COVID-19
អន្តរជាតិ
WHO ប្រាប់​ប្រទេស​ទាំងអស់ កុំ​ឲ្យ​បាត់បង់​ឱកាស​ទប់ស្កាត់ COVID-19 ជា​លើក​ទី​ពីរ​
26, Mar 2020 , 10:19 pm        
រូបភាព
នាយកអង្គការសុខភាពពិភពលោក លោកTedros Adhanom Ghebreyesus, រូបភាព៖ AFP
នាយកអង្គការសុខភាពពិភពលោក លោកTedros Adhanom Ghebreyesus, រូបភាព៖ AFP
​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​(WHO) លោក Tedros Adhanom Ghebreyesus នា​ថ្ងៃទី​២៥ ខែមីនា បាន​ទទូច​ឲ្យ​ប្រទេស​ទាំងអស់ កុំ​ឲ្យ​បោះបង់​បង្អួច​ឱកាស​ទី​២​របស់ខ្លួន ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) បន្ទាប់ពី​បង្អួច​ឱកាស​ទី​១ បាន​កន្លងផុត​។ តាមរយៈ​ឱកាស​ទី​ពីរ​នេះ លោក​ប្រមុខ WHO បាន​បញ្ចេញ​គោលការណ៍​ចំនួន ៦​ធំៗ ដើម្បី​បញ្ឈប់ COVID-19​។


​កន្លងមក លោក Tedros Adhanom Ghebreyesus នាយក​អង្គការ​សុខភាព​ពិភពលោក បាន​ព្រមាន​ម្តង​ហើយ​ថា បង្អួច​ឱកាស​ដំបូង​ក្នុងការ​ទប់ស្កាត់​ការរីក​សាយភាយ COVID-19 ជិត​បិទ​ហើយ​។ ប៉ុន្តែ​ប្រទេស​ទាំងអស់ បាន​បាត់បង់​ឱកាស​ទីមួយ​នេះ ដោយសារ​មិនអាច​ទប់ស្កាត់​ការរីក​សាយភាយ​COVID-19 បាន​។ គិត​មិន​ត្រឹម​ពេលនេះ COVID-19 បាន​រីក​សាយភាយ​ទៅ​ប្រទេស និង​តំបន់​ជិត ២០០ ខណៈពេល​តួលេខ​សរុប COVID-19 នៅលើ​ពិភពលោក គឺមាន​រហូតដល់​ទៅ​ជាង ៤៦​ម៉ឺន​ករណី ខណៈ​អ្នក​ស្លាប់មាន​ជាង ២​ម៉ឺន​ករណី និង​អ្នកជា​សះស្បើយ​ជាង ១១​ម៉ឺន​ករណី​។ 
 
​សព្វថ្ងៃ​ឱកាស​ទី​ពីរ​ក៏បាន​បើក​ដែរ​។ បើតាម​លោក Tedros ឱកាស​ទី​ពីរ​នេះ គឺ​ការដាក់​ប្រទេស ឬ​ទីក្រុង​ក្នុងស្ថានភាព​បិទ​ជិត​តែម្ដង​។ លោក Tedros បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​នៅតែ​មានជំនឿថា វា​នៅតែ​មានឱកាស​។ ខ្ញុំ​គិតថា យើង​បាន​បាត់បង់​បង្អួច​ឱកាស​ជា​លើក​ទី​១​ម្តង​ហើយ​។ នេះ​គឺជា​បង្អួច​ឱកាស​លើក​ទី​ពី ដែល​យើង​មិនគួរ​បាត់បង់​ទៀត​ទេ និង​ធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​បង្ក្រាប និង​គ្រប់គ្រង​វីរុស​នេះ​»​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក Tedros បាន​មើលឃើញថា ការសម្រេច​បិទ​ប្រទេស ឬ​បិទ​ទីក្រុង របស់​ប្រទេស​មួយចំនួន គឺជា​រឿង​ល្អ ដើម្បី​ប្រយុទ្ធប្រឆាំង COVID-19​។ ការណ៍​នេះ លោក​ប្រមុខ WHO មើលឃើញថា ការបិទ​ប្រទេស ឬ​ក្រុង​នេះ គឺជា​បង្អួច​ឱកាស​លើក​ទី​ពីរ ដើម្បី​បញ្ឈប់​ការរីក​សាយភាយ​កូ​រ៉ូ​ណាវី​រុស និង​ព្រមាន​ថា​ប្រទេស​ទាំងអស់ មិនត្រូវ​ខ្ចះ​ខ្ជាយ​ឱកាស​ទី​ពីរ​ម្តង​ទៀតឡើយ​។​
 
​តាមរយៈ​ឱកាស​ទី​ពីរ​នេះ លោក​Tedros បានផ្តល់​អនុសាសន៍​ចំនួន ៦​ចំណុច​សម្រាប់​ប្រទេស​ទាំងអស់ ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ COVID-19​។ ការណែនាំ​ទាំង​៦​ចំណុច​នេះ មានដូចជា​ការពង្រីក ហ្វឹកហ្វឺន បុគ្គលិក​សុខាភិបាល​សាធារណៈ និង​វិស័យ​សុខាភិបាល ការស្វែងរក និង​បើក​ប្រតិបត្តិការ​ស្វែ​ករក​អ្នក​ជនសង្ស័យ​មាន​ផ្ទុក​COVID-19 ចាប់ពី​ថ្នាក់មូលដ្ឋាន​ឡើងទៅ ការបង្កើន​ការផលិត​ឧបករណ៍​ធ្វើតេស្តរ​កកូ​រ៉ូ​ណាវី​រុស និង​ចង្វាក់​ផលិតកម្ម​លើ​សម្ភារ​សុខាភិបាល ការបំពាក់ ការអភិវឌ្ឍ ការផ្លាស់ប្តូរ ឧបករណ៍​ក្នុងការ​ព្យាបាល​អ្នកជំងឺ ការអភិវឌ្ឍ​គម្រោង​ឲ្យ​ច្បាស់លាស់ ជុំវិញ​ដំណើរការ​នៃ​ការដាក់​ច​ត្តា​ឡី​ស័ក និង​ការផ្តោត​សំខាន់​ទៅលើ​ការទប់ស្កាត់​ការរីក​សាយភាយ COVID-19 ដើម្បី​មិន​ឲ្យ​មាន​ករណី​ឆ្លង​បន្ថែមទៀត​។ 
 
​សូមបញ្ជាក់ថា មួយរយៈ​ចុងក្រោយ​នេះ ស្ថានភាព​ឆ្លង COVID-19 គឺមាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង​មែនទែន​នៅក្នុង​ប្រទេស​ចិន​។ រដ្ឋាភិបាល​ប្រទេស​អាស៊ី​មួយ​នេះ បានចាប់ផ្តើម​បន្ធូរបន្ថយ​ការបិទ​ក្រុង និង​អនុញ្ញាត​ឲ្យ​ប្រជាជន​ចេញពីផ្ទះ​ឡើងវិញ​។ បើទោះបីជា​ចិន​ធូរស្បើយ​បន្តិច​មែន ប៉ុន្តែ​តំបន់​អឺរ៉ុប បានប្រែក្លាយ​ជាទី​តាំង​ផ្ទុះ COVID-19​ថ្មី ខណៈពេល WHO ព្រមាន​ថា​អាមេរិក អាចជា​ទីតាំង​ផ្ទុះ​បន្ទាប់​៕

Tag:
 WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com