COVID-19
ជាតិ
ពលរដ្ឋខ្មែរ អាចបន្តស្នាក់នៅក្នុងប្រទេសថៃ ទោះទិដ្ឋាការឬបណ្ណការងារ ផុតកំណត់ ពលករខ្មែរ វិលត្រឡប់មកថៃ ដោយឆ្លងកាត់តាមអូរច្រករបៀង កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០
× ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយជំរុញឲ្យពលខ្មែរ ដែលចង់ត្រឡប់មកកម្ពុជា បន្តរស់នៅនិងធ្វើការនៅប្រទេសថៃជាបណ្តោះអាសន្ន។ ស្ថានទូត អះអាងថា ពលរដ្ឋខ្មែរអាចរស់នៅ និងធ្វើការនៅប្រទេសថៃ រហូតដាច់ខែមិថុនា ឆ្នាំ២០២០ ទោះបីសុពលភាពទិដ្ឋការនិងបណ្ណការងារផុតកំណត់ក៏ដោយ។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតកម្ពុជា។
ការជូនដំណឹង និងការជំរុញរបស់ស្ថានទូតកម្ពុជា ធ្វើឡើងក្រោយប្រទេសថៃ ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។ ការដាក់ប្រទេសក្នុងគ្រាអាសន្នរបស់ថៃ គឺបន្ទាប់ពីចំនួនអ្នកផ្ទុកកូវីដ-១៩ បន្តកើនឡើងជាលំដាប់។
បញ្ហាខាងលើ ធ្វើឲ្យថៃ ត្រូវបិទច្រកព្រំដែនជាមួយកម្ពុជា មិនឲ្យអ្នកដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន រហូតស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ មានភាពធូរស្បើយ។ ការបិទច្រកព្រំដែននេះ បានក្លាយជាកត្តារារាំងសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលចង់វិលត្រឡប់មកកាន់ប្រទេសកម្ពុជា។
ស្ថានទូត បញ្ជាក់ដូច្នេះ ក្នុងសេចក្តីប្រកាសព័ត៌មាន ដូច្នេះថា៖«ពលរដ្ឋខ្មែរ ដែលមានទិដ្ឋាការស្នាក់នៅនិងបណ្ណអនុញ្ញាតការងារផុតសុពលភាព អាចបន្តស្នាក់នៅជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី៣០ ខែមិថុនា ដោយលើកលែងការផាកពិន័យលើការស្នាក់នៅលើសកំណត់នេះ។ បើពលរដ្ឋខ្មែរចង់ធ្វើការបន្ត ត្រូវឲ្យនិយោជក បញ្ជូនបញ្ជីឈ្មោះទៅក្រសួង ឬមន្ទីរក្រុង-ស្រុក ឲ្យបានរួចរាល់ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០»។
មុនថៃប្រកាស ដាក់ប្រទេស ក្នុងគ្រាមានអាសន្ន និងបញ្ឈប់ឲ្យមានការធ្វើដំណើរចេញចូល ពលរដ្ឋខ្មែរ ប្រមាណ៤ម៉ឺននាក់ នៅថៃ បានសម្រុកមកស្រុកកំណើតវិញ។
គិតត្រឹមថ្ងៃទី២៦ ខែមីនា ថៃមានអ្នកផ្ទុកកូវីដ-១៩ ជាង១ពាន់នាក់ ក្នុងនោះស្លាប់៤នាក់ និងជាសះស្បើយ៨៨នាក់។ ចំណែក កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ ចំនួន៩៦នាក់ តែបានជាសះស្បើយវិញ១០នាក់៕
Tag:
COVID-19
ស្ថានទូតកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com