Fifpro ស្នើ FIFA ឲ្យ​បញ្ឈប់​លី​គ​នៅ​បេឡា​រុស ដែល​បន្ត​ប្រកួត​ដោយ​មិន​រអា COVID-19
COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Fifpro ស្នើ FIFA ឲ្យ​បញ្ឈប់​លី​គ​នៅ​បេឡា​រុស ដែល​បន្ត​ប្រកួត​ដោយ​មិន​រអា COVID-19
02, Apr 2020 , 8:29 am        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អាជីព​អន្តរជាតិ (Fifpro) និយាយ​ដោយ​ត្រង់​ថា ស្ថាប័ន​ខ្លួន​មិន​យល់​ទេ​ថា ហេតុអ្វី​លី​គ​កីឡាបាល់ទាត់​អាជីព​កំពុង​បន្ត​ក្នុងប្រទេស​បេឡា​រុស ខណៈដែល​ការរីក​រាលដាល​នៃ​ជំងឺឆ្លង COVID-19 កាន់តែ​កើនឡើង​។ Fifpro និង​ស្នើ​ទៅ FIFA និង UEFA ដើម្បី​ចាត់ការ​លើ​បញ្ហា​នេះ​។


 
​បេឡា​រុស ជា​ប្រទេស​តែមួយគត់​នៅ​តំបន់​អឺរ៉ុប​ដែល​បន្ត​ការប្រកួត​លី​គ​លំដាប់​កំពូល​របស់ខ្លួន​ទល់​សព្វថ្ងៃ​។ ការប្រកួត​ចំនួន​៨​គូ នឹង​គ្រោង​ធ្វើឡើង​នៅ​ក្នុ​ក្របខណ្ឌ​លី​គ​កំពូល​បេឡា​រុស Premier League នៅ​ចុង​សប្តាហ៍​នេះ បន្ទាប់ពី​ដំណើរ​ប្រកួត​រួចមកហើយ​កាលពី​ចុង​សប្តាហ៍​មុន​។​
 
​ស្របពេល​លី​គ​បាល់ទាត់​លើ​ពិភពលោក រួមទាំង​លី​គ​ល្បីៗ​ដូចជា​អង់គ្លេស អេ​ស្ប៉ា​ញ អ៊ីតាលី និង​អាល្លឺម៉ង់​សុទ្ធតែ​ត្រូវបាន​ផ្អាក​ដោយ​បារម្ភ​ពី​ការ​រាតត្បាត​នៃ COVID-19 ប៉ុន្តែ Premier League របស់​បេឡា​រុស​នៅតែ​បន្ត​ការប្រកួត​ដដែល ដោយ​មិន​រអា​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះឡើយ​។​
 
«​យើង​កំពុង​អំពាវនាវ​ឲ្យ​ចាត់វិធានការ​ប្រុងប្រយ័ត្ន​ដូចគ្នា​ដើម្បី​អនុវត្ត​នៅក្នុង​វិស័យ​បាល់ទាត់ ពិសេស​ក្រុម​ដែល​មិនទាន់បាន​អនុវត្ត​»​។ អគ្គលេខាធិការ Fifpro លោក Jonas Baer-Hoffmann អះអាង​ដូច្នេះ​។​
 
​លោក Hoffmann បន្ថែមថា​៖«​និយាយ​ដោយ​ត្រង់​ទៅ​ខ្ញុំ​មិនអាច​យល់បាន​ទេ​ថា​តើ​រឿងនេះ​អាច​កើតឡើង​យ៉ាងដូចម្តេច​។ ពួកគេ​ត្រូវតែ​អនុវត្ត​ស្តង់ដារ​ដូចគ្នា ហើយ​យើង​នឹង​ជំរុញ​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​នេះ​»​។​
 
​ក្របខណ្ឌ​លី​គ​កំពូល​បេឡា​រុស Premier League ដែល​គេ​មិន​ធ្លាប់​ស្គាល់​ច្រើន បើ​ទោះ​មាន​មូលដ្ឋាន​នៅ​អឺរ៉ុប ប៉ុន្តែ​ឥឡូវ​បែ​ជា​ទទួលបាន​ការចាប់អារម្មណ៍ និង​មាន​ប្រជាប្រិយភាព​ពី​អ្នកគាំទ្រ​អំឡុង​មាន​វិបត្តិ​កូ​វីដ​-១៩​ទៅវិញ​។ មិន​ត្រឹម​ប៉ុណ្ណោះ សហព័ន្ធ​កីឡាបាល់ទាត់​បេឡា​រុស (BFF) ថែមទាំង​ទទួលបាន​កិច្ចព្រមព្រៀង​ផ្សព្វផ្សាយ​ជាមួយ​បណ្តាញ​កីឡា​ចំនួន​១០ ដែល​រួមមាន​រុស្ស៊ី អ៊ីស្រាអែល និង​ឥណ្ឌា​ទៀតផង​។​
 
​បើ​ទោះ​គ្មាន​ដែន​សម​ត្ត​កិច្ច​លើ BFF ប៉ុន្តែ​ស្ថាប័ន Fifpro នឹង​បញ្ចុះបញ្ចូល​សហព័ន្ធ​កីឡាបាល់ទាត់ (FIFA) និង UEFA ឲ្យ​ចាត់វិធានការ​លើ​ករណី​នេះ​៕

Tag:
 Fifpro
  COVID-19
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com