COVID-19
អន្តរជាតិ
ជនជាតិភាគតិច «ម៉ុង» នៅថៃ ដាក់រូបឈើពាក់ម៉ាស់បណ្ដេញ COVID-19 ប្រភពរូប កាសែត បាងកកប៉ុស្តិ៍
× ជនជាតិភាគតិច ម៉ុង (Hmong) នៅភូមិមួយក្នុងស្រុក ផូប ប្រា (Phop Phra) ខេត្តតាក់ (Tak) ភាគខាងលិចប្រទេសថៃ បាននាំគ្នាសុំជំនួយពីវត្ថុស័ក្ដិសិទ្ធិដើម្បីប្រយុទ្ធប្រឆាំង COVID-19 ដោយការដាក់រូបឈើពាក់ម៉ាស់តំណាង។
មានរូបរាងស្រងៀងនឹង «ទីងមោង» រូបឈើដែលពួកគេជឿថាមានព្រលឹងការពារទាំងនេះ ត្រូវបានដាក់តាមដងផ្លូវចូលភូមិមួយឈ្មោះថា កែវរ៉ូមថៃ ប៉ាតាណា (Kao Ruam Thai Pattana) ។ តាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍ នៅថ្ងៃ០១ ខែមេសា លោក Wathanyu Wongmeechok ដែលប្រធានភូមិនេះ គូសបញ្ជាក់ថា រូបឈើនៅច្រកចូលភូមិលោក តំណាងឲ្យព្រលឹងស័ក្ដិសិទ្ធិ។
លោក អះអាងថា ពួកគេ នឹងជួយបង្ការភាវៈអាក្រក់ចូលក្នុងភូមិ និងការពារពលរដ្ឋពីគ្រោះថ្នាក់។ លោក បន្តទៀតថា រូបឈើទាំងនេះ ត្រូវបានធ្វើពិធីសាសនារួចរាល់ដោយមនុស្សចាស់ទុំក្នុងភូមិ មុនពេលដាក់បញ្ឈរនៅតាមផ្លូវ។
ទោះជាមានជំនឿលើវត្ថុស័ក្ដិសិទ្ធិ លោកមេភូមិ Wathanyu ក៏បានអះអាងថា ច្រកចូលភូមិលោក ត្រូវបានយាមល្បាត២៤ម៉ោង ចាប់តាំងពីថ្ងៃ ២៤ ខែមីនា មក ដោយត្រួតពិនិត្យមនុស្សធ្វើដំណើរចេញចូល ដើម្បីទប់ស្កាត់ការរីករាលដាល COVID-19 ។ លោក សង្កត់ធ្ងន់ថា មនុស្សដែលចេញចូលភូមិ ត្រូវត្រួតពិនិត្យសីតុណ្ហភាព និងត្រូវពាក់ម៉ាស់ជាប់ជានិច្ច។
សូមបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃ០១ ខែមេសា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសថៃ ឡើងដល់ ១៧៧១ករណីហើយ ក្នុងនោះករណីថ្មី មាន១២០នាក់។ ចំណែកករណីស្លាប់ ឡើងដល់ ១២នាក់ហើយ ក្រោយរកឃើញ ២ករណីថ្មីបន្ថែម។ នេះបើតាមក្រសួងសុខាភិបាលថៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com