ជាតិ
លោក ហ៊ុន ម៉ានី អំពាវនាវឱ្យពលរដ្ឋចូលរួមជាមួយអាជ្ញាធរដើម្បីប្រឆាំងកូវីដ-១៩
× ក្នុងរយៈពេល១សប្តាហ៍ លោក ហ៊ុន ម៉ានី បានផ្ញើសារ២ដងទៅកាន់ប្រជាពលរដ្ឋ ទាក់ទងនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩។ សារចុងក្រោយ ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកនាយប់ថ្ងៃទី២៤ខែមីនានេះ លោក ហ៊ុន ម៉ានី សំណូមពរឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមអនុវត្តតាមវិធានការរបស់អាជ្ញាធរ និងរួបរួមគ្នាបង្ហាញក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។
ជ័យជម្នះមួយដែលអាចឆ្លងផុតពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ គឺការចូលរួមរបស់ប្រជាពលរដ្ឋ ដោយពួកគេត្រូវស្តាប់តាមការណែនាំ និងអនុវត្តតាមវិធានចាំបាច់នានាដែលអាជ្ញាធរមានសមត្ថកិច្ចកំពុងផ្សព្វផ្សាយ។ នេះជាសាររបស់លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ដែលលោកបានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុក ដើម្បីផ្ញើទៅជនរួមជាតិរបស់លោក។
សម្រាប់អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ការយកចិត្តទុកដាក់របស់រដ្ឋាភិបាល និងការចូលរួមរបស់ពលរដ្ឋគ្រប់រូប បង្ហាញពីភាពក្លៀវក្លា រឹងប៉ឹង និងក្តីសង្ឃឹមមួយផង។ លោក ហ៊ុន ម៉ានី បានសរសេរបែបលើកទឹកចិត្តយ៉ាងដូច្នេះថា៖«ការចូលរួមយ៉ាងគត់មត់ពីសំណាក់ប្រជាពលរដ្ឋគ្រប់រូបក្នុងការការពារខ្លួន និងក្រុមគ្រួសារ និងការបន្តតាមដាន អនុវត្តនូវលក្ខខណ្ឌចាំបាច់នានា ដែលដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ច កំពុងក្លាយទៅជាក្តីសង្ឃឹមថ្មីមួយទៀត ដែលថាយើងទាំងអស់គ្នាពិតជានឹងអាចឆ្លងផុតពីគ្រាលំបាកនេះជាក់ជាមិនខាន។»
នាពេលនេះ កម្ពុជាកំពុងទទួលរងនូវការឆ្លងជំងឺ កូវីដ-១៩ ដែលភាគច្រើនជាករណីនាំចូល (ឆ្លងពីក្រៅប្រទេស ហើយរកឃើញនៅកម្ពុជា)។ ចុងក្រោយនេះ ការវិលត្រឡប់នៃពលករពលការិនីខ្មែរធ្វើការនៅក្នុងប្រទេសថៃ មកក្នុងប្រទេសកម្ពុជានោះ បានធ្វើឱ្យមានការបារម្ភខ្លាំងអំពីការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ឬអាចជាការឆ្លងបែបសហគមន៍ទៀតផង។
ប៉ុន្តែទោះយ៉ាងនេះក្តី លោក ហ៊ុន ម៉ានី នៅតែផ្ញើសារបែបសុទិដ្ឋិនិយម។ លោក ហ៊ុន ម៉ានី សរសេរប្រាប់យ៉ាងដូច្នេះថា៖«ទោះក្នុងកាលៈទេសៈនោះក្តី ក៏យើងមិនត្រូវអស់សង្ឃឹមឡើយ។ ហើយនេះក៏មិនមែនជាពេលវេលាដែលយើងត្រូវរើសអើងដែរ។ ផ្ទុយទៅវិញ វាជាពេលវេលាដែលត្រូវរួមគ្នា ផ្តល់ការលើកទឹកចិត្ត និងសេចក្តីស្រឡាញ់ និងរួមគ្នាដើម្បីយើងឆ្លងផុតគ្រាលំបាកនេះ»។
កាលពីពេលថ្មីៗនេះ លោក ហ៊ុន ម៉ានី ក៏បានសរសេរសារអំពាវនាវដល់ពលរដ្ឋខ្មែរមិនឱ្យមានអារម្មណ៍រើសអើងចំពោះអ្នកជំងឺកូវីដ-១៩ ដែរ ដោយសារតែការភ័យខ្លាច និងបារម្ភជ្រុលនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com