COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង ផ្ដើមយុទ្ធនាការបោះឆ្នោតសភា ទោះករណីឆ្លង COVID-19 មិនទាន់ស្រាកស្រាន្ត រូបភាពបង្ហាញពីបេក្ខជនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាកូរ៉េខាងត្បូង។ រូបភាព Yonhap
× គណបក្សនយោបាយកូរ៉េខាងត្បូង នៅថ្ងៃទី២ ខែមេសា បានចាប់ផ្ដើមយុទ្ធនាការរបស់ខ្លួនដើម្បីស្វែងរកការគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភា។ យុទ្ធនាការនេះ ធ្វើឡើងខណៈដែលការឆ្លងជំងឺ COVID-19 នៅមិនទាន់ថមថយ ដោយករណីឆ្លងថ្មីប្រចាំថ្ងៃនៅតែមានជាបន្តបន្ទាប់។ ការឆ្លើយតបរបស់រដ្ឋាភិបាល និងបញ្ហាសេដ្ឋកិច្ច ទំនងជាប្រធានបទធំដើម្បីទាក់ទាញការគាំទ្រពីសំណាក់អ្នកបោះឆ្នោតដែលកំពុងបារម្ភពីបញ្ហា COVID-19 ។
យុទ្ធនាការស្វែងរកសំឡេងឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាកូរ៉េខាងត្បូង នឹងធ្វើឡើងរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី២ ខែមេសារហូតដល់ល្ងាចថ្ងៃទី១៤ ខែមេសា។ ថ្ងៃទី១៥ ខែមេសា ជាថ្ងៃបោះឆ្នោត។ នេះបើតាមការប្រកាសរបស់គណៈកម្មការរៀបចំការបោះឆ្នោតកូរ៉េខាងត្បូង។
កៅអីសភាកូរ៉េខាងត្បូងចំនួន៣០០ នឹងត្រូវបានដាក់ឲ្យប្រជែងក្រោមរូបមន្តចម្រុះ ដោយសមាជិកចំនួន២៥៣នាក់ ត្រូវជ្រើសរើសដោយផ្ទាល់ និង៤៧នាក់ ត្រូវជ្រើសរើសដោយសំឡេងដែលបក្សនីមួយៗទទួលបាន។ ក្នុងនោះ អ្នកបោះឆ្នោតទាំងអស់ ត្រូវគូសសន្លឹកឆ្នោតចំនួនពីរ គឺមួយសន្លឹកឆ្នោតគាំទ្របេក្ខជនដោយផ្ទាល់ និងមួយសន្លឹកទៀត បោះឆ្នោតឲ្យបក្សនយោបាយដែលខ្លួនពេញចិត្ត។
ការបោះឆ្នោតនេះ ក៏ជាការវាស់ស្ទង់ទំនោររបស់ប្រជាជនមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២ផងដែរ។ បក្សធំៗចំនួនពីរ រំពឹងទទួលបានលទ្ធផលគាប់ប្រសើរដូចគ្នា។ បក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាច និងជាបក្សរបស់លោកប្រធានាធិបតី មូន ចេអ៊ីន ផងនោះ រំពឹងឈ្នះកៅអីសភាចំនួន១៣២ ខណៈបក្សអនាគតរួបរួមដែលជាបក្សប្រឆាំងសង្ឃឹមទទួលបានកៅអីសភាយ៉ាងហោចណាស់១២៤ ផងដែរ។
មណ្ឌលបោះឆ្នោតដ៏គួរឲ្យចាប់អារម្មណ៍នោះ គឺមណ្ឌល Jongno ក្នុងរដ្ឋធានីសេអ៊ូល។ នៅមណ្ឌលនេះ អតីតនាយករដ្ឋមន្ត្រី លី ណាក់យុន មកពីបក្សប្រជាធិបតេយ្យ នឹងតទល់ជាមួយអតីតនាយករដ្ឋមន្ត្រី វ៉ាង ក្យូអាន របស់បក្សប្រឆាំង។ ដោយឡែក ទីក្រុសេអ៊ូល និងទីក្រុងក្បែរធំៗនោះ ក៏ជាមណ្ឌលគួរឲ្យចាប់អារម្មណ៍ដែរ ព្រោះមានកៅអីសភាជាងពាក់កណ្ដាលទៅហើយដោយសារជាបណ្ដុំប្រជាជន។
ទោះជាយ៉ាងណា បក្សនយោបាយទាំងអស់ សុទ្ធតែបានប្ដេជ្ញាចិត្តឃោសនាដោយស្ងាត់ស្ងៀម ខណៈប្រទេសជាតិកំពុងជួបបញ្ហាដោយសារ COVID-19 ។ កូរ៉េខាងត្បូង ជាប្រទេសមានករណីឆ្លងច្រើនមួយ ប៉ុន្តែក៏មានអត្រាព្យាបាលសះស្បើយច្រើនដែរ។ គិតត្រឹមថ្ងៃទី២ ខែមេសា កូរ៉េខាងត្បូងមានរកណីឆ្លងទាំងអស់ ៩៩៧៦នាក់ និងសះស្បើយជាង៥៨០០នាក់៕
Tag:
កូរ៉េខាងត្បូង
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com