COVID-19
អន្តរជាតិ
ឥណ្ឌូណេស៊ី ដោះលែង​អ្នកទោស​១៨០០០​នាក់​ដើម្បី​បញ្ចៀស​ការឆ្លង COVID-19 ក្នុង​គុក​
03, Apr 2020 , 11:29 am        
រូបភាព
អ្នកទោសឥណ្ឌូណេស៊ីក្នុងពន្ធនាគារមួយកន្លែង។ រូបភាព AFP
អ្នកទោសឥណ្ឌូណេស៊ីក្នុងពន្ធនាគារមួយកន្លែង។ រូបភាព AFP
​ឥណ្ឌូណេស៊ី បាន​ដោះលែង​អ្នកទោស​ជាង​១៨០០០​នាក់​ដើម្បី​បញ្ចៀស​ការឆ្លង​ជំងឺ COVID-19 ក្នុង​ពន្ធនាគារ​ដែលមាន​អ្នកទោស​ច្រើន​ហូរហៀរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អាជ្ញាធរ​គ្រប់គ្រង​ពន្ធនាគារ​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី​២ ខែមេសា​។ ឥណ្ឌូណេស៊ី ជា​ប្រទេស​រងគ្រោះ​ធ្ងន់ធ្ងរ​មួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ជាមួយនឹង​ចំនួន​អ្នកស្លាប់​ច្រើនជាងគេ​ក្នុង​តំបន់​ផងដែរ​។​

 
​ការដោះលែង​អ្នកទោស​១៨០០០ ជា​ផ្នែក​មួយ​នៃ​វិធានការ​របស់​ឥណ្ឌូណេស៊ី​ដើម្បី​ទប់ស្កាត់​ការឆ្លង COVID-19 ក្នុង​ពន្ធនាគារ​។ ឥណ្ឌូណេស៊ី ធ្លាប់​ប្រកាស​ហើយ​ថា ខ្លួន​នឹង​ដោះលែង​អ្នកទោស​ច្រើនជាង​បី​ម៉ឺន​នាក់​ពី​ពន្ធនាគារ​ដែល​ត្រូវបាន​រិះគន់ថា ខ្វះ​អនាម័យ មាន​ជំងឺឆ្លង​ផ្សេង​កើត​លើ​អ្នកទោស​ដែល​ត្រូវ​ប្រជ្រៀត​គ្នា​ក្នុង​បន្ទប់​តូចៗ​នោះ​។​
 
​ស្របពេល COVID-19 រាលដាល​ខ្លាំង អង្គការសហប្រជាជាតិ បានស្នើ​ឲ្យ​ប្រទេស​នានា​ដោះលែង​អ្នកទោស​មួយចំនួន​ដែល​ប្រឈមមុខ​នឹង​ការឆ្លង​ខ្លាំង​។ កាលពី​សប្ដាហ៍​កន្លងទៅ អា​ហ្វ​ហ្គា​នី​ស្ថាន ក៏បាន​ប្រកាសថា ខ្លួន​នឹង​ដោះលែង​អ្នកទោស​ច្រើនជាង​មួយ​ម៉ឺន​នាក់​ផងដែរ​។​
 
​សម្រាប់​ឥណ្ឌូណេស៊ី​វិញ អគ្គនាយកដ្ឋាន​មណ្ឌល​កែប្រែ​ប្រកាសថា ចំនួន​អ្នកទោស​ដែល​ត្រូវ​ដោះលែង​អាចមាន​ច្រើនជាង​បី​ម៉ឺន​នាក់​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​នេះ អ្នកស្រី Rika Aprianti និយាយថា ការដោះលែង​អ្នកទោស ជា​ផ្នែក​មួយ​នៃ​ការ​ផែនការ​ទប់ស្កាត់​ការ​រាលដាល​វីរុស​។ ក្នុងចំណោម​អ្នកទោស​ដែល​ត្រូវបាន​ដោះលែង​មាន​អ្នកទោស​វ័យក្មេង​ដែល​បាន​អនុវត្ត​ទោស​របស់​ពួក​ពីរភាគបី​រួចហើយ​។ 
 
​អ្នកទោស​ទាំងអស់់​ដែល​ត្រូវបាន​ដោះលែង ក៏ត្រូវ​បាន​ណែនាំ​ឲ្យ​នៅ​ដោយឡែក​មួយរយៈ​ពេល​សិន​ដែរ​។ អ្នកទោស​វ័យ​៣៣​ឆ្នាំ​ម្នាក់​និយាយថា ខ្លួន​ភ័យខ្លាច​ពី​ការឆ្លង​ជំងឺ​ក្នុង​ពន្ធនាគារ ព្រោះ​អាច​ឆ្លង​ជំងឺ​ដោយ​មិនដឹង​ខ្លួន​។​
 
​អង្គការ​តម្លាភាព​អន្តរជាតិ​ដែល​តែង​រិះគន់​ឥណ្ឌូណេស៊ី​រឿង​ប្រព័ន្ធ​ពន្ធនាគារ​តូចចង្អៀត​នោះ បាន​ស្វាគមន៍​ការសម្រេចចិត្ត​ដោះលែង​អ្នកទោស​នេះ​។ អង្គការ​នេះ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ផ្ដល់​សេរីភាព​ដល់​អ្នកទោស​ម​ន​សិ​ការ និង​អ្នកទោស​មាន​វ័យ​ចំណាស់​ផងដែរ​៕ 

Tag:
 COVID-19
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com