ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​វីតាមីន D អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩​ដែរ​ទេ​?
30, Mar 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​វីតាមីន D គឺជា​វីតាមីន​រលាយ​ក្នុង​ខ្លាញ់​ដែល​ដើរតួនាទី​យ៉ាងសំខាន់​មួយចំនួន​សម្រាប់​រាងកាយ​។ ជីវជាតិ​មួយ​នេះ​មាន​លក្ខណៈពិសេស​សម្រាប់​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ ដែលជា​ហេតុ​នាំ​ឲ្យ​មនុស្ស​ជាច្រើន​ឆ្ងល់​ថា តើ​វា​អាចជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩ បាន​ឬ​អត់​។


 
​វា​គឺជា​រឿង​សំខាន់​មួយ​ដែល​ត្រូវ​ចំណាំ​ថា វា​មិនទាន់មាន​ការព្យាបាល និង​បង្ការ​ណាមួយ​សម្រាប់​ជំងឺ​កូ​វីដ​១៩ នេះ​នៅឡើយ​ទេ ក្រៅ​រស់នៅ​ដាច់​ឆ្ងាយ​ពី​គេ និង​អនាម័យ​ដៃជើង​ឲ្យ​បានល្អ​នោះ​។ អ្នកស្រាវជ្រាវ​ខ្លះ​បាន​បង្ហាញថា ការដែល​ទទួលបាន​ក​ម្រិ​ត​វីតាមីន D ត្រឹមត្រូវ ព្រមទាំង​ការ​ញ៉ាំ​ថ្នាំ​បំប៉ន​វីតាមីន D អាចជួយ​រក្សា​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​នៅ​ខ្លាំង និង​អាច​បង្ការ​ជំងឺ​ផ្លូវដង្ហើម​ទូទៅ​បាន​។ 
 
​វីតាមីន D មាន​សារៈសំខាន់​សម្រាប់​មុខងារ​ខ្លាំងក្លា​របស់​ប្រព័ន្ធ​ភាពស៊ាំ ដែលជា​របាំង​ការពារ​ការបង្ក​រោគ និង​ជំងឺ​ជួរមុខ​គេ​។ វា​ត្រូវបាន​គេ​ដឹងថា ជួយ​រំ​រុញ​ដល់​មុខងារ​របស់​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ ដើម្បី​ការពារ​រាងកាយ និង​ប្រឆាំង​មេរោគ​បង្ក​ជំងឺ​។ កាលណា​ក្នុង​ខ្លួន​មាន​ចំនួន​វីតាមីន D ទាប នោះ​អ្នក​ប្រឈម​កាន់តែខ្លាំង​នឹង​ការបង្ក​រោគ ជំងឺ និង​ជំងឺ​ទាក់ទង​នឹង​ប្រព័ន្ធ​ភាពស៊ាំ​តែម្តង​។ 
 
​ថ្មីៗ​នេះ មិនមាន​ការព្យាបាល​ណាមួយ​សម្រាប់​ជំងឺ​កូ​វីដ​១៩​នៅឡើយ​ទេ​។ មិនមាន​ការសិក្សា​ណាមួយ​ដែល​បាន​ស្រាវជ្រាវ​ទៅលើ​ឥទ្ធិពល​របស់​ថ្នាំ​បំប៉ន​វីតាមីន D ឬ​ការ​កង្វះ​វីតាមីន D ធ្វើ​ឲ្យ​ប្រឈម​នឹង​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ដែរ​។ ជាមួយគ្នានេះដែរ មានការ​សិក្សា​ជាច្រើន​បាន​បង្ហាញថា ការ​កង្វះ​វីតាមីន D អាច​បង្ក​គ្រោះថ្នាក់​ដល់​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ផ្លូវដង្ហើម​ជាច្រើន​ទៀត​។ 
 
​លើសពីនេះទៅទៀត ការសិក្សា​មួយចំនួន​បាន​បញ្ជាក់ថា វីតាមីន D អាច​ជំរុញ​ដល់​ការឆ្លើយតប​ប្រព័ន្ធ​ភាពស៊ាំ និង​ការពារ​ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម​បាន​ថែមទៀត​។ ថ្នាំ​បំប៉ន​វីតាមីន D ត្រូវបាន​បង្ហាញថា បាន​បន្ថយ​ការស្លាប់​លើ​មនុស្ស​ចាស់​ដែល​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ផ្លូវដង្ហើម​ដូចជា ជំងឺ​កូ​វីដ​១៩ ជាដើម​។ 
 
​ចូរ​ចាំ​ថា វា​នៅតែ​មិនទាន់មាន​អំណះអំណាង​បែប​វិទ្យាសាស្ត្រ​ណាមួយ​និយាយថា ការប្រើប្រាស់​ថ្នាំ​បំប៉ន​វីតាមីន D អាច​ការពារ​អ្នក​កុំ​ឲ្យ​កើត​ជំងឺ​កូ​វីដ​១៩ នៅឡើយ​ទេ​។ ប៉ុន្តែ​ការ​កង្វះ​វីតាមីន​នេះ អាចធ្វើ​ឲ្យ​ប្រឈម​ខ្លាំង​នឹង​ជំងឺឆ្លង​គ្រប់​ប្រភេទ និង​ជំងឺ​បង្កឡើង​ដោយ​ការ​ខូច​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​តែម្តង​។ 
 
​ដោយសារតែ​អាស្រ័យ​តាម​កម្រិត​ដែលមាន​ក្នុង​ឈាម​ដែរនោះ ថ្នាំ​បំប៉ន​វីតាមីន D ពី ១០០០ ទៅ ៤០០០ IU ក្នុង​មួយថ្ងៃ​ច្រើនតែ​គ្រប់គ្រាន់​ហើយ​សម្រាប់​មនុស្ស​ភាគច្រើន​។ ប៉ុន្តែ​សម្រាប់​អ្នក​ដែលមាន​ចំនួន​ក្នុង​ឈាម​តិច​ទៀត​នោះ នឹង​ត្រូវការ​ច្រើនជាង​នេះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com