលាក​ទងសួត​រ៉ាំរ៉ៃ ជំងឺហឺត និង​ជំងឺមហារីក​សួត​។​
 
២. ទទួលទាន​គ្រឿង​ស្រវឹង​ច្រើនពេក​
​ការទទួល​ទាន​គ្រឿង​ស្រវឹង​លើសពី ១ កែវ​សម្រាប់​នារី​និង ២ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​បុរស​អាច​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ​។​
 
៣. គេង​មិន​គ្រប់គ្រាន់​
 
​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ងាយ​នឹង​ចុះខ្សោយ​ណាស់​ប្រសិនបើ​អ្នក​គេង​មិនបាន​គ្រប់គ្រាន់ ឬ​តិចជាង ៨ ម៉ោង​ក្នុង​មួយ​យប់​។ ប្រសិនបើ​អ្នក​គេង​មិនបាន​គ្រប់គ្រាន់​ជាប្រចាំ​នោះ​អ្នក​ប្រាកដជា​សម្គាល់​ឃើញថា​ខ្លួនឯង​ងាយ​នឹង​កើត​ជំងឺ​ផ្ដាសាយ​។ នេះ​ក៏​ព្រោះតែ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ចាប់ផ្ដើម​ចុះខ្សោយ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចៀសផុត​បញ្ហា​សុខភាព​គួរឱ្យ​ព្រួយបារម្ភ ចូរ​ព្យាយាម​គេង​ឱ្យបាន​ស្កប់​គ្រប់គ្រាន់​។​
 
៤. ស្ត្រេ​ស​ខ្លាំងពេក​រយៈពេល​យូរ​
 
​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​ពេក​ក៏​ជះ​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ដែល​ធ្វើឱ្យ​អ្នក​ងាយ​ឆ្លង​ជំងឺ​ផ្សេងៗ​ផងដែរ​។ នៅពេល​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំង​ខួរក្បាល​នឹង​ផលិត​អ័រម៉ូន​ស្ត្រេ​ស cortisol កាន់តែ​ច្រើនឡើង​ដែល​ជះឥទ្ធិពល​ដល់​មុខងារ​នៃ​កោសិកា T ចាំបាច់​សម្រាប់​ប្រយុទ្ធប្រឆាំង​រោគ​ឆ្លង​។​
 
៥. មិន​ធ្វើ​លំ​ហាត់ប្រាណ​
 
​ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​ជា​វិធី​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​រក្សា​សុខភាព​រាងកាយ​ល្អប្រសើរ ព្រមទាំង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។ ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​មិន​ត្រឹមតែ​ជួយ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់ ឬ​កាឡូរី​ដែល​លើស​ចេញពី​រាងកាយ​ឡើយ ប៉ុន្តែ​ក៏​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ទប់ស្កាត់​បញ្ហា​សុខភាព​ផ្សេងៗ​ផងដែរ​។​
 
៦. ទទួលទាន​ស្ករ​ច្រើនពេក​

​ជាតិ​ស្ករ​បន្ថយ​សមត្ថភាព​ប្រព័ន្ធ​ភាពស៊ាំ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​ហើយ​វា​ថែមទាំង​ជំនួស​វីតាមីន​សេ​ដែល​ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​រាងកាយ​ចេញ​ទៀត​។ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​បន្ទាប់ពី​ទទួលទាន​ស្ករ មុខងារ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ត្រូវ​ថយចុះ​ប្រមាណ ៤០ ភាគរយ​ឯណោះ​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​កាត់បន្ថយ​ការទទួល​ទាន​ជាតិ​ស្ករ ហើយ​បង្កើន​ការ​ទទួលទាន​វីតាមីន C ជំនួស​វិញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com