ជាតិ
សង្គមជាតិ
សិស្ស​ទី​១ ដល់ទី​១២ អាច​រៀន​តាម E-Learning និង E-School Cambodia ដោយ​ឥតគិតថ្លៃ​
22, Mar 2020 , 5:59 pm        
រូបភាព
លោកគ្រូ ជ័យ ថាវី សាស្រា្តចារ្យផ្នែក​គីមីវិទ្យា នៅសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និងនៅ​សាសាជ័យថាវី រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា​​
លោកគ្រូ ជ័យ ថាវី សាស្រា្តចារ្យផ្នែក​គីមីវិទ្យា នៅសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និងនៅ​សាសាជ័យថាវី រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា​​
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ បាន​បង្កើត​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក E-Learning ឲ្យ​សិស្ស​ចាប់ពី​ថ្នាក់​ទី​៩ ដល់​ថ្នាក់​ទី​១២ សិក្សា​ដោយ​ឥតគិតថ្លៃ​។ បន្ទាប់ពី​ប្រកា​សបិទ​សាលា​ទូទាំងប្រទេស ក្រសួង​អប់រំ បាន​បង្កើត​កម្មវិធីសិក្សា​ដោយ​ឥតគិតថ្លៃ E-School Cambodia មួយទៀត សម្រាប់​ឲ្យ​សិស្ស​ចាប់ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ ទៅតាម​បណ្តា​ខេត្ត សិក្សា​តាម​ផ្ទះ​។

 
​ក្រ​សូង​អប់រំ បង្កើត​កម្មវិធីសិក្សា​តាម​អន​ឡាញ​បច្ចេកវិទ្យា​បង្រៀន​ពី​ចម្ងាយ E-School Cambodia បន្ថែម​ពី​កម្មវិធីសិក្សា​តាម​អន​ឡាញ E-Learning មួយទៀត ដែល​អាច​ឲ្យ​សិស្ស​ចាប់ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ ដែល​ឈប់សម្រាក​វិស្សមកាល​តូច ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។  
 
​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក E-Learning និង E-School Cambodia  ទាំងពីរ​នេះ នឹង​ជួយ​សម្រួល​ដល់​សិស្សានុសិស្ស​ទាំងអស់ អាច​រៀន​នៅផ្ទះ ឬ​នៅ​កន្លែង​ណាមួយ​ផ្សេងទៀត ហាក់ដូចជា​បាន​ទៅ​សិក្សា​នៅតាម​សាលារៀន​ទូទៅ​ដែរ​។ នៅពេល​រៀន​តាម​អន​ឡាញ សិស្សានុសិស្ស​អាច ចូល Comment សួរ​ពី​មេរៀន​ដែល​ឆ្ងល់ និង​មិនទាន់​យល់​ចំណុច​ណាមួយ ដោយមាន​គ្រូ​ប្រចាំ​មុខវិជ្ជា​នីមួយៗ រង់ចាំ​ពន្យល់ និង​ផ្តល់​ចម្លើយ​នៅតាម​ការផ្សាយ​ផ្ទាល់ (Live) លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក MOEYs Cambodia របស់​ក្រសួង​អប់រំ យុវជន និង​កីឡា  Youtube និង មជ្ឈមណ្ឌល​សិក្សា​អេឡិចត្រូនិក​របស់​ក្រសួង​អប់រំ​។ ជាពិសេស​ពួកគេ​អាច​សិក្សា​ឡើងវិញ ក្រោយពេល​ក្រសួង​បង្រៀន​ចប់ ដោយ​បង្ហោះ​នៅក្នុង​Youtube ផងដែរ​។​
 
​កម្មវិធីសិក្សា​តាម​អន​ឡាញ​ទាំងនេះ សិស្សានុសិស្ស​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៦ អាច​សិក្សា​លើ​មុខវិជ្ជា គណិតវិទ្យា ភាសា​ខ្មែរ និង ភាសា​អង់គ្លេស​។ សម្រាប់​សិស្ស​ថ្នាក់​ទី​៧ ដល់​ថ្នាក់​ទី​៩ អាច​សិក្សា​លើ​មុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ភាសា​ខ្មែរ និង អង់គ្លេស​។ សម្រាប់​សិស្ស​ថ្នាក់​ទី​១០ ដល់​ថ្នាក់​ទី​១១ ពួកគេ​អាច​សិក្សា​លើ​មុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ភាសា​ខ្មែរ ភាសា​អង់គ្លេស និង ថ្នាក់​សិស្ស​ពូកែ​។ ដល់​សិស្ស​ថ្នាក់​ទី​១២ វិញ ពួកគេ​សិក្សា​លើ​មុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ភាសា​ខ្មែរ ភាសា​អង់គ្លេស ថ្នាក់​សិស្ស​ពូកែ និង វិញ្ញាសា​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។​
 
​មុខវិជ្ជា​សម្រាប់​សិស្ស​រៀន​តាម​អន​ឡាញ​នេះ គឺ​បង្រៀន​ដោយ​គ្រូ​នៅ​សាលា​ជ័យ​ថា​វី វិទ្យាល័យ​បាក់​ទូក វិទ្យាល័យ​បឹងត្របែក វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដែលមាន​បទពិសោធន៍​ក្នុងការ​បង្រៀន​អស់​ជាច្រើន​ឆ្នាំ​។ គ្រូ​នីមួយៗ​នឹង​ចែកវេន​គ្នា​បង្រៀន​ទៅតាម​ម៉ោង ដោយពេល​ព្រឹក​បង្រៀន​មុខវិជ្ជា​សម្រាប់​សិស្ស​ថ្នាក់​ទី​៩ និង​ពេល​ថ្ងៃ​សម្រាប់​សិស្ស​ថ្នាក់​ទី​១២​។ ក្រសួង​អប់រំ​បង្រៀន​មុខវិជ្ជា​សម្រាប់​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ ដែលជា​សិស្ស​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។ ទៅមុខទៀត ក្រសួង​នឹង​ពង្រឹង​ការបង្រៀន​សម្រាប់​សិស្ស​ថ្នាក់​មេ​ត្ត​យ្យ និង​មុខវិជ្ជា​វិទ្យាសាស្ត្រ​សង្គម​ផងដែរ​។   
 
​មុននឹង​អាច​រៀន​តាម​កម្មវិធី​ទាំងនេះ សិស្សានុសិស្ស​ត្រូវ​ទាញយក​កម្ម​វី​ធី​តាម PlayStore សម្រាប់​អ្នក​ប្រើ​ប្រព័ន្ធ​ទូរ​សព្ទ Android និង​ISO ដោយ​វាយ​ពាក្យ E-School Cambodia និង​ចុច Install​។ ទាញយក​កម្មវិធី​ហ្នឹង​បាន​ហើយ សិស្ស​ត្រូវបំពេញ​លេខ​ទូរ​សព្ទ និង​បញ្ចូល​លេខ​កូដ​សម្រាប់​សិក្សា​ដោយ​ឥតគិតថ្លៃ​ពេញ​មួយឆ្នាំ​។ 
 
​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ទាំងនេះ  ត្រូវបាន​បង្កើតឡើង​ដោយ​ក្រសួង​អប់រំ សហការ​ជាមួយនឹង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង ក្រុមហ៊ុន A.Z.E Innovation Tech Co, LTD៕ 
 
 

Tag:
 ​សិស្ស​
 ​សិក្សា​
 ​អប់រំ​
 ​អន​ឡាញ​
 ​កូ​វីដ​-១៩
 E-School Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com