ឃ្លី​ប​សំឡេង​ជា​ព័ត៌មាន​លេងសើច​, ក្លែងក្លាយ តែ​មន្ត្រី​ក៏ចែក​ផ្សាយ​ក្នុង​ក្រុម​បន្ត​គ្នា​ដែរ​
ពីនេះ ពីនោះ / មិនយល់...!
ឃ្លី​ប​សំឡេង​ជា​ព័ត៌មាន​លេងសើច​, ក្លែងក្លាយ តែ​មន្ត្រី​ក៏ចែក​ផ្សាយ​ក្នុង​ក្រុម​បន្ត​គ្នា​ដែរ​
25, Mar 2020 , 2:51 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកណា នៅ​កន្លែង​ណា ក៏​គេ​និយាយ​ពី​រឿង​កូ​វីដ​ដែរ​។ សុធីរ និង​សំណាង ពេលនេះ​លែង​ហ៊ាន​អង្គុយ​ក្នុង​តុ​កាហ្វេ​ដូច​សព្វដង​ហើយ​។ ពួកគេ​ឈរ​និយាយ​គ្នា​ម្តង ក្នុង​គម្លាត​ជាង​១​ម៉ែត្រ​។ កាន់​កំប៉ុង​កាហ្វេ​ម្នាក់​មួយ ក្លើ​ទាំងពីរ​និយាយ​ខឹង មន្ត្រី​ខ្លះ​ដែល​បន្ត​ចែកចាយ​សារ​ជា​សំឡេង ដែល​ពេលខ្លះ គេ​អាច​យល់បាន​ថា ជា​ដំណឹង​ក្លែងក្លាយ នៅតាម​ក្រុម​បណ្តាញ​សង្គម​នានា​។​

 
​សុធីរ​៖ ឥឡូវនេះ ព័ត៌មាន​រឿង​កូ​វីដ កូ​វ៉​ល់​ពេញ​ហ្វេ​ស​ប៊ុ​ក សម្បូរ​អា​រឿង​ក្លែងក្លាយ​ច្រើនណាស់​។ បារម្ភ​ពី​ចាស់ៗ​តាម​ខេត្ត តាម​ជនបទ អត់​យល់ ហើយ​ចេះតែ​ជឿ ផ្សាយ​បន្ត​គ្នា​។ 
 
​សំណាង​៖ អា​រឿង​ចែកចាយ​មាន​ពីរ​។ ទីមួយ ចែករំលែក​បន្ត​នៅលើ​ហ្វេ​ស​ប៊ុ​ក​។ ទី​ពីរ គឺ​ចែករំលែក​តាម​ក្រុម​Telegram, Messenger, WhatsApp ជាដើម​។ ចែក​តាម​នេះ សាយភាយ​លឿន​ណាស់​។ ហើយ​អ្វីដែល​អញ​ខឹង គឺ​អ្នក​ចែករំលែក ពេលខ្លះ​ជាម​ន្ត្រី​ធំៗ ជា​បញ្ញវន្ត ជា​មនុស្ស​មាន​ឥទ្ធិពល​ក្នុងសង្គម​ទៀត​។ ពេលខ្លះ​ពួកគេ​ក៏​ដឹងថា វា​ជា​ព័ត៌មាន​ដែល​មិន​ទំនង ហើយ​គេ​ថត​សំឡេង​លេងសើច​ដែរ ប៉ុន្តែ​ពួកគេ​នៅតែ​ចែករំលែក​បន្ត​ដើម្បី​លេងសើច​។​
 
​សុធីរ​៖ ទីបំផុត អាសារ​ជា​សំឡេង​លេងសើច​ហ្នឹង វា​ទៅដល់​ប្រជាជន​តាម​ភូមិ ដែល​ដឹង​តែ​ពី​ជឿ​តែម្តង​។ មនុស្ស​ខ្មែរ​យើង ជឿ​លោកធំ​ណាស់​។ កាលបើ​ឃើញ​លោកធំ​ចែករំលែក​ហើយ គិតថា​ជា​រឿង​ពិត​ហើយ​។ អា​រឿង​គ្រូពេទ្យ​ចិន​ស្នើរ​ឱ្យ​បិទ​ផ្សារ​នេះ​មួយ​, អា​រឿង​ដុសធ្មេញ​នឹង​អំបិល​សម្លាប់​មេរោគ​កូ​វីដ​នេះ​ពីរ​, មាន​ព័ត៌មាន​ដែល​គេ​ថត​សំឡេង​និយាយ​លេងសើច​ច្រើន​ទៀត ដែល​គេ​ចែករំលែក​តាម​ប្រអប់​សារ​ជា​ក្រុមៗ​។ 
 
​សំណាង​៖ ដល់​អ៊ីចឹងទៅ ក្រុមការងារ​ប៉ុន្មាន​ក្រុម ក៏​ទប់​មិន​ឈ្នះ​ដែរ​។ សរុប​មកវិញ បើ​យើង​ដឹងថា មិន​ពិត​ហើយ យើង​អត់​ផ្ញើ​បន្ត​ទៅណា​ទៀត​ទេ​។ ទោះ​ក្នុងន័យ​ឱ្យស្តាប់​លេង​ក៏ដោយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com