អាជ្ញាធរ រកឃើញអាល់កុលក្លែងក្លាយជិត៦ម៉ឺនលីត្រ
COVID-19
ជាតិ
សង្គមជាតិ
អាជ្ញាធរ រកឃើញអាល់កុលក្លែងក្លាយជិត៦ម៉ឺនលីត្រ
03, Apr 2020 , 2:15 pm        
រូបភាព
អាល់កុលក្លែងក្លាយ (មេតាណុល) ជិត៦ម៉ឺនលីត្រ ត្រូវបានមន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ រកឃើញ និងរឹបអូសយក ហើយនឹងចាត់ការតាមនីតិវិធី។ អាល់កុលក្លែងក្លាយ ជិត៦ម៉ឺនលីត្រនោះ មាន៧៦៣ ប៊ីដុង និង ២២៤ ពុយ។



មន្រ្តីមានសមត្ថកិច្ច បានរឹបអូសអាល់កុលក្លែងក្លាយទាំងនោះ ពីទីតាំង២ គឺ នៅឃុំត្រពាំងសុក្រំ ស្រុកអង្គស្នួល ខេត្តកណ្តាល និង នៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០។

លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានបញ្ជាឲ្យមន្រ្តីក្រោមឱវាទ ចុះស្រាវជ្រាវ និងបង្ក្រាបជាបន្ទាន់លើការធ្វើចរាចរចែកចាយសារធាតុអាល់កុលក្លែងក្លាយ ក្នុងក្របខណ្ឌទូទាំងប្រទេស។ នេះបើតាមសំណេលើហ្វេសប៊ុករបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ អះអាងថា មកដល់ពេលនេះ មន្រ្តីមានសមត្ថកិច្ច បានបើកយុទ្ធនាការបង្ក្រាបនិងរឹបអូសអាល់កុលក្លែងក្លាយបានជាង៦,៤ម៉ឺនលីត្រហើយ។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ អំពាវនាវដល់អាជីវករ ចូលរួមសហការ និងឈ្វេងយល់អំពីការប្រកបអាជីវកម្មដោយការទទួលខុសត្រូវ ដោយជៀសវាងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងប្រឈមចំពោះមុខច្បាប់ថែមទៀតផង៕

Tag:
 COVID-19
  អាល់កុលក្លែងក្លាយ
© រក្សាសិទ្ធិដោយ thmeythmey.com