COVID-19
ជាតិ
គ្រួសារ​អ្នកបើក​ឡាន​ដឹក​ភ្ញៀវ​បារាំង និង​អ្នកពាក់ព័ន្ធ​មួយចំនួន​តេស្ដ​អវិជ្ជមាន COVID-19
27, Mar 2020 , 4:49 pm        
រូបភាព
​សៀមរាប​៖ លទ្ធផល​តេស្ដ​បាន​បញ្ជាក់ថា ក្រុមគ្រួសារ​អ្នកបើករថយន្ត​ដឹក​ទេសចរ​ជនជាតិ​បារាំង ពុំមាន​ជំងឺ​កូ​វីដ​១៩​នោះទេ​។ អ្នកបើករថយន្ត​ទេសចរ​ដឹក​ជនជាតិ​បារាំង​៣៧​នាក់ អំឡុងពេល​ដើរ​កម្សាន្ត​ក្នុង​ខេត្តសៀមរាប ត្រូវបាន​ក្រសួងសុខាភិបាល​ប្រកាស​នៅ​យប់​ថ្ងៃទី​២៥ មីនា ថា​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​

 
​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បាន​បញ្ជាក់ថា សមាជិកគ្រួសារ​បុរស​អ្នកបើករថយន្ត​ទាំង​៥​នាក់ ធ្វើតេស្ដ​អវិជ្ជមាន កូ​វីដ​១៩​។ លោក​ប្រាប់ថា ក្រុមគ្រួសារ​បានបង្ហាញ​អារម្មណ៍​ត្រេកអរ​ជាខ្លាំង ក្រោយ​ទទួលបាន​លទ្ធផល​នៅ​ព្រឹក​ថ្ងៃទី​២៧ មីនា​។ តាម​លោក​ប្រធាន​មន្ទីរ​សុខាភិបាល អ្នកពាក់ព័ន្ធ​ដោយផ្ទាល់​មួយចំនួនធំ​ជាមួយ​ក្រុម​ទេសចរ​ជន​ជាតិ​បារាំង ដែល​បាន​ប្រមូល​ទៅធ្វើ​តេស្ដ សុទ្ធសឹង​ចេញ​លទ្ធផល​អវិជ្ជមាន​។​
 
​ក្រៅពី​អ្នក​ប៉ះពាល់​ដោយផ្ទាល់ មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​ក៏បាន​ចុះ​អប់រំ​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​រាប់សិប​នាក់​ទៀតផង​ដែរ​។ ពួកគេ​ត្រូវបាន​ណែនាំ​ឱ្យធ្វើ​ច​ត្ដា​ឡី​ស័ក​ខ្លួនឯង​នៅផ្ទះ​រៀងៗ​ខ្លួន​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ក្រុស សារ៉ាត់ ហើយ​ថា​ក្រុមគ្រូពេទ្យ​នៅ​បន្ត​តាមដាន​សុខភាព​ពួកគេ​ទាំងនោះ​យ៉ាង​យកចិត្តទុកដាក់​។ 
 
​ក្រុម​ទេសចរ​ជនជាតិ​បារាំង​៣៧​នាក់ បានធ្វើ​ដំណើរ​កម្សាន្ត និង​ស្នាក់នៅ​ខេត្តសៀមរាប​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៤ មីនា ហើយ​ត្រូវបាន​រកឃើញ​មាន​ជំងឺ​កូ​វីដ​១៩​នៅ​ក្រុងព្រះសីហនុ ដែលជា​គោលដៅ​ចុងក្រោយ បន្ទាប់ពី​ឆ្លងកាត់​ខេត្តបាត់ដំបង និង​រាជធានី​ភ្នំពេញ​។ លោក ក្រុស សារ៉ាត់ មិនបាន​បញ្ជាក់ថា​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​សង្ស័យថា​ឆ្លង​ជំងឺ​កូ​វីដ​១៩​ពី​ក្រុម​ទេសចរ​ជនជាតិ​បារាំង​ទាំង​នោះទេ តែ​ថា​តួលេខ​អាច​ច្រើន​រយ​នាក់​។ តែ​លោក​បាន​ពន្យល់ថា ករណី​ឆ្លង​អាចមាន​ទាប​បំផុត ជារួម​មកដល់ពេលនេះ​គឺ​ហួស​រយៈពេល​នៃ​ការឆ្លង​ទៅហើយ បើ​រាប់​ចាប់ពី​ក្រុម​ទេសចរ​ទាំងនោះ​ស្នាក់នៅ​ខេត្តសៀមរាប​តាំងពី​ថ្ងៃទី​១១ មីនា​មក​។​
 
​គួរ​បញ្ជាក់ថា មកដល់ពេលនេះ ខេត្តសៀមរាប​មាន​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​៥នាក់ ក្នុងនោះ​រួមមាន​បុរស​ជនជាតិខ្មែរ​អាយុ​៣៨​ឆ្នាំ ត្រូវបាន​រកឃើញ​នៅ​ថ្ងៃទី​៧ មីនា​, ទី​២ បុរស​ជនជាតិខ្មែរ​ត្រឡប់​ពី​ចូលរួម​បុណ្យ​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី រកឃើញ​នៅ​ថ្ងៃទី​១៦ មីនា ទី​៣, បុរស​ជនជាតិខ្មែរ ជា​អ្នកបើករថយន្ត​ដឹក​ទេសចរ​ជនជាតិ​បារាំង រកឃើញ​នៅ​ថ្ងៃទី​២៥ មីនា និង​ទី​៤​ទី​៥ គឺ​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​២​នាក់ ប្រកាស​នៅ​យប់​ថ្ងៃទី​២៦ មីនា ដោយ​ធ្វើតេស្ដ​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​នៅ​ប្រទេស​ថៃ តែ​ធ្វើដំណើរ​តាម​ច្រកព្រំដែន​ប៉ោយប៉ែត​មកសុំ​ព្យាបាល​នៅ​សៀមរាប ដោយ​លើក​ហេតុផល​ថា​គ្មាន​ប្រាក់​សម្រាប់​ព្យាបាល​៕

© រក្សាសិទ្ធិដោយ thmeythmey.com