COVID-19
ជាតិ
សម្តេច ហ៊ុន សែន ជា​ប្រធាន​ដឹកនាំ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​កូ​វីដ​១៩ ដោយផ្ទាល់​
19, Mar 2020 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល បង្កើត​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ (Covid-19 ) ដោយមាន​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រធាន​។ គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ អាច​ហៅ​រដ្ឋ​ម​ន្រី្ត រដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​ពាក់ព័ន្ធ​ផ្សេងទៀត ចូលប្រជុំ​ឬ​ការណែនាំ​ឲ្យ​អនុវត្ត​វិធានការ​បន្ទាន់​នានា តាម​ការចាំបាច់​។


 
​សេចក្ដីសម្រេច​របស់រ​ដ្ឋា​ភិ​បាល ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច ហ៊ុន សែន នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ មាន​ភារកិច្ច​កំណត់​គោលនយោបាយ យុទ្ធសាស្ត្រ និង​ដឹកនាំ​អនុវត្ត​ផែនការ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។ រដ្ឋាភិបាល​បានសម្រេច​តែងតាំង រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈ​រដ្ឋ​ម​ន្រី្ត រដ្ឋ​ម​ន្រី្ត​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង រដ្ឋ​ម​ន្រី្ត​ក្រសួងសុខាភិបាល ជា​អនុប្រធាន​នៃ​គណៈកម្មការ​នេះ ដោយមាន​រដ្ឋមន្ត្រីក្រសួង​ច្រើន​ទៀត ជា​សមាជិក​។ 
 
​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ទទួលបន្ទុក​ជា​អនុប្រធាន​ប្រចាំការ ហើយ​រដ្ឋ​ន្ត្រី អគ្គមេបញ្ជាការ​កងទ័ព អគ្គស្នងការ​នគរបាល​ជាតិ មេបញ្ជាការ​កងទ័ពជើងគោក មេបញ្ជាការ​កងរាជអាវុធហត្ថ អភិបាល​រាជធានី​-​ខេត្ត ជា​សមាជិក ក្នុងនោះ​ក៏មាន​វត្តមាន លោក ស្វាយ ស៊ីថា លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច លោកស្រី យក់ សម្បត្តិ និង​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ផងដែរ​។​
 
​ទន្ទឹមនឹងនេះ គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ជំងឺ​កូ​វីដ​-១៩ មាន​តួនាទី​គ្រប់គ្រង​ផលប៉ះពាល់​លើ​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម​ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ​។ ជាមួយគ្នានេះដែរ គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​ដឹកនាំ និង​សម្របសម្រួល​ការអនុវត្ត​វិធានការ​ជា​អន្តរ​វិស័យ អន្តរ​ស្ថាប័ន រួមទាំង​រដ្ឋបាល​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​៕

Tag:
 Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com