COVID-19
ជាតិ
ជនជាតិខ្មែរ​ដំបូង​ឆ្លង​កូ​វីដ​១៩​ចេញពី​ពេទ្យ​ហើយ រម្លឹក​សកម្មភាព​មុន​ឆ្លង​ជំងឺ​ពី​ជនជាតិ​ជប៉ុន​
31, Mar 2020 , 8:19 am        
រូបភាព
​សៀមរាប​៖ បុរស​ជនជាតិខ្មែរ​ដំបូង​គេ​ដែល​រកឃើញថា​មាន​ជំងឺ​កូ​វីដ​១៩ ដែល​ឆ្លង​ពី​ថៅកែ​ជនជាតិ​ជប៉ុន បានជា​សះស្បើយ និង​អនុញ្ញាត​ឱ្យចេញ​ទៅផ្ទះ​ហើយ​នៅ​រសៀល​ថ្ងៃទី​៣០ មីនា​។ សាមីខ្លួន និង​ក្រុមគ្រួសារ​បាន​សម្ដែង​អារម្មណ៍​រីករាយ និង​អរគុណ​ដល់​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដែល​ព្យាបាល​រហូត​បាន​សះស្បើយ​។​

 
​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន មុន​ចេញពី​មន្ទីរពេទ្យ បុរស​ជនជាតិខ្មែរ​អា​យុ​៣៨​ឆ្នាំ បាន​រម្លឹក​ពី​សកម្មភាព​ជិតស្និទ្ធ​ជាមួយ​ថៅកែ​ជនជាតិ​ជប៉ុន ដែល​អាចជា​ដើមទង​ធ្វើឱ្យ​លោក​ឆ្លង​ជំងឺ​កូ​វីដ​១៩​បាន​យ៉ាង​ងាយ​។ លោក​រៀបរាប់ថា​៖« រយៈពេល​ប្រហែលជា​២​ម៉ោង  ក្នុង​១​ម៉ោង​ខ្ញុំ​ជួប​គាត់​ក្នុង​ការិយាល័យ មាន​គ្នា​តែ​២​នាក់​ទេ អាង​តែ​បុគ្គលិក​អត់​ធ្វើការ ខ្ញុំ​និង​គាត់​ក៏​ទៅ​អង្គុយលេង​ពិភាក្សា​ជាមួយគ្នា ដល់ពេល​បន្ទាប់​មកពី​ម៉ោង​១​ដល់​ម៉ោង​៤ គាត់​ឱ្យ​ខ្ញុំ​ទៅ​ជួយ​ដឹក​ម្រេច ព្រោះ​គាត់​មាន​ចម្ការ​ម្រេច​...​ដល់ពេល​ទៅ​ជួយ​គាត់​ជិះ​ម៉ូតូ​ទេ ចឹ​ង​ញើស​គាត់​រហាម ដល់ពេល​ច្រក​ម្រេច​ហើយ គាត់​ឱ្យ​ម្រេច​ខ្ញុំ​យក​ដាក់​ឡាន ហើយ​ម្រេច​ចុងក្រោយ​ដែល​ធ្ងន់​ជាងគេ​សែង​២​នាក់​ទៀត ហើយ​យើង​អត់​មាន​ម៉ាស់​ទាំង​២...»​។​
 
​សូម​ស្ដាប់​ការរៀបរាប់​រប​ស់បុរ​សជន​ជាតិខ្មែរ​ដែលជា​សះស្បើយ និង​បាន​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប នា​រសៀល​ថ្ងៃទី​៣០ មីនា​៖



 
 
​តាម​ការបញ្ជាក់​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ដ្បិតថា​ជាសះស្បើយ​ក៏ពិតមែន តែ​គ្រូពេទ្យ​ស្នើឱ្យ​បុរស​ខាងលើ បន្តធ្វើ​ច​ត្ដា​ឡី​ស័ក​ខ្លួនឯង​នៅផ្ទះ​រយៈពេល​១៤​ថ្ងៃ​ទៀត​។ បុរស​រូបនេះ ក៏​អះអាងថា ខ្លួន​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ក្នុងការ​អនុវត្ត​នេះ ដើម្បី​សុខភាព​ខ្លួនឯង សុខភាព​គ្រួសារ និង​អ្នកដទៃ​៕







Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com