COVID-19
កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន គាំទ្រការផ្អាកកីឡាអូឡាំពិករបស់ជប៉ុន ហើយថាទង្វើនេះបង្ហាញពីភាពយុត្តិធម៌ក្នុងកីឡា
× សន្តិសុខ និងសុវត្ថិភាពរបស់កីឡាករកីឡាការិនី គឺជាកត្តាចម្បង ដែលត្រូវយកចិត្តទុកដាក់ ពេលមានការរៀបចំព្រឹត្តិការណ៍កីឡាលក្ខណៈជាហ្គេម ពិសេសកីឡាអូឡាំពិក។ នេះជាការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដែលគាំទ្រការសម្រេចរបស់ជប៉ុនក្នុងការលើកពេលការប្រកួតកីឡាំពិកនៅឆ្នាំនេះ។ សម្រាប់លោកការផ្អាកនេះ មិនគ្រាន់តែជួយបង្ការនិងទប់ស្កាត់ការរីករាលដាលនៃ COVID-19 នោះទេ តែវាបង្ហាញពីភាព Fair-Play ទៀតផង។
នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានសម្រេចផ្អាកការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកនៅឆ្នាំនេះ ដោយលើកពេលទៅរៀបចំនៅឆ្នាំ២០២១ ដោយសារបារម្ភពីការរីករាលដាលនៃជំងឺផ្លូវដង្ហើមប្រភេទថ្មីបង្កឡើងដោយមេរោគ COVID-19។ ការផ្អាកនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តាជាច្រើននៅលើពិភពលោក ដែលកំពុងប្រឈមការរាតត្បាតនៃវីរុសកូវីដ-១៩។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គាំទ្រយ៉ាងខ្លាំងចំពោះការសម្រេចរបស់លោក ស៊ីនហ្សូ អាបេ និងលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ(IOC) ដែលពន្យាពេលការប្រកួតកីឡាអូឡាំពិកនៅឆ្នាំនេះ។ តាមគម្រោងព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូប្រទេសជប៉ុន គ្រោងធ្វើឡើងនៅថ្ងៃទី២៤ កក្កដា ឆ្នាំ២០២០ ខាងមុខ។
អគ្គលេខាធិការ NOCC រូបនេះ ចាត់ទុកការសម្រេករបស់លោក អាបេ ជារឿងមួយដ៏ត្រឹមត្រូវ ព្រោះវាមិនត្រឹមតែជួយបង្ការនិងទប់ស្កាត់ការរីករាលនៃកូវីដ-១៩ ដែលកំពុងរាតត្បាតទូទាំងពិភពលោកប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីភាពយុត្តិធម៌ក្នុងវិស័យកីឡាទៀតផង។ ភាពយុត្តិធម៌នៅពេលនេះ គឺលោកចង់សំដៅលើការហ្វឹកហាត់របស់កីឡាករ ព្រោះមានកីឡាករក្នុងប្រទេសមួយចំនួនធំត្រូវផ្អាកការហ្វឹកហាត់ និងប្រកួតជម្រុះដើម្បីដណ្តើមកៅអីទៅប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកនៅឆ្នាំនេះ។
ការផ្អាកទាំងនេះ ដោយសារពួកគេមានការព្រួយបារម្ភពីការឆ្លង COVID-19 ដែលធ្វើកីឡាករភាគច្រើនក្នុងតំបន់អាស៊ី ពិសេសអឺរ៉ុបត្រូវបង្ខំចិត្តបង្ខាំងខ្លួនឯងនៅក្នុងផ្ទះ ដ្បិតប្រទេសពួកគេកំពុងមានការរាតត្បាតខ្លាំងនៃវីរុសនេះ។ ការពន្យាពេលនេះដែរ ក៏ជាការរួមចំណែកជួយបំបាត់ភាពភ័យខ្លាចរបស់កីឡាករកីឡាការិនីក្នុងអំឡុងពេលនៃការរាតត្បាតកូវីដ-១៩ផងដែរ។ នេះបើតាមការយល់ឃើញរបស់លោក វ៉ាត់ ចំរើន ដែលអះអាងថា ការផ្អាកនេះមិនបានជះឥទ្ធិពល ឬធ្វើឲ្យមានផលប៉ះពាល់ដល់កម្ពុជានោះទេ។
កាលពីថ្ងៃទី២៤ មីនា គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានប្រកាសពីការពន្យាពេលរៀបចំការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូប្រទេសជប៉ុននៅឆ្នាំនេះ ដោយលើកពេលទៅរៀបចំនៅឆ្នាំក្រោយ។ ការប្រកាសរបស់ IOC ធ្វើឡើងក្រោយលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុនផ្ញើលិខិតទៅកាន់ខ្លួន ដើម្បីសុំពន្យាពេលក្នុងការរៀបចំព្រឹត្តិការណ៍នេះ។ ការស្នើរបស់លោក អាបេ បន្ទាប់ពីឃើញតួលេខអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 នៅទូទាំងពិភពលោកមានការកើនឡើងខ្ពស់។ គិតត្រឹមរសៀលថ្ងៃទី២៦ មីនា ជប៉ុនមានអ្នកផ្ទុកជំងឺកូវីដ-១៩ជាង១,៣០០នាក់ ក្នុងនោះព្យាបាលជាសះស្បើយ៣១០នាក់ និងស្លាប់៤៥នាក់៕
Tag:
វ៉ាត់ ចំរើន
Olympic Games
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com