COVID-19
ជាតិ
សេដ្ឋកិច្ច
COVID-19៖ ក្រសួងពាណិជ្ជកម្ម ស្នើ​ពលរដ្ឋ​កុំ​ជ្រួលច្របល់ ដែល​នាំ​ឲ្យ​អាជីវករ​ឆ្លៀតឱកាស​ដំឡើងថ្លៃ​ទំនិញ​
28, Mar 2020 , 10:59 pm        
រូបភាព
រូបភាពពីអគ្គនាយកដ្ឋានកាំកុងត្រូល
រូបភាពពីអគ្គនាយកដ្ឋានកាំកុងត្រូល
ដោយ:
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម អំពាវនាវ​ដល់​ពលរ​ដ្ឋ​កុំ​ស្លន់ស្លោរ និង​ជ្រួលច្របល់​ហួសហេតុ​ពេក ដែល​នាំ​ឲ្យ​អាជីវករ​មួយចំនួន​ឆ្លៀតឱកាស​ដំឡើងថ្លៃ​ទំនិញ ដើម្បី​យក​ផលចំណេញ​ពី​ពលរដ្ឋ​។ ការអំពាវនាវ​នេះ ធ្វើឡើង​ស្របពេល​ពលរដ្ឋ​កំពុង​ព្រួយបារម្ភ​ពី​បញ្ហា​ជំងឺ​COVID-19 ហើយ​នាំគ្នា​ទៅ​ទិញ​ទំនិញស្តុក​ទុក សម្រាប់​បរិភោគ​ប្រចាំថ្ងៃ​។

 
​តាំងពី​ជំងឺ​កូ​វីដ​-១៩ ផ្ទុះ​ឡើងមក ក្រសួងពាណិជ្ជកម្ម កត់សម្គាល់ថា អាជីវករ​ដែល​លក់ទំនិញ​តាម​អន​ឡាញ និង​ឱសថស្ថាន​នានា ដែល​លក់​ម៉ាស់ ជែ​ល​លាងដៃ ទឹក​អាល់កុល ម៉ាស៊ីន​វាស់​កម្តៅ និង​គ្រឿងឧបភោគ រួមទាំង​ចំណីអាហារ និង​ទំនិញ​ផ្សេងៗ គឺ​សុទ្ធ​នាំគ្នា​ដំឡើងថ្លៃ​ហួស​ពី​ទីផ្សារ​លក់​កន្លងមក​។ ក្រសួង​ចាត់ទុក​ទង្វើ​នេះ អាច​នឹង​បង្ក​ឲ្យ​ចលាចល និង​ប៉ះពាល់​ដល់​សង្គមជាតិ​។ 
 
​ជាមួយគ្នា​ដែរ ក្រសួងពាណិជ្ជកម្ម បាន​អំពាវនាវ​ឲ្យ​អាជីវករ​ទាំងអស់ ត្រូវ​បិទ​ស្លាក​តម្លៃ​ជា​ប្រាក់រៀល​លើ​គ្រប់មុខ​ទំនិញ ដែល​សំដៅ​ធានាបាន​នូវ​យន្តការ សេដ្ឋកិច្ច​ទីផ្សារសេរី ការប្រកួតប្រជែង​ដោយ​សមធម៌ និង​លើកស្ទួយ ដល់​ចរាចរ​រូបិយវត្ថុ​ក្នុងស្រុក ក្នុង​គោលបំណង​បម្រើ​ផលប្រយោជន៍​ប្រជាជន​ទូទៅ​។​
 
​ជាពិសេស​ទឹក​អាល់កុល ម៉ាស់ ម៉ាស៊ីន​វាស់​កម្តៅ ជែ​ល​លាងដៃ ដែល​កំពុងតែ​ចរាចរ​នៅ​ទីផ្សារ ត្រូវ​លើក​ស្លាក​ថ្លៃ​ជា​ប្រាក់រៀល​ឲ្យ​មាន​ទំហំ​ធំ ដើម្បី​រួមគ្នា​លើកស្ទួយ​រូបិយ​វត្ថ​នៅ​កម្ពុជា​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងពាណិជ្ជកម្ម​។​
 
​កន្លងមកនេះ​ក្រសួងពាណិជ្ជកម្ម ដែល​សហការ​ជាមួយនឹង​អគ្គនាយក​កាំកុងត្រូល បាន​ចុះទៅ​ត្រួតពិនិត្យ​នៅ​កន្លែង អាជីវករ​លក់ទំនិញ​មួយចំនួន ដោយបាន​ប្រមូលយក​សម្ភារ​ក្លែងក្លាយ ក្នុងនោះ​មានទឹក​អាល់កុល​ជាច្រើន​លីត្រ​ផងដែរ ។​
 
​កាលពី​ថ្ងៃទី​២៥ ខែមីនា នា​កិច្ច​សំណេះសំណាល​ជាមួយនឹង​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចំនួន​៤២២​នាក់​នៅ​វិមាន​សន្តិភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ព្រមាន​ថា បើ​មាន​កន្លែង​ណា​លក់​ម៉ាស់​ថ្លៃ កន្លែង​នោះ​នឹងត្រូវ​រឹបអូស​ម៉ាស់ ឬ​ឈានដល់​ការបិទ​អា​ជី​កម្ម​អស់​មួយជីវិត​តែម្ដង​។ 
 
​ត្រឹម​ថ្ងៃទី​២៨ មីនា​នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​COVID-19 មាន​ចំនួន​១០២​នាក់ ក្នុងនោះ​ជាសះស្បើយ​១៣​នាក់​ហើយ​។ ក្នុងចំណោម​អ្នកជា​សះស្បើយ​នេះ មាន​ជនជាតិខ្មែរ​១១​នាក់ អង់គ្លេស​១​នាក់ និង​ចិន​១​នាក់​៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com