សៀមរាប៖ រយៈពេលជិតមួយខែមកហើយ ដែលកម្ពុជាពើបប្រទះនឹងវិបត្តិខ្លះៗ ដោយសារជំងឺកូវីដ១៩។ មួយខែមកនេះ ភ្ញៀវទេសចរក៏លែងសូវមាន ពលរដ្ឋមួយចំនួន ក៏លែងសូវមានចំណូល និង គ្មានការងារធ្វើក៏មាន ដែលធ្វើឲ្យសេដ្ឋកិច្ចជាតិមួយផ្នែក រងផលប៉ះពាល់។ ងាកទៅប្រជាពលរដ្ឋដែលលក់ដូរនៅតំបន់ប្រាសាទអង្គរវត្តវិញ ក៏កំពុងរងគ្រោះដែរ។ តូបមួយចំនួនធំ ត្រូវបានបិទទ្វារ មនុស្សក៏លែងដើរ អ្នកខ្លះបង្ខំចិត្តទ្រាំបើកតូបលក់ ដោយរំពឹងថាបានចំណូលខ្លះដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។ ក្រុមអាជីវករទាំងនោះក៏ចង់បិទតូចសម្រាកដែរ តែបារម្ភខ្លាចគ្មានលុយបង់ធនាគារ ជាងការបារម្ភពីជំងឺកូវីដ-១៩ ទៅទៀត។
ព័ត៌មានពិស្ដារ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
ជាខេត្តទេសចរណ៍ ធ្លាប់តែមានមនុស្សអ៊ូអរនៅតាមប្រាសាទ ប្រែជាស្ងប់ស្ងាត់ និងឮតែសំឡេងធម្មជាតិទួញថ្ងួរ។ គ្មានឡើយសំឡេងមគ្គុទ្ទេសក៍ដែលធ្លាប់និយាយពន្យល់ភ្ញៀវឲ្យដឹងពីប្រវត្តិ និងតម្លៃជាអច្ឆរិយនៃសំណង់ប្រាសាទ ជំនួសដោយសំឡេងចាបយំល្វើយៗពីដើមឈើធំៗជុំវិញ។
ម៉ោងជាង១០ទៅហើយ ធ្លាប់តែមនុស្សចេញចូលអ៊ូអររកម្ហូបអាហារហូបក្រោយហត់នឿយដើរកម្សាន្ត តូបលក់ដូរមុខប្រាសាទអង្គរវត្ត ធ្លាប់ល្បីមាន់អាំងឈ្ងុយឆ្ងាញ់ ក៏មានស្ថានភាពស្ងាត់ដែរ។ អ្នកលក់មានពេលជុំគ្នា ជជែករឿងពីនេះពីនោះ ក្នុងបរិយាកាសដែលប្រជាពលរដ្ឋកំពុងព្រួយបារម្ភជំងឺឆ្លងកូវីដ១៩ ដោយសំងំនៅតែក្នុងផ្ទះ។
អ្នកស្រី ទី សាមិត ជាអ្នកលក់បាយសម្លមាន់អាំងមួយរូបបាននិយាយថា ការលក់ដូររបស់អ្នកស្រីស្ងប់ស្ងាត់ និងលក់មិនដាច់នេះប្រមាណ១ខែមកហើយ ក្រោយផ្ទុះជំងឺកូវីដ១៩។ ការណ៍នេះធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់អ្នកស្រី សាមិត ពិសេសគឺការប្រឈមមុខគ្មានលុយបង់ធនាគារ។ អ្នកស្រីប្រាប់ថា៖« ប៉ះពាល់ធ្ងន់ធ្ងរ ព្រោះថារាល់ថ្ងៃមានតែចំណាយ បញ្ហាខ្លាំងគឺធនាគារ បើអាចសុំឲ្យធនាគារអាចពន្យារពេលបន្ដិច ព្រោះថាការលក់រាល់ថ្ងៃខាតជាន់ខាត ចំណាយទិញរបស់មកលក់ ធ្វើលក់មិនដាច់ សល់ចោល...»។
