COVID-19
អន្តរជាតិ
ប្រទេស​១២១ ស្នើសុំ​ជំនួយ​បរិក្ខារ​ធ្វើតេស្ត​រក COVID-19 ពី​កូរ៉េខាងត្បូង​
03, Apr 2020 , 6:29 am        
រូបភាព
ដោយ:
​នៅ​ថ្ងៃទី​១ ខែមេសា ក្រសួងការបរទេស​កូរ៉េខាងត្បូង ប្រកាសថា​ា កូរ៉េខាងត្បូង ទទួលបាន​សំណើសុំ​ជំនួយ​បរិក្ខារ​ធ្វើតេស្ត​រក COVID-19 ពី​ប្រទេស​ចំនួន ១២១ ស្រប​ពេលដែល​អាជ្ញាធរ​សុខាភិបាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​រង​សម្ពាធ​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​។ នេះ​បើ​យោងតាម​សារ​ព័​ត៍​មាន Reuters​។

 
​កូរ៉េខាងត្បូង​ដែល​ធ្លាប់ជា​ប្រទេស​ដែលមាន​អ្នក​ឆ្លង​ជំងឺ COVID-19 លំដាប់​ទី​២ បន្ទាប់ពី​ចិន បាន​ប្រើប្រាស់​យុទ្ធ​ធានា​ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ និង​ការតាមដាន​យ៉ាង​ដិតដល់ ដើម្បី​ជួយ​ពន្យឺត​ការរីក​រាលដាល​នៃ​ជំងឺ​នៅក្នុង​ប្រទេស​។ បច្ចេកវិទ្យា គួបផ្សំ​នឹង​ការចូលរួម ធ្វើ​ឲ្យ​ស្ថានភាព​នៅ​កូរ៉េខាងត្បូង ហាក់​ធូរស្រាល​ខ្លាំង បើ​ធៀប​ប្រទេស​ផ្សេង​។​
 
​ប្រទេស​ជាច្រើន ក៏​ងាក​ទៅរក​ប្រទេស​នេះ​ដើម្បី​ទទួលបាន​សម្ភារ​ធ្វើតេស្ត​។ មន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងត្បូង​ម្នាក់​បាន​និយាយថា​៖ «​យើង​ទទួលបាន​សំណើ​ពី​ប្រទេស​ផ្សេងៗ​ជាច្រើន នេះ​ដោយសារតែ​យើង​មាន​បទពិសោធ​នៅពេល​មានការ​ផ្ទុះ​ឆ្លង​ដំបូង​។ មកដល់ពេលនេះ​មាន​ប្រទេស​ចំនួន​១២១ ហើយនឹង​មានការ​កើនឡើង​ជាប្រចាំ​ថ្ងៃ​»​។ 
 
​បន្ថែម​ពីនេះ កូរ៉េខាងត្បូង បាន​បង្កើត​ក្រុមការងារ ដែលមាន​នាទី​កំណត់​លក្ខខណ្ឌ​នៃ​ការផ្តល់​ជំនួយ​ដែល​អាចជា ការនាំចេញ ឫ​ជំនួយ​មនុ​ស្សធ​ម៍​។ នេះ​បើ​យោងតាម​មន្ត្រី​ក្រសួង​ការ​ប្រទេស​កូរ៉េខាងត្បូង​។ កាលពី​សប្តាហ៍​មុន ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានស្នើ​សម​ភាគី​កូរ៉េខាងត្បូង​ឲ្យ​ជួយ​ផ្គត់ផ្គង់​បរិក្ខារ​ពេទ្យ ដោយ​សន្យាថា នឹង​ជួយ​ក្រុមហ៊ុន​កូរ៉េខាងត្បូង​ក្នុង​ការទទួល​បានការ​អនុញ្ញាត​ផ្លូវច្បាប់​។ 
 
​មន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងត្បូង​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​ក្រុមហ៊ុន​ផលិត​បរិក្ខា​តេស្ត​បាន សន្យា​ផ្គត់ផ្គង់​បរិក្ខា​ទាំងនោះ ទៅកាន់​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ឯទៀត ដែល​ក្នុងនោះ​រួមមាន​អ៊ីតាលី​ផងដែរ​។ 
 
​ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា​កូ​រ៉​ខាងត្បូង​ដែល​ផ្គត់ផ្គង់​បរិក្ខា​ទាំងនោះ បាន​ពង្រីក​ផលិតកម្ម​របស់ខ្លួន​ដើម្បី​បំពេញ​សេចក្តីត្រូវការ ចំណែកឯ​តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុន​ទាំង​នោះបាន​កើនឡើង​មួយ​ទ្វេ​ជា​បី តាំងតែ​ពី​ដើមឆ្នាំ​។ 
 
​មន្ត្រី​សុខាភិបាល​កូរ៉េខាងត្បូង បាន​បន្ថែម​ផងដែរ​ថា កូរ៉េខាងត្បូង ក៏​កំពុង​ពិសោធ​សំណាក​ដែល​បញ្ជូន​ពី​ប្រទេស​ហ្វាំ​ង​ឡង់​ផងដែរ​។ ក្រុមហ៊ុន Mehilainen ដែល​ផ្តល់​សេវា​សុខាភិបាល​នៅ​ហ្វាំ​ង​ឡង់​នឹង​បញ្ជូន​សំណាក​តេស្ត ១៨,០០០​តាម​ជើងយន្តហោះ​ពិសេស ។ យន្តហោះ​នោះ នឹង​ហោះ​ត្រឡប់​ទៅវិញ​ជាមួយ​ឧបករណ៍​ការពារ​ខ្លួន​សម្រាប់​បុគ្គលិក​ពេទ្យ និង​បរិក្ខារ​ធ្វើតេស្ត​។ 
 
​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ការពារ​ជំងឺ​របស់​កូរ៉េខាងត្បូង បានផ្តល់​យោបល់​ឲ្យ​មន្ទីរពិសោធន៍​ទាំង ១១៨ របស់ខ្លួន​ឲ្យ​ជួយ​ហ្វាំ​ង​ឡង់​តាមតែ​អាចធ្វើ​ទៅបាន ដរាបណា​មិន​ប៉ះពាល់​ដល់​ប្រទេស​ខ្លួន​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា កាលពី​សប្តាហ៍​កន្លងទៅ ក្រសួងការបរទេស​កូរ៉េខាងត្បូង បានដាក់​សហរដ្ឋអាមេរិក អេ​មី​រ៉ាត់​អារ៉ាប់​រួម និង​ឥណ្ឌូណេស៊ី​ជា​ប្រទេស​អាទិភាព​ក្នុងការ​ទទួលបាន​សម្ភា​រ​វេជ្ជសាស្ត្រ​៕

© រក្សាសិទ្ធិដោយ thmeythmey.com