COVID-19
អន្តរជាតិ
COVID-19៖ រដ្ឋកាលីហ្វ័រនីញ៉ាបញ្ជាឲ្យប្រជាជន៤០លាននាក់នៅក្នុងផ្ទះគ្មានកាលកំណត់ អភិបាលរដ្ឋកាលីហ្វ័រនីញ៉ា លោក Gavin Newsom ។ រូបភាព AFP
× នៅថ្ងៃទី១៩ ខែមីនា ប្រជាជន៤០លាននាក់នៃរដ្ឋកាលីហ្វ័រនីញ៉ា ត្រូវបានបញ្ជាឲ្យស្ថិតក្នុងផ្ទះក្នុងរយៈពេលគ្មានកាលកំណត់ ដើម្បីជួយទប់ស្កាត់ការរាលដាលជំងឺផ្លូវដង្ហើម COVID-19 ក្នុងរដ្ឋមានប្រជាជនច្រើនជាងគេរបស់អាមេរិក។ វិធានការនេះ មានលក្ខខណៈខ្លាំងបើធៀបនឹងការសម្រេចចិត្តរបស់រដ្ឋសហព័ន្ធឯទៀតរបស់អាមេរិក ខណៈកាលីហ្វ័រនីញ៉ា ជារដ្ឋមួយដែលរងគ្រោះខ្លាំងផងដែរដោយសារវីរុសប្រភេទថ្មីនេះ។
ក្នុងបញ្ជាដែលចុះហត្ថលេខាដោយអភិបាលរដ្ឋកាលីហ្វ័រនីញ៉ា Gavin Newsom ការប្រាប់ឲ្យប្រជាជនទូទាំងរដ្ឋមិនត្រូវចាកចេញពីផ្ទះ ជាវិធានការទប់ស្កាត់ COVID-19 ដែលដ៏តឹងរ៉ឹងមួយក្នុងចំណោមរដ្ឋផ្សេងទៀត។ លោក Newsom និយាយថា វាជារឿងដែលត្រូវឲ្យប្រជាជន៤០លាននាក់ ស្នាក់នៅក្នុងផ្ទះរបស់ពួកគេ។
បើតាមអភិបាលរដ្ឋរូបនេះ វិធានការខាងលើនេះ មិនមានរយៈពេលកំណត់ឡើយ ព្រោះការរាតត្បាតរបស់ COVID-19 ជាស្ថានភាពដែលប្រែប្រួលឆាបរហ័ស។ កាលីហ្វ័រនីញ៉ា ស្ថិតក្នុងចំណោមរដ្ឋមានករណីឆ្លងច្រើន ខណៈករណីស្លាប់មានយ៉ាងហោចណាស់១៨នាក់ទៅហើយដែរ។ នេះបើតាមតួលេខដែលប្រមូលដោយសាកលវិទ្យាល័យ John Hopkins ។
សម្រាប់វិធានការដេកផ្ទះនេះ ករណីលើកលែងនឹងត្រូវអនុវត្តលើការងារសំខាន់ៗដូចជាការទិញអាហារជាដើម ដោយលោក Newsom លើកឡើងថា អាជ្ញាធរនៅតែចង់ឲ្យប្រជាជនអាចទិញរបស់របរប្រើប្រាស់ប្រចាំថ្ងៃដដែល តែត្រូវចេះគិតគូរផងដែរ។ បន្ថែមពីលើនេះ ហាងលក់សម្ភារចាំបាច់ផ្សេងទៀតដូចជាកន្លែងចាក់សាំង ឱសថស្ថាន ធនាគារ និងសេវាកម្មបោកគក់ ក៏ត្រូវបានអនុញ្ញាតឲ្យបន្តការរកស៊ីផងដែរ រីឯភោជនីយដ្ឋានដែលមានសេវាកម្មដឹកជញ្ជូន ក៏អាចបន្តដំណើរការ។
តាមពិតទៅ ទីក្រុងធំៗក្នុងរដ្ឋនេះដូចជា Los Angeles និង San Francisco បានប្រាប់ឲ្យប្រជាជនក្នុងទីក្រុងរៀងៗខ្លួន មិនត្រូវចាកចេញពីផ្ទះតាំងពីដើមសប្ដាហ៍មកម្ល៉េះ។ ដោយសារស្ថានភាពកាន់តែយ៉ាប់យ៉ឺន ទើបអភិបាលរដ្ឋចេញបញ្ជាឲ្យអនុវត្តទូទាំងរដ្ឋពេលនេះ។ ក្នុងលិខិតទៅកាន់ប្រធានាធិបតី ដូណាល់ ត្រាំ លោក Newsom ព្រមានថា ២៥ភាគរយនៃប្រជជនកាលីហ្វ័រនីញ៉ា អាចឆ្លងវីរុសនេះ។ ហេតុនេះទើបលោកសម្រេចចិត្តហាមប្រជាជនចេញពីផ្ទះតែម្ដង។
ជាមួយគ្នានេះ លោក Newsom ក៏បានផ្ញើលិខិតមួយទៅកាន់ព្រឹទ្ធសភាដើម្បីសុំលុយចំនួនច្រើនជាងមួយពាន់លានដុល្លារដើម្បីទប់ទល់នឹង COVID-19 ៕
© រក្សាសិទ្ធិដោយ thmeythmey.com