បើទោះបីជាមិនសូវមានអតិថិជនក៏ដោយ តែអ្នកស្រី សាមិត បន្តបើកតូបតាមបែបផ្សងសំណាង ដោយរំពឹងថាអាចមានភ្ញៀវនៅពេលណាមួយ។ ការផ្សងសំណាង កំពុងធ្វើឲ្យអ្នកស្រី សាមិត ប្រឈមមុខទៅនឹងករណីឆ្លងជំងឺកូវីដ១៩។ តែជំងឺកាចសាហាវ មិនបានធ្វើឲ្យអ្នកលក់ម្ហូបបាយនៅមុខអង្គរវត្តជិត១០ឆ្នាំមកនេះខ្លាចរអាខ្លាំងទេ តែអ្វីដែលអ្នកស្រីកំពុងភ័យខ្លាចនៅពេលនេះ គឺគ្មានលុយបង់ធនាគារ។ អ្នកស្រី សាមិត ត្រូវបង់ធនាគារដែលត្រូវសងប្រមាណ៣ឆ្នាំទៅមុខទៀតចំនួន៤០០ដុល្លារជាប្រចាំខែ។ និយាយដោយទឹកមុខស្រពោន និងគិតទៅឆ្ងាយ ស្ដ្រីវ័យខ្ទង់៤០ឆ្នាំរូបនេះ ចង់ឲ្យធនាគារក៏ដូចជាអង្គការផ្តល់ប្រាក់កម្ចីទាំងអស់ អាចបន្ថយការបង់ជាប្រចាំខែក្នុងកាលៈទេសៈនេះ ហើយចាំបង់បង្គ្រប់ក្រោយស្ថានការណ៍ស្ងប់ស្ងាត់ទៅវិញ។
ងាកទៅមើលការលក់ដូររបស់អ្នកស្រី មុំ វិញក៏មិនខុសគ្នាដែរ។ មានរទេះមួយទុកឥវ៉ាន់ដូចជាមួក ខ្សែដៃ វែនតាយ៉ាងសន្ធឹក ថ្ងៃខ្លះអ្នកស្រី មុំ លក់មិនបានលុយ១ម៉ឺនរៀលទៅផ្ទះផង ដែលខុសពីពេលមុនៗក្នុងមួយថ្ងៃលក់បានខ្ទង់២០ម៉ឺនទៅ៣០ម៉ឺនរៀល។ ចំណូលទាំងនេះមិនអាចឲ្យស្ដ្រីដែលមានកូន៣នាក់ក្នុងបន្ទុកចាយវាយគ្រប់គ្រាន់ឡើយ។ ដោយសារស្ថានការណ៍នេះ ធ្វើឲ្យជីវភាពគ្រួសារអ្នកស្រី មុំ ខ្វះមុខខ្វះក្រោយ និងគ្មានលុយទិញម្ហូបនៅផ្សារក៏មាន។ កាលៈទេសៈនេះ ទោះថ្ងៃខ្លះលក់ដាច់ឬមិនដាច់ ក៏អ្នកស្រី មុំ ត្រូវអូសរទេះ និងរៀបចំឥវ៉ាន់លក់ដូរដែរ ព្រោះបញ្ហាប្រឈមកំពុងនៅពីមុខទាំងការចំណាយក្នុងផ្ទះ និងត្រូវបង់ធនាគារមួយខែ២០០ដុល្លារ។
