Neville និង​ម្ចាស់​ក្លិប Chelsea ឲ្យ​អាជ្ញាធរ​ប្រើ​សណ្ឋាគារ​ខ្លួន​សម្រាប់​ការព្យាបាល COVID-19
COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Neville និង​ម្ចាស់​ក្លិប Chelsea ឲ្យ​អាជ្ញាធរ​ប្រើ​សណ្ឋាគារ​ខ្លួន​សម្រាប់​ការព្យាបាល COVID-19
19, Mar 2020 , 5:44 pm        
រូបភាព
Gary Neville អតីត​ខ្សែការពារ Manchester United អនុញ្ញាត​ឲ្យ​សណ្ឋាគារ​របស់ខ្លួន​ចំ​នួ​ពីរ​ដោយ​មិន​គិតថ្លៃ​ដល់​បុគ្គលិក​សុខាភិបាល​ដើម្បី​ដោះស្រាយ​វិបត្ដិ COVID-19​។ លោក Roman Abramovich ម្ចាស់​ក្លិប Chelsea ក៏​ប្រកាស​ដូចគ្នានេះដែរ ដោយ​ផ្តល់​សណ្ឋាគារ​របស់ខ្លួន ដើម្បី​ដាក់​អ្នក​ផ្ទុក​ជំងឺ​នេះ​។​


 
​សណ្ឋាគារ​ចំនួន​ពីរ​ក្នុង​ក្រុង Manchester របស់ Neville ដែលមាន​គ្រែ​សរុប​ចំនួន​១៧៦ នឹងត្រូវ​បិទទ្វារ​បណ្តោះអាសន្ន​ដើម្បី​ផ្តល់ជូន​ដល់​បុគ្គលិក​ពេទ្យ និង​សេវា​សុខភាព​ជាតិ (NHS) ក្នុងការ​ព្យាបាល​អ្នកជំងឺ​ដែល​ផ្ទុក COVID-19​។ 
 
​អតីត​ប្រធាន​ក្រុម​បិសាច​ក្រហម និង​ក្រុម​ជម្រើសជាតិ​អង់គ្លេស វ័យ​៤៥​ឆ្នាំ រូបនេះ​អះអាងថា​បើទោះជា​សណ្ឋាគារ​ត្រូវ​ផ្តល់​ឲ្យ​ខាង​គ្រូពេទ្យ​ក្តី ប៉ុន្តែ​បុគ្គលិក​បម្រើការ​របស់លោក​នៅតែ​ទទួលបាន​ប្រាក់ខែ​ដដែល​។​
 
«​នេះ​ជា​អ្វីដែល​យើង​រីករាយ​នឹងធ្វើ​វា​។ គ្រានេះ​ជា​ពេលដែល​ឧស្សាហកម្ម​របស់​យើង​ត្រូវ​បង្ហាញ​សាមគ្គីភាព មិន​ត្រឹមតែ​សម្រាប់​បុគ្គលិក​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រជាជន​ដែល​ត្រូវការ​កន្លែង​ស្នាក់នៅ និង​ព្យាបាល​ច្រើន​បំផុត​នៅក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ​»​។ នេះ​ជាការ​លើកឡើង​របស់ Neville​។​
 
​សណ្ឋាគារ​ទាំងពីរ​បស់ Neville នេះ​ក៏មាន​ភាគហ៊ុន​របស់លោក Ryan Giggs ដែលជា​អតីត​មិត្ត​រួម​ក្រុម Man Utd ផងដែរ​។ Giggs សព្វ​ថ្ងៃជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​វែ​ល​។​
 
​ដោយឡែក​ក្លិប Chelsea ក៏បានផ្តល់​សណ្ឋាគារ Millennium របស់ខ្លួន​ដោយ​ឥតគិតថ្លៃ​ផងដែរ ដើម្បី​សម្រួល​ដល់​បុគ្គលិក​ពេទ្យ​ដែល​មកពី​មន្ទីរពេទ្យ​នៅ​ភាគ​ពាយព្យ​ក្រុង​ឡុង​ដ៍ ប្រើប្រាស់​ក្នុង​រយៈពេល​២​ខែ ឬ​ត្រូវ​ពន្យារពេល​ទៅមុខទៀត​បើ​ចាំបាច់​។ លោក Roman Abramovich ម្ចាស់​ក្លិប​តោ​ខៀវ​ជា​អ្នក​ផ្តួចផ្តើម​គំនិត​នេះ និង​ធានា​ក្នុងការ​ចំណាយ​លើ​ការ​ស្នាក់នៅ​ទាំងអស់​។​
 
«​ក្លិប Chelsea នឹងចូលរួម​ក្នុងការ​ឆ្លើយតប​ផ្នែក​វេជ្ជសាស្ត្រ​ចំពោះ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​នៅ​ក្រុង​ឡុង​ដ៍ ដោយ NHS បាន​ទទួលយក​ការផ្តល់ជូន​របស់​ក្លិប​ក្នុងការ​ឲ្យ​សណ្ឋាគារ Millennium នៅឯ Stamford Bridge សម្រាប់​បុគ្គលិក NHS ប្រើប្រាស់​»​។ នេះ​ជា​សំណេរ​ក្នុង​សេចក្តីប្រកាស​របស់​ក្លិប Chelsea​។​
 
​សមាជិក​ក្រុម Chelsea កីឡាករ Callum Hudson-Odoi ក៏​ឆ្លង​ជំងឺ COVID-19 នេះដែរ​កាលពី​សប្តាហ៍​មុន ខណៈ​ក្របខណ្ឌ Premier League ក៏​ត្រូវបាន​ពន្យារពេល​រហូតដល់​ថ្ងៃទី​៣ ខែមេសា​ផងដែរ​។​
 
​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ថ្ងៃទី​១៩ ខែមីនា​នេះ បានបង្ហាញ​តួលេខ​អ្នក​ឆ្លង COVID-19 នៅ​ចក្រភព​អង់គ្លេស​ចំនួន ២៦២៦​ករណី អ្នកស្លាប់​ចំនួន​១០៤​នាក់ និង​ជាសះស្បើយ​៦៥​នាក់​៕
 


Tag:
 COVID-19
  Gary Neville
  Roman Abramovich
© រក្សាសិទ្ធិដោយ thmeythmey.com