COVID-19
អន្តរជាតិ
ឥណ្ឌូណេស៊ី នឹងមិន​យក​ថ្លៃ និង​បញ្ចុះតម្លៃ​អគ្គីសនី​ចំពោះ​គ្រួសារ​រងគ្រោះ​ខ្លាំង​ដោយសារ COVID-19
01, Apr 2020 , 7:19 pm        
រូបភាព
ដោយ:
​លោក ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី បានប្រកាសថា គ្រួសារ​ដែល​រងគ្រោះ​ខ្លាំង​ដោយសារ COVID-19 នឹងមិន​ត្រូវបាន​យក​ថ្លៃ និង​ទទួលបាន​ការបញ្ចុះ​តម្លៃ​អគ្គីសនី​ដើម្បី​ជួយ​ពួកគេ​ក្នុងការ​ទប់ទល់​នឹង​បញ្ហា​សេដ្ឋកិច្ច​។ នេះ​បើ​យោងតាម​សារ​ព័​ត៍​មាន Jakarta Post​។​

 
​កាលពី​ថ្ងៃទី​៣១ ខែមីនា លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ បញ្ជាក់ថា ក្រុមហ៊ុនអគ្គីសនី​រដ្ឋ (PLN) នឹង​ផ្គត់ផ្គង់​អគ្គីសនី​ឥតគិតថ្លៃ​រយៈពេល​៣​ខែ ចាប់ពី​ខែមេសា​នេះ ឲ្យ​គ្រួសារ​ចំនួន​២៤​លាន ដែល​ប្រើប្រាស់​អគ្គីសនី​ត្រឹម ៤៥០ វ៉ុល​-​អំពែរ ដែលជា​កម្រិត​ប្រើប្រាស់​ទាប​បំផុត​។​
 
​ក្រុមហ៊ុនអគ្គីសនី​រដ្ឋ​ដដែល ក៏​នឹង​បញ្ចុះតម្លៃ​ពាក់កណ្តាល​ទៅកាន់​គ្រួសារ​ដែល​ប្រើប្រាស់​អគ្គិសនី​ត្រឹម ៩០០​វ៉ុល​-​អំពែរ​ផងដែរ ក្នុង​រយៈពេល​៣​ខែ​។​
 
​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័​ត៍​មាន លោក​ប្រធានាធិបតី​បាន​លើកឡើងថា​៖ « សុខភាព​សាធារណៈ​ជា​អទិភាព​ដំបូងបង្អស់ ចំណែកឯ​អទិភាព​ទី​២​គឺ​វិធានការ​សុវត្ថិភាព​សង្គម​ក្នុង​ការជួយ​ប្រជាពលរដ្ឋ​ដែលមាន​ចំណូល​តិច និង​អទិភាព​ទី​៣ គឺ​ការការពារ​វិស័យ​ធុរកិច្ច ក្នុងនោះ​មាន​សហគ្រាស​ខ្នាត​ល្អិត តូច និង​មធ្យម​។​» 
 
​គួរបញ្ជាក់​ផងដែរ​ថា នៅ​ឥណ្ឌូណេស៊ី ការបញ្ចុះ​តម្លៃ​អគ្គីសនី ស្ថិតនៅក្នុង​សំណាញ់​ការពារ​សង្គម​ចំនួន​៥ ដែល​ក្នុងនោះ​រួមមាន ការបង្កើន​ចំណាយ​សម្រាប់​អ្នកគ្មានការងារ​ធ្វើ និង​កម្មវិធី​ផ្តល់​ស្បៀងអាហារ បន្ទាប់ពី​រដ្ឋាភិបាល​បានអនុម័ត​ថវិកា ២៤,៦​ពាន់​លាន​ដុល្លារ​ដើម្បី​ទប់ទល់​នឹង​ជំងឺ COVID-19​។ 
 
​ការបញ្ចុះ​តម្លៃ​អគ្គីសនី​នេះ ធ្វើឡើង​បន្ទាប់ពី​ឥណ្ឌូណេស៊ី​បានប្រកាស​អាសន្ន​សុខភាព​សាធារណៈ ដែល​នាំ​ឲ្យ​ដាក់​វិធានការ​រឹតត្បិត​សង្គម​ទ្រង់ទ្រាយ​ធំ ក្រោម​ច្បាប់​ច​ត្តា​ឡី​ស័ក​សុខាភិបាល​។ 
 
​ដោយឡែក អ្នកនាំពាក្យ​ក្រុមហ៊ុនអគ្គីសនី​រដ្ឋ​បាន​លើកឡើងថា ក្រុមហ៊ុន​នៅ​រងចាំ​បទបញ្ញត្តិ​ពី​ក្រសួង​ថាមពល និង​ធនធាន​រ៉ែ ដើម្បី​អាចអនុវត្ត​កម្មវិធី​បញ្ចុះតម្លៃ​នេះ​។ 
 
​ការបញ្ចុះ​តម្លៃ​អគ្គីសនី​នេះ​ផងដែរ គឺ​ស្របទៅតាម​ការទាមទារ​របស់ ក្រុម​អង្គការ​សង្គម​ស៊ីវិល រូ​ម​មាន​សហជីព​កម្មករ ក្រុម​ការពារ​អ្នកប្រើប្រាស់ និង​អ្នកស្រាវជ្រាវ ដើម្បី​ការពារ​គ្រួសារ​ដែល​ស្ថិតក្នុង​សភាព​ក្រីក្រ​ខ្លាំង​។ 
 
​មកដល់ពេលនេះ ចំនួន​អ្នក​ឆ្លង​នៅ​ឥណ្ឌូណេស៊ី​មាន​ចំនួន ១,៥២៨ នាក់ ខណៈ​អ្នក​ស្លាប់មាន​ចំនួន​១៣៦​នាក់ ដែលជា​ចំនួន​ច្រើន​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​អត្រា​មរណៈភាព​មាន​ដល់​ទៅ​៨% ដែល​ស្ថិត​ក្នុងចំណោម​តួលេខ​ខ្ពស់បំផុត​មួយ​ក្នុង​ក្របខណ្ឌ​ពិភពលោក​។ អ្នក​សះស្បើយ​មាន​ជាង​៨០​នាក់​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com