COVID-19
អន្តរជាតិ
ឧបនាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​សុខាភិបាល​គៀ​ហ្ស៊ី​ស៊ី​ស្ថាន អស់តំណែង ព្រោះ​ដោះស្រាយ COVID-19 មិនបាន​ល្អ​
01, Apr 2020 , 4:59 pm        
រូបភាព
ប្រធានាធិបតីគៀហ្ស៊ីស៊ីស្ថាន Sooronbay Jeenbekov ។ រូបភាព AFP
ប្រធានាធិបតីគៀហ្ស៊ីស៊ីស្ថាន Sooronbay Jeenbekov ។ រូបភាព AFP
​ឧបនាយករដ្ឋមន្ត្រី​គៀ​ហ្ស៊ី​ស៊ី​ស្ថាន Altynai Omurbekova និង​រដ្ឋមន្ត្រី​សុខាភិបាល Kosmosbek Cholponbayev ត្រូវបាន​បញ្ចប់​តំណែង​រៀងៗ​ខ្លួន ព្រោះ​មិនអាច​ដោះស្រាយ​វិបត្តិ COVID-19 បានល្អ​។ ការបញ្ចប់​តំណែង​នេះ កើតឡើង​ក្រោយ​ប្រធានាធិបតី​ប្រទេស​អាស៊ី​កណ្ដាល​នេះ រិះគន់​ចំៗ​ចំពោះ​ការងារ​ប្រយុទ្ធ COVID-19 ដែល​អ្នក​ទាំងពីរ​ដឹក​នាំ​។​

 
​ព័ត៌មាន​នៃ​ការដក​លោក Altynai Omurbekova ពី​តំណែង​ឧបនាយករដ្ឋមន្ត្រី និង​លោក Kosmosbek Cholponbayev ពី​រដ្ឋមន្ត្រី​សុខាភិបាល ត្រូវបាន​ប្រកាស​លើ​វេ​ប​សាយ​ប្រធានាធិបតី​គៀ​ហ្ស៊ី​ស៊ី​ស្ថាន Sooronbay Jeenbekov នៅ​ថ្ងៃទី​១ ខែមេសា​។ លោក Jeenbekov បានបង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង COVID-19 ដែល​មន្ត្រី​ទាំងពី​ដឹកនាំ​។ 
 
​មួយ​ថ្ងៃមុន​ការដកតំណែង លោក​ប្រធានាធិបតី Jeenbekov និយាយថា ការងារ​ដែល​លោក Omurbekova និង​លោក Cholponbayev បានធ្វើ ពិតជា​មិន​គាប់ចិត្ត​ទាល់តែសោះ ហើយ​ជំងឺ COVID-19 នៅតែ​បន្ត​រាលដាល​ដដែល​។ លោក​បន្តថា ក្រុមការងារ​នេះ ក៏​យឺតយូរ​ក្នុងការ​កំណត់​អត្តសញ្ញាណ​អ្នក​ដែលមាន​ទំនាក់ទំនង​ជាមួយ​បុគ្គល​ផ្ទុក​វីរុស​ទៅទៀត​។​
 
​មកទល់ពេលនេះ គៀ​ហ្ស៊ី​ស៊ី​ស្ថាន មាន​ករណី​ឆ្លង​ចំនួន​១១១ តែ​មិនទាន់មាន​ករណី​ស្លាប់​ឡើយ​។ ករណី​ឆ្លង​ដំបូង​របស់​ប្រទេស​នេះ គឺ​អ្នកដំណើរ​មកពី​អា​រ៉ា​ប៊ី​សា​អូឌីត​។​
 
​រដ្ឋ​អតីត​សហភាពសូវៀត​ដែល​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ​មួយ​នេះ ជា​ប្រទេស​ទីមួយ​ដែល​ទទួលបាន​ជំនួយ​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ក្រោយ​ការផ្ទុះ COVID-19 ។ បើតាម IMF កញ្ចប់​ទឹកប្រាក់​ជំនួយ​ចំនួន​១២១​លាន​ដុល្លារ ត្រូវបាន​បញ្ចេញ​ដើម្បី​ជួយ​គៀ​ហ្ស៊ី​ស៊ី​ស្ថាន​ក្នុងការ​ទប់ស្កាត់ COVID-19 ៕

Tag:
 COVID-19
  គៀ​ហ្ស៊ី​ស៊ី​ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com