ភ្នំពេញ៖ ស្ថានភាពជំងឺកូវីដ-១៩ កាន់តែមានឥទ្ធិពលខ្លាំងឡើង ដែលមិនដឹងថាស្ថានភាពនេះអូសបន្លាយដល់ពេលណា។ អាជីវករលក់ សាច់ បន្លែ និងផ្លែឈើ នៅតែបន្តលក់នៅតាមទីផ្សារនានាសម្រាប់ពលរដ្ឋ ខណៈពេលដែលពលរដ្ឋនាំគ្នាភ័យខ្លាចជំងឺកូវីដ-១៩ ដែលកំពុងតែរាតត្បាតនៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក។
នៅវេលាម៉ោង៨ព្រឹក ដែលជាវេលាធ្លាប់តែនៅតាមផ្សារមានមនុស្សម្នាចេញចូលទៅទិញបន្លែ ផ្លែឈើ ត្រី សាច់ គ្រឿងបរិភោគ និងគ្រឿងសម្ភារប្រើប្រាស់ ពាសពេញផ្សារដែលសឹងតែដើរជាន់គ្នាទៅហើយនោះ បានប្រែមកជាទីវាលដែលស្ងាត់ និងទូលាយ ដែលមានតែអ្នកលក់បន្លែ ផ្លែឈើ ត្រី សាច់ មាន់ ទា នាំគ្នាអង្គុយរង់ចាំហៅម៉ូយ និងបក់រុយនៅតាមតូបរៀងៗខ្លួន។
អ្នកស្រី ទូច សុធា ជាអ្នកលក់ផ្លែឈើនៅក្នុងផ្សារដើមគរ បានបញ្ជាក់ថា ការលក់ដូររបស់អ្នកស្រី ធ្លាក់ចុះអស់រយៈពេលជិត២ខែមកហើយ ដែលពីមុនធ្លាប់តែលក់ផ្លែឈើបានក្នុងមួយថ្ងៃពី២០ ទៅ៣០គីឡូ បើគិតជាចំណូលបាន៥០ម៉ឺនរៀល តែបច្ចុប្បន្នលក់បានមិនដល់១០គីឡូផង។ អ្នកស្រីរៀបរាប់ដូច្នេះថា៖ «ទិញអស់ជាង៥០ម៉ឺន លក់បានតែជាង២០ម៉ឺន។ ដល់សល់យើងទុកលក់តទៀតទៅ ដល់ផ្លែឈើណាខូចទៅ យើងក៏បោះចោលទៅ។ ពីមុនលក់បានក្នុងមួយថ្ងៃ៥០ម៉ឺនរៀល ដល់ឥឡូវវាបាត់អស់ពាក់កណ្តាល»។
តូបលក់ផ្លែឈើរបស់អ្នកស្រី ទូច សុធា នៅក្នុងផ្សារដើមគរ
ជាអ្នកលក់ផ្លែឈើអស់រយៈពេលជិត១០ឆ្នាំមកហើយ អ្នកស្រី ទូច សុធា មិនមានថវិកាច្រើនសម្រាប់ទុកបម្រុងនៅពេលដែលការរកស៊ីរបស់អ្នកស្រីធ្លាក់ចុះនោះទេ។ អ្វីដែលអ្នកស្រីព្រួយបារម្ភទៀតនោះគឺខ្លាចផ្សារបិទ ដែលធ្វើឲ្យអ្នកស្រីគ្មានប្រាក់សម្រាប់បង្វិលឲ្យធនាគារ ថ្លៃតូប ថ្លៃផ្ទះជួល និងសម្រាប់ចិញ្ចឹមគ្រួសារ។ កំពុងអង្គុយនៅតូបផ្លែឈើដែលស្ថិតនៅមុខផ្ទះលក់ចាប់ហួយ អ្នកស្រីបន្តប្រាប់ដូច្នេះថា៖«ទោះបីយើងលក់រាល់ថ្ងៃ ទោះចំណេញតិច-ច្រើនអី វាគ្រាន់បើដែរ ដែលអាចទប់ទល់ជីវភាពគ្រួសារបានមួយកម្រិតដែរ។ វាបានមួយរស់ៗដែរ តែមិនដែលសល់ទេ គឺត្រូវបង់ធនាគារ តូប និងផ្ទះជួលជាង១០០ដុល្លារដែរ»។
