ពីនេះ ពីនោះ
តើពាក្យ«ឆេងម៉េង» (Qing Ming)មានន័យដូចម្តេច?
× ថ្ងៃសែនដូនតា ឪពុកម្តាយ ញាតិសន្តានដែលបានចែកឋានទៅក្នុងអំឡុងដើមខែមេសាជារៀងរាល់ឆ្នាំ ដែលពលរដ្ឋខ្មែរដែលជាប់សែស្រឡាយចិនតែងហៅថាសែនឆេងម៉េង ជាពាក្យកម្ចីពីចិន ដែលចិនមានភាសារបស់ខ្លួនថា Qing Ming និងមានឈ្មោះជាភាសាអង់គ្លេសថា Tomb Sweeping Day ឬChinese Memorial Day ឬ Ancestors' Day។
ការសែនជាសំណែននៅក្នុងថ្ងៃឆេងម៉េងទៅដល់ផ្នូររបស់ដូនតា ឪពុកម្តាយ និងសាច់ញាតិដែលបានចែកឋានទៅ ដែលមានធាតុកប់នៅក្នុងវត្តអារាម ឬនៅទីវាលកន្លែងណាមួយ គេមានជំនឿថា វិញ្ញាណរបស់ពួកគេនឹងតាមថែរក្សាអ្នកដែលនៅរស់មានសេចក្តីសុខសប្បាយ ប្រកបមុខរបររកស៊ីកាក់កប និងបំពេញភារកិច្ចការងារកាន់តែរលូន និងជោគជ័យ។
បើតាមជំនឿចិន អ្នកដែលមានឆ្នាំឆុងនឹងឆ្នាំដែលកំពុងមកដល់នោះ ឬឆុងនឹងឆ្នាំរបស់សាច់ញាតិដែលស្លាប់ទៅនោះ ភាគច្រើនគេមិននិយមទៅសែនឡើយ ដោយសារតែខ្លាចឆុងឆ្នាំដែលធ្វើឲ្យអ្នកនោះឈឺ ជួបឧបទ្រពចង្រៃ ជួបគ្រោះថ្នាក់ផ្សេងៗ និងមានរឿងរកាំរកូសនៅក្នុងគ្រួសារជាដើម។
ពិធីសែនឆេងម៉េងនេះ ជាប្រពៃណីរពេញនិយមរបស់ជនជាតិចិន តៃវ៉ាន់ ហុងកុង ម៉ាកាវ សឹង្ហបុរី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ថៃ កម្ពុជា និងម៉ាឡេស៊ី ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ។
ឆេងម៉េងឆ្នាំនេះមិនដូចឆេងម៉េងកាលពីឆ្នាំកន្លងទៅឡើយ។ កូវីដ-១៩ កំពុងតែរាតត្បាតទូទាំងពិភពលោក រួមទាំងកម្ពុជាដែរ ដែលពលរដ្ឋខ្មែរកាត់ចិនខ្លះបាននាំគ្នារៀបចំសែននៅជំនាងផ្ទះតាមផ្ទះដែលមានកាន់ជើងធូបរបស់អ្នកចែកឋាន និងមានពលរដ្ឋមួយចំនួននៅតែបន្តសែនតាមតែទំនៀមទម្លាប់សែនកាលពីមុន ដោយកាត់បន្ថយការជួបជុំគ្នា មានគម្លាតពីគ្នា និងប្រុងប្រយ័ត្នការពារជាងមុន៕
© រក្សាសិទ្ធិដោយ thmeythmey.com