COVID-19
ជាតិ
មេឃុំប៉ាតេ រឹតបន្តឹងការចេញចូល ដើម្បីការពារអ្នកភូមិពីការរាលដាល COVID-19
× ភ្នំពេញ៖ មេឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានអនុវត្តវិធានការរឹតបន្តឹង ចំពោះអ្នកចេញចូល មូលដ្ឋានរបស់ខ្លួនដើម្បីទប់ស្កាត់ការរាលដាល COVID-19។ អាជ្ញាធរឃុំ ប្រឹងប្រែងផ្សព្វផ្សាយសារអប់រំផ្សេងៗរបស់ក្រសួងសុខាភិបាល ហើយថែមទាំងបកប្រែទៅភាសាជនជាតិដើមភាគតិច ដែលភាគច្រើនជាជនជាតិចារ៉ាយ ដើម្បីពួកគាត់យល់ដឹងពីវិធានការការពារជំងឺឆ្លងដែលកំពុងរាលដាលពេញពិភពលោកមួយនេះ។
«យើងមិនមែនបិទសិទ្ធិសេរីភាពឡើយ ប៉ុន្តែយើងធ្វើគ្រប់យ៉ាងដើម្បីការពារពលរដ្ឋនៅមូលដ្ឋាន»។ នេះជាការអះអាងរបស់លោក ឆាយ ធី មេឃុំប៉ាតេ មកដល់សារព័ត៌មានថ្មីៗ ក្នុងបទសម្ភាសតាមទូរសព្ទ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ទាក់ទងការរឹតបន្តឹងការចេញចូលនៅបណ្តាភូមិទាំង៤នៅឃុំប៉ាតេ។
លោកមេឃុំ បានបញ្ជាក់ថា ការរឹតបន្តឹងនេះ ធ្វើជាពិសេសសម្រាប់តែអ្នកចំណូលថ្មី ឬអ្នកដំណើរដែលមិនមែនជាអ្នកភូមិ ដោយពួកគាត់ត្រូវឆ្លងកាត់ការសាកសួរព័ត៌មានច្បាស់លាស់។ លោកបានបន្ថែមថា៖ «អ្នកដឹកអីវ៉ាន់ ឬអ្នកក្រៅភូមិ ដែលមិនស្គាល់ មិនដឹងប្រវត្តិ គឺយើងសារសួរព័ត៌មានពួកគាត់ ហើយណែនាំឱ្យចេះការពារសុខភាព ហើយអនុញ្ញាតឱ្យជិះកាត់តាមផ្លូវលំ តែមិនអនុញ្ញាតឱ្យឈប់សម្រាក ឬចូលជួបអ្នកភូមិពេញភូមិឡើយ។ ចំណែកអ្នកភូមិ គឺចេញចូលដឹកទំនិញបានធម្មតា»។
ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី មាន៤ភូមិ គឺភូមិប្លង់ ភូមិគងធំ ភូមិប៉ាអរ និងភូមិគងយុ ដែលមានពលរដ្ឋប្រមាណ២០០០នាក់ ឬ៦០០គ្រួសារ ដោយមួយចំនួនធំជាជនជាតិចារ៉ាយ។ លោក ឆាយ ធី បានបញ្ជាក់ថា៖ «អ្នកធ្វើការក្រៅប្រទេស ក្នុងឃុំមានប្រមាណ៥០នាក់។ ខ្ញុំ និងមេភូមិបានពិភាក្សាគ្នាហើយថា ប្រសិនបើពួកគាត់ត្រលប់មកវិញ យើងនឹងឱ្យពួកគាត់ស្នាក់នៅសាលារៀនរយៈពេល១៤ថ្ងៃសិន ដើម្បីសុវត្ដិភាពអ្នកភូមិ»។
បើតាមលោក ឆាយ ធី បណ្តាភូមិទាំង៤ អាជ្ញាធរមូលដ្ឋានដាក់ពង្រាយអ្នកយាម ដោយមានការចូលរួមផងដែរពីសំណាក់ពលរដ្ឋស្ម័គ្រចិត្ត ហើយពួកគាត់ជួយដើរពន្យល់អ្នកភូមិ និងអ្នកចំណូលថ្មីអំពីបញ្ហា COVID-19។
មិនអាចគេចផុតពីការរិះគន់របស់មនុស្សមួយចំនួនឡើយ ប៉ុន្តែលោកមេឃុំប៉ាតេ បានអះអាងថា លោក និងក្រុមការងារតែងតែពន្យល់ដល់អ្នកដំណើរថ្មី ដែលចេញចូលថា ការធ្វើបែបនេះ គឺជាការបង្ការអំឡុងពេលរីករាល់ដាល Covid-19 ប៉ុណ្ណោះ។
ការយាមតាមច្រកចេញចូលភូមិនីមួយៗ គឺចាប់ផ្ដើមកាលពីថ្ងៃទី២១ មីនា ហើយយាមនៅពេលព្រឹក ថ្ងៃត្រង់ និងល្ងាច ដោយដូរគ្នាសម្រាក។ ករណីមានអ្នកចំណូលថ្មីចូលក្នុងភូមិ ត្រូវពលរដ្ឋនិងអាជ្ញធរប្រទេះឃើញ នឹងធ្វើសាកសួរហើយណែនាំ។ ជាមួយគ្នានេះ ការប្រមូលផ្តុំគ្នាច្រើន ក៏មិនត្រូវបានអនុញ្ញាតិផងដែរនៅឃុំប៉ាតេ។
«ការរឹតបន្តឹងវិធានការនេះ នឹងបន្តរហូតដល់មានការប្រកាសថា លែងមានការរីករាលដាលជំងឺ Covid-19»។ នេះជាការអះអាងរបស់លោក ឆាយ ធី ប្រាប់សារព័ត៌មាន ThmeyThmey៕
© រក្សាសិទ្ធិដោយ thmeythmey.com