COVID-19
ជាតិ
សង្គមជាតិ
ប្រធានមន្ទីរពាណិជ្ជកម្មសៀមរាបស្នើឱ្យអ្នកលក់ម៉ាសនិងទឹកអាល់កុលគិតពីសីលធម៌សង្គម
× សៀមរាប៖ រដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យអាជីវករទាំងអស់កុំដំឡើងថ្លៃម៉ាស ខណៈដែលប្រជាពលរដ្ឋកំពុងមានតម្រូវការខ្ពស់។ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ក៏យកចិត្តទុកដាក់លើការងារនេះដែរ ដោយបានចុះពិនិត្យ និងណែនាំឱ្យអាជីវករលក់ដូរឱ្យបានត្រឹមត្រូវ មិនត្រូវឆ្លៀតតម្លើងថ្លៃទំនិញណាមួយទេ។ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ទទួលស្គាល់ថាពិតជាមានអ្នកឆ្លៀតឱកាស និងស្នើឱ្យអ្នកលក់ទាំងនោះ គិតពីសីលធម៌ និងរួមចំណែកជួយសង្គមក្នុងកាលៈទេសៈនេះ។
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប លោក ភឿន គឹមលី បានប្រាប់សារព័ត៌មានតាមទូរសព្ទ នៅរសៀលថ្ងៃទី២៨ មីនាថា យ៉ាងហោចណាស់មានឱសថស្ថាន៤កន្លែង ដែលជំនាញបានដកហូតអាល់កុលដោយសង្ស័យថា ជាទឹកអាល់កុលក្លែងក្លាយ ឬគ្មានគុណភាព។ បន្ថែមពីនេះ មន្ត្រីជំនាញនៃមន្ទីរពាណិជ្ជកម្មខេត្ តក៏បានរកឃើញទីតាំងលក់ម៉ាសមួយចំនួនដែលលក់ក្នុងតម្លៃខ្ពស់ផងដែរ។
លោក ភឿន គឹមលី បន្ថែមទៀតថា៖« កន្លងមកយើងបានចេញលិខិតសុំកុំឱ្យដំឡើងថ្លៃរួចហើយ គ្រប់គ្នាសំណូមពរកុំឱ្យឡើងថ្លៃរួចហើយ...គំនិតខ្ញុំ អ្នកប្រើប្រាស់គួរជួយមួយចំណែកដែរ ទី១ គួរជ្រើសរើសលទ្ធភាពប្រើប្រាស់របស់ផ្សេងជំនួស ដូចជាក្រមា ឬការកែច្នៃអ្វីផ្សេង មួយទៀត កន្លែងណាលក់ដំឡើងថ្លៃ ខុសពីតម្លៃដែលយើងធ្លាប់ទិញកន្លង គួរឈប់ទិញទៀតថ្ងៃក្រោយ...ទោះយើងគ្មានច្បាប់ចាប់ដាក់គុក តែអ្នកលក់គួរមានសីលធម៌ទទួលខុសត្រូវ ត្រូវមានភាពស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក»៕
សូមស្ដាប់ការលើកឡើងរបស់លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរសព្ទនារសៀលថ្ងៃទី២៨ មីនា ដូចតទៅ
© រក្សាសិទ្ធិដោយ thmeythmey.com