ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្រ្តី ស្នើរដ្ឋសភា ដូររដ្ឋមន្រ្តី៤រូប
27, Mar 2020 , 9:19 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី និងសម្តេចប្រធានរដ្ឋសភា នាពិធីប្រារព្ធខួប៦៨ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ (រូបពី AFP)
សម្តេចនាយករដ្ឋមន្រ្តី និងសម្តេចប្រធានរដ្ឋសភា នាពិធីប្រារព្ធខួប៦៨ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ (រូបពី AFP)
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើលិខិតជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីសុំឲ្យរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងនិងការកែសម្រួលសមាសភាពរដ្ឋាភិបាល។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះលិខិតនេះ លើគណនីហ្វេសប៊ុករបស់លោក នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។



បើតាមលិខិតនោះ មានរដ្ឋមន្រ្តីថ្មី៤រូប ដែលត្រូវបានស្នើឲ្យតែងតាំង រួមមាន លោក កើត រិទ្ធ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជំនួសលោក អង្គ វង្សវឌ្ឍានា, លោក ព្រុំ សុខា ជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជំនួសលោក ពេជ្រ ប៊ុនធិន, លោក ជា វ៉ាន់ដេត ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជំនួសលោក ត្រាំ អ៊ីវតឹក, និង លោក ឈិត សុខុន ជារដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ជំនួសលោក ហ៊ឹម ឆែម។ 

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីទាំង៤រូប ដែលនឹងត្រូវប្តូរចេញ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ស្នើឲ្យតែងតាំងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសទាំងអស់គ្នា។ 

ចំណែកលោក ចម ប្រសិទ្ធ នៅតែមានឋានៈជាទេសរដ្ឋមន្រ្តី និងកាន់ដំណែងរដ្ឋមន្រ្តីដដែល ដោយសម្តេចនាយករដ្ឋមន្រ្តី ស្នើឲ្យតែងតាំងលោក ជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលប្តូរឈ្មោះមកពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ 

ក្នុងលិខិតចុះនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា ការស្នើសុំតែងតាំងនិងកែសម្រួលសមាសភាពរដ្ឋាភិបាលនាពេលនេះ គឺយោងទៅតាមតម្រូវការចាំបាច់ ក្នុងការបង្កើនប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាល។

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គវិសាមញ្ញ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងនិងការកែសម្រួលសមាសភាពរដ្ឋាភិបាលនេះ៕ 


Tag:
 រុះរើគណៈរដ្ឋមន្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com