រថយន្ត
អន្តរជាតិ
Ola និង Uber ផ្អាក​សេវាកម្ម​នៅ​ក្រុង​ញូ​វ​ដេលី ក្រោយ​រដ្ឋាភិបាល​ហាម​ពលរដ្ឋ​ចេញពីផ្ទះ​
30, Mar 2020 , 7:39 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន​សេវា​តាក់ស៊ី Ola និង Uber បានសម្រេច​ផ្អាក​ប្រតិបត្តិការ​របស់ខ្លួន​ប​ណ្តោះ​អាសន្ន ក្រោយ​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី កាលពី​ថ្ងៃទី​២៤ ខែមីនា បានប្រកាស​បិទ​ប្រទេស​ទាំងមូល ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង និង​ការរីក​សាយភាយ COVID-19​។ នេះ​បើតាម​ការផ្សាយ​របស់ ETAuto​។​

 
​តាម​ការបញ្ជាក់​របស់​នាយករដ្ឋមន្ត្រី ការប្រកាស​បិទ​នេះ គឺធ្វើឡើង ដើម្បី​ការពារ​ប្រជាជន​ឥណ្ឌា​ទាំង​អស់ពី​ការឆ្លង COVID-19​។ ទាំង​សាលារៀន ផ្លូវ សង្កាត់ មធ្យោបាយ​ដឹកជញ្ជូន ជំនួញ គឺ​ត្រូវ​បិទ​ទាំងអស់​។ 
 
​អ្នកនាំពាក្យ​ម្នាក់​របស់ Uber បាន​អះអាងថា ក្រុមហ៊ុន​គោរព​តាម​ការសម្រេចចិត្ត​រប​ស់​រដ្ឋាភិបាល​ថ្នាក់កណ្តាល និង​ថ្នាក់មូលដ្ឋាន ក្នុងការ​ទប់ស្កាត់​ការ​រាលដាល COVID-19 ជាពិសេស​តាមរយៈ​សេវាកម្ម​ដឹកជញ្ជូន​។​
 
​រីឯ​អ្នកនាំពាក្យ Ola វិញ បាន​បញ្ជាក់ថា ទោះបីជា​ក្រុមហ៊ុន​មិនមាន​ប្រតិបត្តិ​ការដឹកជញ្ជូន​ក៏ដោយ ប៉ុន្តែ​ក្រុមហ៊ុន​ត្រៀមខ្លួន​ឆ្លើយតប​គ្រប់បែបយ៉ាង​លើ​តម្រូវការ​បណ្តាញ​យានយន្ត​នៅតាម​បណ្តា​ក្រុង​នានា​ក្នុងប្រទេស​ឥណ្ឌា ដើម្បី​រួមចំណែក​ជួយ​ជាតិ​ក្នុងការ​ប្រយុទ្ធប្រឆាំង COVID-19​។​
 
​នៅតាម​បណ្តា​រដ្ឋ​ផ្សេងទៀត បើទោះបីជា​ក្រុមហ៊ុន​ទាំងពីរ មិនបាន​ប្រកាស​ព្យូ​រ​ប្រតិបត្តិការ​ក៏ដោយ ប៉ុន្តែ​សេវាកម្ម​ក៏ត្រូវ​ផ្អាក​បណ្តោះអាសន្ន​ផងដែរ ដោយ​ពលរដ្ឋ​ឥណ្ឌា​សរុប​ប្រមាណ​១​ពាន់​បី​រយ​លាន​នាក់ ត្រូវបាន​តម្រូវ​ឲ្យ​នៅផ្ទះ​២១​ថ្ងៃ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ក៏មាន​ការលើកលែង​ផងដែរ​ចំពោះ​តម្រូវការ​ចាំបាច់ និង​បន្ទាន់​មួយចំនួន ដែល​ពលរដ្ឋ​អាច​ប្រើប្រាស់​សេវាកម្ម​ដឹកជញ្ជូន ជាពិសេស​សេវាកម្ម​ដែល​ពាក់ព័ន្ធ​សុខាភិបាល ម្ហូបអាហារ ទឹក ថាមពល​។ ជាមួយគ្នានេះ រដ្ឋ​បន្តដំណើរ​រថយន្តក្រុង​ចំនួន​២៥​ភាគរយ​សម្រាប់​ដឹក​ពលរដ្ឋ​ដែលមាន​តម្រូវការ​សំខាន់ៗ​ដូចខាងលើ​៕

© រក្សាសិទ្ធិដោយ thmeythmey.com