រីឯតូចលក់មីឆា និងភេសជ្ជៈរបស់អ្នកស្រី ទី សាម៉ែន ដែលនៅក្រោមម្លប់ឈើមួយទៀតក្បែរកន្លែងអ្នកស្រី មុំ មានសភាពមិនខុសគ្នាដែរ។ អ្នកទាំង២កំពុងជជែកពីកង្វល់រឿងជំងឺឆ្លងប្រភេទថ្មី និងកង្វល់គ្មានចំណូលចូលផ្ទះក្នុងរដូវនេះមុនអ្នកសារព័ត៌មានទៅដល់បន្ដិច។ បន្តជជែកជាមួយអ្នកសារព័ត៌មានពីបញ្ហានេះ អ្នកស្រី សាម៉ែន រៀបរាប់ថា មកដល់ម៉ោង១០ព្រឹកទៅហើយអ្នកស្រីទើបលក់ទឹកសុទ្ធបានលុយ៥០០រៀលតែប៉ុណ្ណោះ ខុសពីមុនៗដែលលក់គ្មានពេលសម្រាកផង។ អត់មានប្រាក់ចាយវាយក្នុងផ្ទះម្យ៉ាង តែបញ្ហាធំ គឺអ្នកស្រីនៅបារម្ភគ្មានប្រាក់បង់ធនាគារដែលអ្នកស្រីត្រូវបង់ជាង២០០ដុល្លារក្នុងមួយខែ។
បើទោះបីជាតូបលក់ដូរជាច្រើនបានបិទទ្វារដោយសារបារម្ភឆ្លងជំងឺក្ដី តែអ្នកស្រី សាម៉ែន បន្តលក់ដូរធម្មតា។ អ្នកស្រីប្រាប់ថា៖« គំនិតខ្ញុំ បើនៅផ្ទះមិនដឹងមានអីហូប ចឹងចេះតែមកលក់លេងៗ ថ្ងៃខ្លះបាន១ម៉ឺន ២ម៉ឺន គ្រាន់តែទិញអង្ករ ម្ហូប...តែលក់យូរអស់ទាំងលុយទាំងឥវ៉ាន់...សុំឲ្យអង្គការទាំងអស់យោគយល់ យើងសុទ្ធតែមិនចង់អ៊ីចឹងទេ ខ្ញុំសង្ឃឹមលើអង្គរវត្ត តែបើអង្គរអត់ភ្ញៀវ លក់អត់បាន សំណូមពរបើអាចពន្យារពេលជួយពន្យារផង»។
ភាពស្ងប់ស្ងាត់គ្មានមនុស្សដើរដោយបារម្ភខ្លាចជំងឺឆ្លងនៅពេលនេះ ក៏ធ្វើឲ្យអ្នកស្រី ឃុត សុខា ងឿងឆ្ងល់ដែរ។ ជាអ្នកលក់បាយម្ហូបមុខអង្គរវត្តជិត២០ និងបានជួបស្ថានការណ៍ប្រហាក់ប្រហែលនេះច្រើនលើក អ្នកស្រី សុខា ថាមិនដែលឃើញអង្គរវត្តគ្មានមនុស្សដើរដូច្នេះទេ។ «មិនដែលជួបស្ថានការណ៍បែបនេះទេ កាលមុនមានជំងឺដែរ តែមិនដល់ថ្នាក់នេះទេ ដូចជាកាលមានជំងឺអេដស៍ ជំងឺសារ និងជំងឺផ្ដាសាយបក្សី តែជំងឺនេះគឺស្ងាត់សូន្យតែម្ដង»។ អ្នកស្រី សុខា បន្ថែម។
អ្នកស្រី សុខា បង្ហាញពីគោលជំហររបស់អ្នកស្រីក្នុងកាលៈទេសៈនេះយ៉ាងដូច្នេះថា៖ «ទោះស្ថានការណ៍បែបនេះ ក៏មិនព្រមទៅណាដែរ ជីវភាពយើងមានតែប៉ុណ្ណឹង តែលក់រាល់ថ្ងៃនេះខាតច្រើន បុគ្គលិក៥នាក់ មួយថ្ងៃ១៥,០០០រៀល មិនដឹងឲ្យគ្នាទៅណា»៕