COVID-19
អន្តរជាតិ
លោក ស៊ី ប្រា​ប់លោក ពូ​ទីន​ថា ចិន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​រួមដៃគ្នា​កំចាត់ COVID-19
20, Mar 2020 , 10:59 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
ដោយ:
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ប្រាប់​សម​ភាគី​រុស្ស៊ី វ៉ា្ល​ឌី​មៀ ពូ​ទីន​ថា ចិន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើការ​ជាមួយ​ប្រទេស​ទាំងអស់​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​COVID-19​។ លោក ស៊ី និង​លោក ពូ​ទីន បាន​ជជែក​គ្នា​តាម​ទូរ​សព្ទ​ពី​បញ្ហា COVID-19 នេះ​។ នេះ​បើតាម​សារ​ព័​ត៍​មាន​រដ្ឋ​ចិន​ថ្ងៃ​សុក្រ ២០ មីនា​។ 

 
​ប្រធានាធិបតី​ចិន និង​ប្រធានាធិបតី​រុស្ស៊ី បាន​ជជែក​គ្នា​តាម​ទូរ​សព្ទ​នៅ​យប់​ថ្ងៃទី​១៩ ខែមីនា​។ មេដឹកនាំ​ចិន ស៊ី ជិន​ភីង បាន​និយាយថា ប៉េកាំង មាន​ឆន្ទៈ​ក្នុងការ​ធ្វើការ​រួមគ្នា​ជាមួយ​រុស្ស៊ី និង​បណ្តា​ប្រទេស​ទាំងអស់ ដើម្បី​ការពារ​សុខភាព​សាធារណៈ​សកល​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន​Xinhua ចុះផ្សាយ​ពី​ការជជែក​តាម​ទូរ​សព្ទ​ដូចនេះ​។​
 
​បើតាម Xinhua លោក ស៊ី ក៏​ប្រា​ប់លោក ពូ​ទីន ទៀតថា ចិន​មាន​ធនធាន សមត្ថភាព និង​ភាពច្បាស់លាស់​ក្នុងការ​ប្រយុទ្ធ​យកជ័យ​ជំនះ​លើ COVID-19 ។ ជ័យជម្នះ បាន​លេចចេញ​ជា​បណ្ដើរៗ​ហើយ​ដែរ ព្រោះ​ពីរ​ថ្ងៃ​ចុងក្រោយ ចិន​មិនមាន​ករណី​ឆ្លង​ក្នុងស្រុក​ឡើយ លើកលែងតែ​ករណី​ឆ្លង​ពី​ខាងក្រៅ​ដែល​កើនឡើង​។ 
 
​មកដល់ពេលនេះ រុស្ស៊ី​មាន​ករណី​ឆ្លង COVID-19 មាន​ចំនួន​១៩៩ ករណី ខណៈ​កាលពី​ថ្ងៃទី ១៩ ខែមីនា មាន​ករណី​ស្លាប់​លើកដំបូង​។ ចំណែកឯ​នៅ​ប្រទេស​ចិន​វិញ​ស្ថានការណ៍​មាន​សភាព​ធូរស្បើយ​ខ្លាំង​ដោយសារ​លែង​មែន​ករណី​ឆ្លង​ក្នុងស្រុក​បន្ថែម ចាប់​តាំ​ពី​ការ​ផ្ទុះឡើង​នៃ​ជំងឺ​ក្នុង​ដើម​ឆ្នាំនេះ​។ 
 
​ពីដំបូង​ចិន​រង​ការរិះគន់​ខ្លាំង ព្រោះ​មិនមាន​ចំណាត់ការ​ទប់ស្កាត់​វីរុស​ឲ្យ​បាន​លឿន​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៩ ខែមីនា បាន​រិះគន់​ចិន​ចំៗ​ថា ពិភពលោក​កំពុង​រងគ្រោះ​ព្រោះ​អ្វីដែល​ចិន​បានធ្វើ​។ 
 
​យ៉ាងណាមិញ នៅពេល​ស្ថានភាព​ក្នុងស្រុក​ធូរស្រាល​ខ្លាំង ចិន​ក៏​ចាប់ផ្ដើម​បោះដៃ​ផ្ដល់ជំនួយ​ដល់​ប្រទេស​ដែល​ត្រូវការ​ខ្លាំង​ដូចជា​ការបញ្ជូន​ពេទ្យ​ទៅ​អ៊ីតាលី​ដែល​រងគ្រោះ​ខ្លាំង​នៅ​អឺរ៉ុប​។ លើសពីនោះ ចិន​ក៏បាន​ផ្ដល់ជំនួយ​ជា​សម្ភារ​ចាំបាច់​ដូចជា​ម៉ាស់​ជាដើម​ទៅកាន់​ប្រទេស​មួយចំនួនទៀត​ផងដែ​រ​៕

Tag:
 COVID-19
 ​ចិន​
  ស៊ី ជិន​ពីង​
© រក្សាសិទ្ធិដោយ thmeythmey.com