រថយន្ត
អន្តរជាតិ
លោក​ត្រាំ ណែនាំ​ឲ្យ​ក្រុមហ៊ុន​យានយន្ត GM ផលិត​ឧបករណ៍​ជំនួយ​ផ្លូវដង្ហើម​
30, Mar 2020 , 8:39 pm        
រូបភាព
ដោយ: ធីតា
​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កាលពីពេល​ថ្មី​កន្លងមកនេះ បាន​ណែនាំ​ដល់​ក្រុមហ៊ុន​យានយន្ត General Motors ឲ្យ​ផលិត និង​បំពាក់​ឧបករណ៍​ជំនួយ​ផ្លូវដង្ហើម (Ventilator) ក្រោម​ច្បាប់​ផលិតកម្ម​ការពារជាតិ​។

 
​កាលពី​សម័យ​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០ រដ្ឋាភិបាល​អាច​បង្ខំ​ឲ្យ​បណ្តា​ក្រុមហ៊ុន​នានា​ផលិត​ឧបករណ៍​ពេទ្យ​ផ្សេងៗ ដែល​អាច​ផ្គត់ផ្គង់​រយៈពេល​ខ្លី​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​មេរោគ​។ ក្រោយ​ការរិះគន់ លោក​ត្រាំ ក៏បាន​រិះគន់​ក្រុមហ៊ុន GM ដែល​មិនមាន​សកម្មភាព​ឆាប់រហ័ស​ឆ្លើយ​នឹង​ការ​រាលដាល​កូ​វីដ​-១៩​។​
 
​បើតាម​ការផ្សាយ​របស់ CNBC បទបញ្ជា​នេះ ក៏​មិនមាន​ឥទ្ធិពល​ខ្លាំង​នោះដែរ ដោយសារតែ GM មាន​គម្រោង​ខ្លួនឯង​រួចទៅហើយ​លើ​ការផលិត​ឧបករណ៍​ជំនួយ​ផ្លូវដង្ហើម​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Ventec Life Systems​។​
 
​លោក Jim Cain អ្នកនាំពាក្យ​ក្រុមហ៊ុន GM បាន​អះអាងថា​៖ «​បទបញ្ជា​នេះ មិនបាន​ផ្លាស់ប្តូរ​សេចក្តីប្រកាសរ​បស់​ក្រុមហ៊ុន​កន្លងមក​នោះទេ​។ ក្រុមហ៊ុន​របស់​យើង​រំពឹង​ទទួលបាន​នូវ​ការបញ្ជាទិញ​ឧបករណ៍​យ៉ាង​លឿន​បំផុត​នា​ខែ​បន្ទាប់​»​។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ពី​សេត​វិមាន លោក ត្រាំ បាន​និយាយថា សកម្មភាព​របស់​រដ្ឋា​ភិ​បាល នឹង​ជួយ​ធានា​ដល់​ការផលិត​យ៉ាង​ឆាប់រហ័ស​នូវ​ឧបករណ៍​ជំនួយ​ផ្លូវដង្ហើម ដែល​សង្គ្រោះ​ជីវិត​ពលរដ្ឋ​អាមេរិក​។​
 
​ក្រៅពី ក្រុមហ៊ុន GM ក្រុមហ៊ុន Ford Motor និង Tesla ក៏បាន​ទទួល​បទបញ្ជា​នៅក្នុង​ការផលិត​ឲ្យ​បាន​ឆាប់​នូវ​ឧបករណ៍​ជួយ​ផ្លូវដង្ហើម និង​ផលិតផល​ធ្វើ​ពី​លោហៈ​ផ្សេងទៀត ដែល​ត្រូវការ​ចាំបាច់​នៅក្នុង​ការព្យាបាល​ពលរ​ដ្ឋ​អាមេរិក​ដែល​ឆ្លង COVID-19​។ 
 
«​រឿងរ៉ាវ​ល្អ​នានា​បាន​កើតឡើង​។ យើង​ទទួលបាន​ការហៅ​ទូរ​សព្ទ​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត និង​ក្រុមហ៊ុន​ផ្សេងទៀត​ដែល​និយាយថា ពួកគេ​មាន​សមត្ថភាព ហើយ​ពួកគេ​ចង់​ផលិត​ឧបករណ៍​ជួយ​ផ្លូវដង្ហើម និង​ឧក​រណ៍​ផ្សេងទៀត​។ ក្រុមហ៊ុន​ទាំងនេះ​ចង់​ធ្វើការ និង​ជួយ​ប្រទេស​របស់​យើង​»​។ នេះ​បើតាម​សំដី​របស់លោក​ប្រធានាធិបតី​អាមេរិក ដែល​ដកស្រង់​ដោយ VOA៕
 

© រក្សាសិទ្ធិដោយ thmeythmey.com