ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីកសិកម្ម ប្រាប់មន្ត្រីខ្លួនឱ្យកាត់បន្ថយការចំណាយមិនចាំបាច់ ហើយពង្រឹងហិរញ្ញប្បទានដល់កសិករ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រូបពីហ្វេសប៊ុក្រសួង)
× ដោយ៖ សែម មូនីតា
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់មន្ត្រីខ្លួនឱ្យកាត់បន្ថយរាល់ការចំណាយផ្សេងៗដែលពុំចាំបាច់ ហើយពង្រឹងធ្វើហិរញ្ញប្បទានដល់ប្រជាកសិករ ដើម្បីអាចឱ្យពួកគេមានលទ្ធភាពបង្កើតកសិដ្ឋានថ្មី តាមលក្ខណបច្ចេកទេស។ វិធានការរបស់រដ្ឋមន្ត្រីកសិកម្ម មាន៤ចំណុច ដើម្បីឆ្លើយតបនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃស្ថានភាពជំងឺកូវីដ១៩នេះ។
លោក វេង សាខុន បានណែនាំឱ្យមន្ត្រីទាំងអស់ ត្រូវពិនិត្យសកម្មភាពឆ្លើយតបជាបន្ទាន់ក្នុងគម្រោង ដើម្បីដោះស្រាយបញ្ហាទឹកដោយប្រើប្រាស់សន្សំសំចៃ ជាពិសេសជួយជីក និងស្ដារស្រះ ត្រពាំង និងអណ្ដូងជាដើម។ ក្រៅពីនេះ មន្ត្រីទាំងអស់ ត្រូវរៀបចំបណ្ដុះបណ្ដាលផ្សព្វផ្សាយអំពីបច្ចេកទេស ការអនុវត្តកសិកម្មល្អ(GAP) និងការធ្វើហិរញ្ញប្បទានដល់ប្រជាកសិករតាមគ្រប់រូបភាពសំដៅដល់ការបង្កើតកសិដ្ឋានថ្មីៗ ព្រមទាំងគាំទ្រ និងពង្រីកទំហំផលិតកម្មស្បៀងដែលឆាប់ផ្ដល់ផល។
មិនតែប៉ុណ្ណោះមន្ត្រីទាំងអស់ ត្រូវពិនិត្យខ្ទង់ថវិកា ដែលអាចយកមកអនុវត្តសកម្មភាពឆ្លើយតបជាបន្ទាន់ ពន្លឿនការអនុវត្តកម្មវិធី និងសកម្មភាពទូទាត់ថវិកាឱ្យបានទាន់ពេលវេលា និងកាត់បន្ថយនូវរាល់ការចំណាយ ដែលមិនចាំបាច់នានា។ ចំពោះលក្ខខណ្ឌនៃការស្នើសុំថវិកាបុរេប្រទានគម្រោង ការសម្រួលនីតិវិធីលទ្ធកម្ម និងការធ្វើវិភាជន៍ថវិកា ត្រូវបន្ធូបន្ថយ ដើម្បីមានលទ្ធភាពពេញលេញក្នុងការអនុវត្តការងារ ដែលកំពុងតែចាំបាច់។ នេះជាការបញ្ជាក់របស់លោក វេង សាខុន។
រដ្ឋមន្ត្រីកសិកម្មរូបនេះ បានបញ្ជាក់ថា៖«ត្រូវជំរុញដល់អង្គភាព និងភាគីពាក់ព័ន្ធដែលទទួលបានហិរញ្ញប្បទានពីគម្រោងឱ្យមានវិធានការផ្សព្វផ្សាយ និងពង្រីកទីផ្សារលក់ផលិតផលឱ្យកាន់តែមានភាពសកម្ម និងខ្លាំងក្លាជាងមុន»។
បើតាមលោក វេង សាខុន វិធានការទាំងនេះ មានទិសដៅបង្កើនផលិតកម្មសន្តិសុខស្បៀងក្នុងស្រុក ដើម្បីឆ្លើយតបជាបន្ទាន់ ដល់កម្មរិធីគម្រោងអភិវឌ្ឍន៍នានា ក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ (Covid 19)៕
© រក្សាសិទ្ធិដោយ thmeythmey.com