ងាកទៅមើលតូបនៃម្ខាងទៀតដែលជាកន្លែងលក់បន្លែដាក់តម្រៀបគ្នាជាជួរៗវិញ គឺមានអ្នកស្រី ស្រី សុខុម ដែលកំពុងតែអង្គុយធ្វើមុខស្រពាន ហាក់បីជាមានកង្វល់ក្នុងចិត្ត បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថ្មីៗថា ក្នុងរយៈពេលប្រមាណខែកន្លងទៅនេះ ការលក់ដូររបស់អ្នកស្រីក៏មិនសូវជាកាក់កបឡើយ ក្រោយពីជំងឺកូវីដ-១៩ រាតត្បាតមក។ អ្នកស្រីនិយាយថា៖«ពីមុនគ្រាន់បើបន្តិច ដល់ឥឡូវស្ងាត់ឈឹងលក់មិនដាច់តែម្តង ធ្លាប់តែក្នុងមួយថ្ងៃចំណេញបាន៤ ទៅ៥ម៉ឺន បានគ្រាន់ឲ្យកូនចាយដែរ ដល់ឥឡូវចប់ ចំណេញបានតែ១ម៉ឺន ទៅ២ម៉ឺនទេ។ ហើយធ្លាប់តែលក់ពេលព្រឹកដល់ល្ងាចមានម៉ូយចូលមកទិញច្រើន ហើយលក់អស់ ។តែឥឡូវអង្គុយលក់ដល់ល្ងាចក៏មិនទាន់អស់ដែរ។ ម៉ូយជាអ្នកលក់បាយ ក៏ស្ងាត់ទៀត ដោយពួកគេផ្អាកលក់សិន»។
អ្នកស្រី ស្រី សុខុម កំពុងតែអង្គុយរង់ចាំភ្ញៀវមកទិញបន្លែនៅក្នុងផ្សារដើមគរ
មានស្រុកកំណើតនៅខេត្តកំពង់ចាម អ្នកស្រី ស្រី សុខុម បានបញ្ជាក់ថា ស្របពេលដែលអ្នកស្រីលក់មិនសូវដាច់ ប្រភេទបន្លែដែលអ្នកស្រីនាំចូលពីឈ្មួញនៅផ្សារនាគមាស ក៏ឡើងថ្លៃទៅទៀត ដែលបង្ខំចិត្តឲ្យអ្នកស្រីក៏ដំឡើងថ្លៃទៅតាមតម្លៃទីផ្សារបច្ចុប្បន្នផងដែរ។ អ្នកស្រី រៀបរាប់ដូច្នេះថា៖«ក្រូចឆ្មារពីមុនលក់តែ៤៥០០រៀលក្នុងមួយគីឡូ ដល់ពេលនេះមួយគីឡូ៦៥០០រៀលក្នុងមួយគីឡូ យើងឡើងថ្លៃ តាមគេដែរ។ បន្លែទាំងអស់គឺឡើងគ្រប់មុខ ដល់យើងយកមកលក់ គឺលក់អត់ដាច់។ ម៉ូយរអ៊ូរហូតថាអីវ៉ាន់ឡើងថ្លៃ ដូចជាក្រូចឆ្មារគឺឡើងថ្លៃច្រើនជាងគេ»។
បើតាមចំណូលសព្វថ្ងៃរបស់អ្នកស្រី សុខុម គួបផ្សំជាមួយនឹងចំណូលរបស់ស្វាមីដែលជាកម្មកររោងចក្រ អាចផ្គត់ផ្គង់ដល់ក្រុមគ្រួសារ ប៉ុន្តែមិនអាចសេសសល់សម្រាប់បង់ធនាគារក្នុងមួយខែ៤៥០ដុល្លារ រួមទាំងថ្លៃតូបលក់បន្លែ១០០ដុល្លារ និងថ្លៃផ្ទះ៥០ដុល្លារ ក្នុងមួយខែបានឡើយ។ អ្នកស្រីបន្តរៀបរាប់ដូច្នេះថា៖«ខែនេះខ្ញុំអត់មានលុយបង់ឲ្យគេទេ។ គេអត់ផ្អាកបង់សោះ ប៉ុន្មានថ្ងៃមុន ខ្ញុំតេទៅសួរគេដែរ តែគេថាអត់ផ្អាកទេ ខាងគេក៏ធ្វើការរហូត។ ខ្ញុំបារម្ភណាស់ ខ្ញុំអត់មានលុយសល់ទេ ហើយកូននៅផ្ទះតូចៗទៀត តែខ្ញុំអត់សូវបារម្ភទេ ដោយសារសាលាបិទ»។
ដោយឡែកអ្នកស្រី ឈឹម សុផា ដែលជាអ្នកលក់សាច់ជ្រូកនៅក្បែរកន្លែងលក់បន្លែនៅផ្សារដើមគរនោះក៏មិនខុសគ្នាពីអ្នកលក់បន្លែ និងផ្លែឈើដែរ។ អ្នកស្រី ឈឹម សុផា ក៏ថយចុះប្រាក់ចំណូលពាក់កណ្តាលដែរ។ ទោះបីជាចំណូលថយចុះក៏ពិតមែន ប៉ុន្តែអ្នកស្រី សុផា មិនមានការព្រួយបារម្ភពីបង់ថ្លៃធនាគារ ដោយសារតែអ្នកស្រីគ្មានជំពាក់បំណុលគេសោះឡើយ។ អ្នកស្រីនឹងវិលត្រឡប់ទៅស្រុកកំណើតធ្វើស្រែចម្ការវិញ បើសិនជាផ្សារត្រូវបិទ ដោយសារមានករណីជំងឺកូវីដ-១៩ រីករាលដាលកាន់តែខ្លាំងឡើង។
