ជាតិ
​ទណ្ឌិត​ជិត​៤០០​នាក់ ស្ថិតក្នុង​បញ្ជី​សុំ​លើកលែង​និង​បន្ថយទោស ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ
22, Mar 2020 , 9:59 pm        
រូបភាព
រូបពីហ្វេសប៊ុករបស់លោក នុត សាវនា អ្នកនាំពាក្យពន្ធនាគារ
រូបពីហ្វេសប៊ុករបស់លោក នុត សាវនា អ្នកនាំពាក្យពន្ធនាគារ
​ភ្នំពេញ​៖ ទណ្ឌិត​ជិត​៤០០ ពី​ពន្ធនាគារ​ចំនួន​២២ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤ ត្រូវបាន​បញ្ចូល​ឈ្មោះ​ទៅក្នុង​បញ្ជី​សុំ​លើកលែង​និង​បន្ធូរ​បន្ថយទោស នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​។


 
​លោក អង្គ វង្សវឌ្ឍានា រដ្ឋ​ម​ន្រី្ត​ក្រសួងយុត្តិធម៌ និង​មន្ត្រី​ពាក់ព័ន្ធ កាល​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ បាន​ពិនិត្យ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ជិត​៤០០​នាក់ ដែល​ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែងទោស ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​។ ទណ្ឌិត​ជិត​៤០០​នាក់​នេះ គឺមាន​ស្រី​ជាង​៤០​នាក់​។ 
 
​លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម Telegram ថា ទណ្ឌិត​ដែល​ស្នើសុំ​នោះ បាន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​គ្នា ក្នុងនោះ​ក៏មាន​បទល្មើស​គ្រឿងញៀន​ដែរ​។ ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​បន្ធូរបន្ថយ និង​លើកលែងទោស មិន​យក​បទល្មើស​គ្រឿងញៀន និង​បទល្មើស​សាហាវយង់ឃ្នង​មក​ពិនិត្យ​នោះទេ​។ 
 
​លោក បន្ថែមថា ទណ្ឌិត​ដែល​ប្រព្រឹត្ត​បទល្មើស​ស្រាល និង​អនុវត្ត​ទោស​បាន​ត្រឹមត្រូវ​តាមច្បាប់ ហើយ​មាន​រយៈពេល​ខ្លី រួមទាំង​ទណ្ឌិត​ដែលមាន​ភាព​ចាស់ជរា ជំងឺ​រ៉ាំរ៉ៃ​ឬ​ពិការភាព ទើប​អនុគ្រោះ​និង​លើកលែងទោស​។ លោក បញ្ជាក់ថា​៖«​ការពិនិត្យ​លើ​ការស្នើសុំ​បន្ធូរបន្ថយ និង​លើកលែងទោស​មិនបាន​គិតពី​ទណ្ឌិត​មកពី​បក្សនយោបាយ​ណា​នោះទេ គឺថា​ទណ្ឌិត​មកពីណា​ក៏​ពិនិត្យ ព្រោះ​អ្នកនោះ​មាន​សិទ្ធិ​ស្មើគ្នា​ចំពោះមុខ​ច្បាប់ ហើយ​ច្បាប់​មិនបាន​ចែងថា​ទណ្ឌិត​មកពី​បក្ស​ណា​នោះទេ​»​។​
 
​សូម​រម្លឹក​កាលពី​បុណ្យអុំទូក ក្នុង​ឆ្នាំ​២០១៩ គណៈកម្មាធិការ​ជាតិ​បន្ធូរបន្ថយ និង​លើកលែងទោស បាន​ពិនិត្យ​បញ្ជី​ស្នើសុំ​បន្ធូរបន្ថយ​និង​លើកលែងទោស​របស់​ទណ្ឌិត ដែល​ស្នើសុំ​អនុគ្រោះ​ជាង​៥០០​នាក់​។ គណៈកម្មាធិការ​ជាតិ​បន្ធូរបន្ថយ និង​លើកលែងទោស បានដាក់​សំណើ​ទៅ​រដ្ឋាភិបាល​ដើម្បី​ពិនិត្យ និង​សម្រេច​ថ្វាយ​ព្រះមហាក្សត្រ ដោយ​ទទួលបាន​ការលើកលែង​និង​បន្ធូ​បន្ថយទោស​ដល់​ទណ្ឌិត​សរុប​៩០​នាក់​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com