ក្លិបក្នុងក្របខណ្ឌ Bundesliga ចំនួនបួនដែលលេងនៅ Champions League រដូវកាលនេះ សន្យារួមគ្នាផ្តល់ប្រាក់ចំនួន ២០ លានអឺរ៉ូ (២២,៤៣ លានដុល្លារអាមេរិក) ដើម្បីសម្រួលដល់ក្លិបនៅអាល្លឺម៉ង់ដ៏ទៃទៀតដែលជួបបញ្ហាហិរញ្ញវត្ថុអំឡុងពេលមានវិបត្តិ COVID-19។
ក្លិបទាំង៤ ដែលរួមមាន Bayern Munich, Borussia Dortmund, RB Leipzig និង Bayer Leverkusen នឹងយកប្រាក់ចំណូលរបស់ពួកគេដែលរកបានពីប្រព័ន្ធផ្សព្វផ្សាយជាតិ បូករួមជាមួយប្រាក់ផ្ទាល់ខ្លួនសម្រាប់ការបរិច្ចាគនេះ។
សហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ (DFL) នឹងសម្រេចថា ប្រាក់ដែលបរិច្ចាគ នឹងត្រូវចែកចាយដោយរបែបណានោះ។
«យើងចង់បង្ហាញសញ្ញានៃសាមគ្គីភាពទៅកាន់ក្លិបទាំងអស់នៅក្នុងក្របខណ្ឌ Bundesliga និង Bundesliga 2 ។ នាយកប្រតិបត្តិក្លិប Bayern Munich លោក Karl-Heinz Rummenigge លើកឡើងដូច្នេះ ដោយលោកបានមើលឃើញថា អាចនឹងមានក្លិបមួយចំនួនប៉ះពាល់ផ្នែកហិរញ្ញវត្ថក្រោយការផ្អាកប្រកួតរយៈពេលវែង។
ការប្រកួតចុងក្រោយនៅ Bundesliga គឺនៅថ្ងៃទី១១ ខែមីនា ហើយលីគកីឡាបាល់ទាត់កំពូលរបស់អាល្លឺម៉ង់មួយនេះត្រូវបន្តផ្អាកចាប់ពីថ្ងៃទី១៣ ខែមីនាតទៅ ដោយសារតែ Covid-19 រាតត្បាតខ្លាំងនៅទូទាំងពិភពលោក។
ចំណែកនាយកប្រតិបត្តិក្លិប Dortmund លោក Hans-Joachim Watzke ក៏បានររៀបរាប់ជុំវិញការរួមគ្នាបរិច្ចាគនេះដែរថា៖« យើងតែងតែនិយាយថាយើងនឹងបង្ហាញសាមគ្គីភាពប្រសិនបើក្លិបនានាជួបការលំបាក ហើយពួកគេមិនអាចជួយខ្លួនឯងបាន»។
ក្លិបយក្សនៅនៅអាល្លឺម៉ង់នេះ មើលពីផលលំបាក ខណៈ COVID-19 កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់គ្រប់វិស័យកីឡា និងសង្គម។ ពួកគេអះអាងថាបានត្រៀមជួយក្លិបបាល់ទាត់អាជីពផ្សេងទៀតប្រសិនបើវាជាបញ្ហាហិរញ្ញវត្ថុ។
ក្រៅពីក្លិបទាំង៤ខាងលើ មានកីឡាករមួយចំនួនដែលប្រកបអាជីពក្នុងលីគកំពូលអាល្លឺម៉ង់ រួមទាំងក្រុមជម្រើសជាតិអាល្លឺម៉ង់ផងបានបរិច្ចាគប្រាក់រៀងខ្លួនដើម្បីចូលរួមក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវនេះ។ កីឡាករខ្លះទៀត សុខចិត្តកាត់ប្រាក់ខែខ្លួន ដើម្បីសម្រួលដល់បុគ្គលិកក្លិប ដែលស្ថិតក្រោមការចំណាយរបស់ក្លិប ខណៈមិនមានចំណូលអំឡុងពេលផ្អាកការប្រកួត។
គិតត្រឹមថ្ងៃទី២៧ ខែមីនានេះ អាល្លឺម៉ង់មានស្លាប់ដោយសារ COVID-19 ចំនួន២៦៧ ឆ្លង ៤៣៩៨៣ករណី និងសះស្បើយ ៥៦៧៣ករកណី។ រីឯចំនួនអ្នកស្លាប់ជុំវិញពិភពលោកមាន ២៤០៨៩នាក់ ឆ្លង ៥៣២២៣៧ករណី និងសះស្បើយវិញចំនួន ១២៤៣២៦ករណី៕