អ្នកស្រី ឈឹម សុផា ដែលជាអ្នកលក់សាច់ជ្រូកនៅក្បែរកន្លែងលក់បន្លែនៅផ្សារដើមគរ
អ្នកស្រី ឈឹម សុផា បានបន្តដូច្នេះថា៖«បើរាជរដ្ឋាភិបាលប្រកាសឲ្យបិទផ្សារ ទើបយើងលែងមកលក់ទៀត។ បើមិនទាន់ប្រកាសថាបិទផ្សារទេ គឺយើងនៅតែមកលក់ដដែល បើសិនជានៅតែមានអ្នកមកទិញ។ បើបិទផ្សារមែន ខ្ញុំនឹងផ្អាកលក់សិន ហើយត្រឡប់ទៅស្រុកកំណើតវិញ»។
សម្រាប់កញ្ញា ប្រាក់ លីហ្សា ដែលជាអាជីវករលក់ម្ហូបអាហារចំអិនស្រាប់ ហើយតែងតែមកដើរទិញគ្រឿងអាហារជារៀងរាល់ព្រឹក សម្រាប់ទុកធ្វើម្ហូបដើម្បីលក់ពេលល្ងាច ក៏មានការត្អូញត្អែរពីការបាត់ភ្ញៀវដែលឧស្សាហ៍មកទិញម្ហូបអាហារផងដែរ ដែលធ្វើឲ្យកញ្ញា លីហ្សា ត្រូវកាត់បន្ថយការទិញគ្រឿងបន្លែ ត្រី សាច់ដែរ។ កំពុងតែរៀបនឹងចេញត្រឡប់ទៅផ្ទះវិញ ក្រោយបានទិញគ្រឿងអាហារ បន្លែ សាច់គ្រប់គ្រាន់ហើយ លីហ្សាបានប្រាប់ដូច្នេះថា៖«ខ្ញុំកាត់បន្ថយការទិញអីវ៉ាន់ ដោយសារតែអីវ៉ាន់ឡើងថ្លៃ ខ្ញុំអត់ហ៊ានទិញទុកច្រើនទេ បើខ្ញុំទិញទុកច្រើន វាអាចនឹងសល់ច្រើន។ ឥឡូវអត់សូវមានអ្នកណាគេហ៊ានចេញដើរទៀត ឥឡូវស្ងាត់ភ្ញៀវមែនទែន»។
ដើម្បីសម្រាលបន្ទុករបស់ពលរដ្ឋដែលប្រឈមនឹងបាត់បង់ប្រាក់ចំណូល ធនាគារជាតិនៃកម្ពុជា បានណែនាំឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ រៀបចំឥណទានឡើងវិញ តាមរយៈលក្ខខណ្ឌដូចតទៅ ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន, ការកាត់បន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម, ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់, ការពន្យារឥណទានប្រតិទាន, ការបន្ថែម និង/ឬ ការផ្លាស់ប្តូរអ្នករួមខ្ចី និង/ឬ អ្នកធានា ប្រសិនបើមាន, ការផ្លាស់ប្តូរពីឥណទានមានការទូតទាត់សងតាមការបង់រំលស់ ទៅជាការទូទាត់តែការប្រាក់ ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន, ការលើកលែង ឬបន្ថយទ្រព្យធានា ,ការបន្ថយលក្ខខណ្ឌកិច្ចសន្យា ឬ/និងចុងក្រោយការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង ដែលអាចមានរយៈពេលរហូតដល់៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី។
គិតមកថ្ងៃទី២៩ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកផ្ទុកកូវីដ-១៩ ចំនួន១០៣នាក់ ដែលនៅក្នុងចំណោមនោះមានអ្នកជាសះស្បើយចំនួន២១នាក់ ហើយបច្ចុប្បន្នមានអ្នកសម្រាកព្យាបាលចំនួន៨២នាក់៕
ទិដ្ឋភាពនៅក្នុងផ្សារដើមគរ