COVID-19
កីឡាជាតិ
ជាតិ
COVID-19 បង្ខំ​ឲ្យ​សង្វៀន​ប្រដាល់​តាម​ស្ថានីយទូរទស្សន៍​ចំនួន​៤ ត្រូវ​ប្រកួត​បិទទ្វារ​
21, Mar 2020 , 4:59 pm        
រូបភាព
ដោយ:
​សង្វៀន​ប្រដាល់​តាម​ស្ថានីយទូរទស្សន៍​ចំនួន​៤​ត្រូវ​បង្ខំចិត្ត​ប្រកួត​បិទទ្វារ​ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ដោយសារ​បារម្ភ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដែល​បង្កឡើង​ដោយ​មេរោគ​កូ​វីដ​១៩(COVID-19)​។ ប៉ុន្តែ​អ្នកគាំទ្រ​អាច​ទស្សនា​តាមរយៈ​កញ្ចក់​ទូរទស្សន៍ ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានីយទូរទស្សន៍​ទាំងនោះ​។ សង្វៀន​ប្រដាល់​ទាំងអស់ នឹង​បិទ​បណ្តោះអាសន្ន​ចាប់ពី​សប្តាហ៍​ក្រោយ​។​

 
​ដោយសារ​ទំហំ​ការរីក​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​បង្កឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 នៅ​កម្ពុជា​ចេះតែ​បន្ត​កើនឡើង បាន​បង្ខំ​ឲ្យ​សង្វៀន​ប្រដាល់​របស់​ស្ថានីយទូរទស្សន៍​ចំនួន​៤ ត្រូវ​ប្រកួត​ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ​ចូល​ទស្សនា​ផ្ទាល់​នៅ​សប្តាហ៍​នេះ​។ ការធ្វើ​បែបនេះ គឺ​ដើម្បី​ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ COVID-19 ដែល​កំពុង​រាតត្បាត​ទូទាំង​ពិភពលោក​។ ស្ថានីយទូរទស្សន៍​ទាំង​៤​នោះ​រួមមាន Bayon, CNC, PNN និង SEATV​។​
 
​ការបង្ខំ​ឲ្យ​ប្រកួត​បិទទ្វារ​នេះ​ធ្វើឡើង​ក្រោយ​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ប្រកាស​ឲ្យ​បិទ​សង្វៀន​ប្រដាល់​តាម​ស្ថានីយទូរទស្សន៍​ទាំងអស់​ជា​បណ្តោះអាសន្ន​កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០​។ មកទល់ពេលនេះ​មាន​ស្ថានីយទូរទស្សន៍ ប៉ុស្តិ៍​លេខ​៥ និង​ថោ​ន​(Town) ដែល​បាន​បិទ​សង្វៀន​ប្រដាល់​របស់ខ្លួន​។ ខណៈ​ស្ថានីយទូរទស្សន៍​ទាំង​៤​ខាងលើ​នឹង​បិទ​នៅ​សប្តាហ៍​ក្រោយ បន្ទាប់ពី​ពួកគេ​ប្រកួត​បិទទ្វារ​នៅ​សប្តាហ៍​នេះ​។ 
 
​ការណ៍​ដែល​ស្ថានីយទូរទស្សន៍​ទាំង​៤​ខាងលើ អាច​បន្ត​រៀបចំ​ការប្រកួត​របស់​ខ្លួន​នៅ​សប្តាហ៍​នេះ គឺ​ដោយសារ ពួកគេ បាន​ស្នើសុំ​ការអនុញ្ញាត​ពី​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ក្នុងអំឡុង​កិច្ចប្រជុំ​ពិភាក្សា​ពាក់ព័ន្ធ​ការផ្អាក ឬ​មិន​ផ្អាក​សង្វៀន​ប្រដាល់​តាម​ស្ថានីយទូរទស្សន៍​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០​។ 
 
​ទន្ទឹមនឹង​អនុញ្ញាត​ឲ្យ​រៀបចំ លោក តែម ម៉ឺន ជំរុញ​ឲ្យ​ស្ថានីយទូរទស្សន៍​ទាំងនោះ​បង្កើន​ការប្រុងប្រយ័ត្ន តាមរយៈ​ការ​វាស់​កម្តៅ និង​រៀបចំ​ទឹក​លាងដៃ​ដូចជា​អាល់​អុល ឬ​ជែ​ល​ដល់​កីឡាករ គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស​អាជ្ញាកណ្តាល​ចៅក្រម និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​។ បន្ទាប់ពី​សប្តាហ៍​នេះ សង្វៀន​ប្រដាល់​ទាំងអស់​តាម​ស្ថានីយទូរទស្សន៍ ត្រូវ​ផ្អាក​ការរៀបចំ​បណ្តោះអាសន្នរ​ហូត​មានការ​ជូនដំណឹង​ថ្មី​ពី​សហព័ន្ធ បន្ទាប់ពី​ស្ថានភាព​ការរីក​រាលដាល​មេរោគ COVID-19 មានការ​ធូរស្បើយ​។ 
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០ កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​ជំងឺ​រលាក​ផ្លូវដង្ហើម​បង្កដោយ​មេរោគ COVID-19 ចំនួន​៥១​ករណី និង​ព្យាបាល​ជាសះស្បើយ​មួយ​ករណី ដែល​កើត​លើ​ជន​ជាតិចិន​នៅ​ខេត្ត​ព្រះសីហនុ​។ អ្នក​ផ្ទុក COVID-19 ទាំងនោះ​មាន​ជនជាតិខ្មែរ​៣១​រូប​, ម៉ាឡេស៊ី​១២​រូប​, អង់គ្លេស​៣​រូប​, បារាំង​២​រូប​, បែលហ្ស៊ិក​១​រូប​, កាណាដា​១​រូប និង​ចិន​១​រូប​(​ជាសះស្បើយ​)៕
 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com