COVID-19
អន្តរជាតិ
Google ឧទ្ទិសដល់វេជ្ជបណ្ឌិតហុងគ្រីដែលរកឃើញពីប្រយោជន៍នៃការលាងដៃ
× តាមរយៈកម្មវិធី Doodle របស់ខ្លួន ក្រុមហ៊ុន Google ឧទ្ទិសដឹងគុណដល់វេជ្ជបណ្ឌិតហុងគ្រី Ignaz Semmelweis ដែលបានលើកឡើងពីសារសំខាន់នៃការលាងដៃ ក្នុងការទប់ស្កាត់ជំងឺឆ្លង ស្របពេលដែលបច្ចុប្បន្ននេះ ពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងជាមួយ COVID-19។
លោក Semmelweis រូបវិទូ និងជាអ្នកវិទ្យាសាស្ត្រហុងគ្រី ត្រូវបានចាត់ទុកថាជា «បិតាគ្រប់គ្រងជំងឺឆ្លង» (Father of Infection Control) ដោយលោកជាមនុស្សដំបូងបំផុតដែលបានអះអាងថា ការលាងដៃស្អាត នាំឲ្យគេចផុតពីជំងឺឆ្លង។
កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ១៨៤៧ លោក Semmelweis បានបង្ហាញពីសារសំខាន់នៃការលាងដៃ ខណៈដែលលោកធ្វើជាប្រធានគ្លីនិកផ្នែកសម្ភពមួយនៅមន្ទីរពេទ្យ Vienna General Hospital ក្នុងក្រុងវីយែន។ លោកបានតម្រូវឲ្យពេទ្យទាំងអស់លាងដៃជាមួយនឹងសារធាតុកំបោរក្លរដើម្បីកំចាត់បាក់តេរី។
លោកបានរកឃើញថា វេជ្ជបណ្ឌិតជាច្រើនបានឆ្លងមេរោគពីសម្ភារពីការវះកាត់មុនៗ ម្តាយចម្លងទៅកូនតាមរយៈការយកដៃទៅប៉ះពាល់ផ្ទាល់។ គំនិតនៅពេលនោះ មិនមានអ្នកណាទទួលយកឡើយ ហើយពួកគេចាត់ទុកលោក Semmelweis ជាមនុស្សដែលមានការសង្ស័យជ្រុល។
ប៉ុន្តែក្រោយពួកគេបានឃើញពីប្រសិទ្ធភាពដូចជាការលើកឡើងរបស់លោក Semmelweis ដោយអត្រាមរណភាពមាតា និងទារក បានថយចុះជាបន្តបន្ទាប់ ដោយថតពី១៨.២៧ភាគរយ មកនៅត្រឹម១.២៧ភាគប៉ុណ្ណោះ ចន្លោះពីខែមីនា ដល់ខែសីហា ឆ្នាំ១៨៤៨។
តាមឯកសាររបស់ Encyclopaedia Britannica លោក Semmelweis បានបោះពុម្ពផ្សាយពីវិធីសាស្ត្រការងាររបស់ខ្លួននៅឆ្នាំ១៨៦១ ហើយបានបញ្ជូនទៅអ្នកជំនាញសុខាភិបាលល្បីៗលើពិភពលោក ប៉ុន្តែមិនមានអ្នកណាយល់ស្របតាមលោកឡើយ សូម្បីតែអាជ្ញាធរក៏មិនទទួលស្គាល់ទ្រឹស្តីរបស់លោកនោះដែរ។
នៅ១៨៦៥ លោកមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ លោកបានទទួលមរណភាពក្នុងអាយុ៤៧ឆ្នាំ ហើយបើតាមប្រភពមួយចំនួន មរណភាពនេះ បង្កដោយជំងឺឆ្លងផងដែរ ដោយគេរកឃើញថា លោកត្រូវបានគេចម្លងមេរោគទៅលើស្តាំរបស់លោក៕
© រក្សាសិទ្ធិដោយ thmeythmey.com