COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Messi និង​សមាជិក​ក្រុម Barca កាត់​ប្រាក់​ឈ្នួល​៧០% ដើម្បី​ជួយ​ក្លិប និង​បុគ្គលិក​
31, Mar 2020 , 9:19 pm        
រូបភាព
​ខ្សែបម្រើ​ឆ្នើម Lionel Messi រួមទាំង​កីឡាករ​របស់ Barcelona នឹង​កាត់បន្ថយ​ប្រាក់​ឈ្នួល​ចំនួន ៧០​ភាគរយ អំឡុងពេល​មាន​ជំងឺ​រាតត្បាត COVID-19 ។ មិន​ត្រឹមតែ​សម្រួល​ដល់​ក្លិប​ដែល​ជួប​វិបត្តិ កីឡាករ​ទាំងអស់​ធ្វើបែបនេះ​ក្នុង​គោលបំណង​ចូលរួម​ដើម្បី​ធានាថា​បុគ្គលិក​គ្រប់ផ្នែក​នឹង​ទទួលបាន​ប្រាក់​ឈ្នួល​ពេញលេញ​។​


 
Messi ដែលជា​ប្រធាន​ក្រុម​ក្លិប​រហស្សនាម​អ្នកមាន​បុណ្យ និង​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន អះអាងថា បាន​កោះប្រជុំ​ជាមួយ​កូនក្រុម​ខ្លួន​ដើម្បី​ពិភាក្សាគ្នា​រក​ដំណោះស្រាយ​ដើម្បី​ជួយ​សម្រួល​ដល់​ក្លិប​ស្របពេល​កំពុង​ជួប​បញ្ហា ហើយ​វិធីសាស្ត្រ​តែមួយ​ដែល​ល្អ​បំផុត គឺ​ការកាត់បន្ថយ​ប្រាក់​ឈ្នួល​នេះឯង​។​
 
​លី​គ​កីឡាបាល់ទាត់​កំពូល​អេ​ស្ប៉ា​ញ La Liga និង​លី​គ​ក្រោមៗ​ទៀត ត្រូវបាន​ពន្យារពេល​ប្រកួត ក្រោយ COVID-19 រាលដាល​កាន់តែខ្លាំង​នៅ​ជុំវិញ​ពិភពលោក​។ ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺឆ្លង​ដ៏​សាហាវ​នេះ​នៅលើ​ទឹកដី​អេ​ស្ប៉ា​ញ​នៅពេលនេះ​បាន​កើន​ដល់​ជិត​៨​ពាន់​នាក់​ហើយ និង​ជា​ប្រទេស​ទី​ពីរ​នៅ​អឺរ៉ុប​ដែលមាន​អ្នក​ឆ្លង និង​ស្លាប់​ច្រើនជាងគេ​បន្ទាប់ពី​អ៊ីតាលី​។​
 
«​មុននឹង​បន្តដំណើរ​ទៅមុខទៀត យើង​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា​យើង​តែងតែមាន​ឆន្ទៈ​ក្នុងការ​កាត់​ប្រាក់ខែ ព្រោះ​យើង​យល់ច្បាស់​ថា​យើង​ស្ថិតក្នុង​ស្ថានភាព​លំបាក​។ ក្នុងនាម​យើង​ជា​កីឡាករ​ត្រូវតែ​គិតគូ ដើម្បី​ជួយ​ក្លិប​នៅពេល​ពួកគេ​ស្នើសុំ​ជំនួយ​ពី​យើង​»​។ នេះ​ជាការ​លើកឡើង​របស់ Messi​។ 
 
​ម្ចាស់​ពាន Ballon d'Or ៦​សម័យ វ័យ​៣២​ឆ្នាំ​បន្ថែមថា ៖«​ដល់​ពេលដែល​ត្រូវ​ចែករំលែក ដោយ​ការ​កាត់​ប្រាក់​ឈ្នួល​ចំនួន ៧០ ភាគរយ​នៃ​ប្រាក់​ឈ្នួល​សរុប​របស់​យើង​អំឡុងពេល​ភាពអាសន្ន​នេះ​។ យើង​នឹង​ជួយ​ក្លិប​ដើម្បី​ធានា​ឲ្យ​បុគ្គលិក និង​កម្មករ​របស់ Barca ទទួលបាន​ប្រាក់​ឈ្នួល ១០០​ភាគរយ​ពេញ​ដូច​ធម្មតា​»​។​
 
​មិន​ត្រឹមតែ​ក្រុមកីឡា​បាល់ទាត់​របស់ Barcelona នោះទេ សូម្បីតែ​កីឡាករ​របស់​ក្រុមកីឡារ​បាល់បោះ​ក៏បាន​យល់ព្រម​កាត់បន្ថយ​ប្រាក់ខែ​របស់​ពួកគេ​។ ក្រុម​កីឡាករ​របស់ Juventus រួមជាមួយ​អ្នកចាត់ការ​ទូទៅ ក៏​សម្រេច​មិន​យកប្រាក់​ឈ្នួល​ពេញ​រហូតដល់​៤​ខែ ដែលមាន​ទំហំ​ទឹកប្រាក់​១០០​លាន​ដុល្លារ​អាមេរិក​ផងដែរ ដើម្បី​រួមចំណែក​ជួយ​ក្លិប​។ នៅ​អាល្លឺម៉ង់ កូនក្រុម​របស់ Bayern Munich និង Borussia Dortmund ក៏​បន្ថយ​ប្រាក់បៀវត្ស​រៀងខ្លួន​៕

Tag:
 COVID-19
  Lionel Messi
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com