COVID-19
អន្តរជាតិ
ថៃ​ដាក់​បម្រាម​គោចរ​ពេលយប់​៦​ម៉ោង ខណៈ​អ្នក​ល្មើស​អាច​ជាប់គុក​រហូត​២​ឆ្នាំ
03, Apr 2020 , 3:58 pm        
រូបភាព
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ប្រកាសពីបម្រាមគោចរ កាលពីថ្ងៃ២ មេសា ឆ្នាំ២០២០
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ប្រកាសពីបម្រាមគោចរ កាលពីថ្ងៃ២ មេសា ឆ្នាំ២០២០
ដោយ:
​រដ្ឋាភិបាល​ថៃ បានសម្រេច​ដាក់​បម្រាម​គោចរ ដែល​ហាមឃាត់​ពលរដ្ឋ​នៅ​ទូទាំងប្រទេស​ពី​ការចាក​ចេញពីផ្ទះ​ពួកគេ ចាប់ពី​ម៉ោង​១០​យប់ ដល់​ម៉ោង​៤​ព្រឹក​។ វិធានការ​នេះ នឹង​ចូល​ជា​ធរមាន​ចាប់ពី​យប់​ថ្ងៃទី​៣ ខែមេសា​តទៅ ក្នុង​គោលដៅ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 ។​

 
​ថ្លែង​លើ​កញ្ចក់​ទូរទស្សន៍​កាល​ល្ងាច​ពីថ្ងៃ​ទី​២ ខែមេសា នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ប្រកាស​ពី​បម្រាម​គោចរ​នេះ ដែល​នឹង​បន្ត​អនុវត្ត​រហូតដល់​ជូនដំណឹង​នាពេល​ក្រោយ​ទៀត​។ តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ ប្រមុខ​រដ្ឋាភិបាល​រូបនេះ ក៏បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ស្ងប់ចិត្ត និង​ស្នើ​ឲ្យ​ពួកគេ​កុំ​ទិញ​ចំណីអាហារ​ស្ដុក​ទុក​។ ត្រង់ចំណុច​នេះ លោក ប្រា​យុទ្ធ សង្កត់ធ្ងន់ថា ប្រជាជន​នឹង​នៅតែ​បន្ត​អនុញ្ញាត​ចាក​ចេញពីផ្ទះ​អំឡុងពេល​ថ្ងៃ ក៏ប៉ុន្តែ​ពួក​គ​នឹងត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​ការ​គម្លាត​សង្គម​។ 
 
​បុគ្គលិក​ពេទ្យ​និង​ធនាគារ ក៏ដូចជា​កម្មករ​ដឹក​ជញ្ជូន​ផ្នែក​គ្រឿង​បរិភោគ​, ផលិតផល​កសិកម្ម និង​ថ្នាំពេទ្យ​, បរិក្ខារ​ពេទ្យ​ចាំបាច់​, កាសែត​, ឥន្ធនៈ ព្រមទាំង​ផលិតផល​សម្រាប់​នាំចេញ​និង​នាំចូល ត្រូវបាន​លើកលែង​សម្រាប់​ការ​រឹតត្បិត​នេះ​។ ការដឹក​មនុស្ស​ទៅ​ដាក់​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក ក៏​នៅតែ​បន្ត​អនុញ្ញាត​ដដែល​។ 
 
​ម្យ៉ាងវិញទៀត បម្រាម​គោចរ​នេះ ក៏ត្រូវ​លើកលែង​ចំពោះ​បុគ្គលិក​បម្រើការ​វេន​យប់​, ប្រជាជន​ដែល​ធ្វើដំណើរ​ទៅ ឬ​មកពី​ព្រលានយន្តហោះ​ដោយមាន​ឯកសារ​ចាំបាច់​បង្ហាញ​គោលបំណង​ពួកគេ​, មន្ត្រី​ដែល​ទទួល​កាតព្វកិច្ច និង​អ្នក​ដែល​ទទួល​ការអនុញ្ញាត​ជាមុន​ពី​មន្ត្រី​ឲ្យ​ចាកចេញ​សម្រាប់​កិច្ចការ​បន្ទាន់​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់កា​សែត​បាងកក​ប៉ុស្តិ៍ អ្នក​ល្មើស​បម្រាម​នេះ នឹង​ប្រឈម​ទោស​ជាប់គុក​រហូតដល់​២​ឆ្នាំ និង​/​ឬ ពិន័យ​ជា​ប្រាក់​រហូតដល់ ៤​ម៉ឺន​បាត (​ជាង​១២១៥​ដុល្លារ​)​។ ដោយឡែក លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ បញ្ជាក់ទៀតថា បទបញ្ជា​រឹតត្បិត​ការ​ដើរហើរ​ដែលមាន​ស្រាប់​ក្នុង​បណ្ដា​ខេត្ត​ដទៃ នឹង​បន្ត​អនុវត្ត​ដដែល​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៣ ខែមេសា ប្រទេស​ថៃ មាន​ករណី​ឆ្លង COVID-19 ចំនួន ១៩១៨​ករណី​ហើយ ក្រោយ​រកឃើញ​ករណី​ឆ្លង​ថ្មី​បន្ថែមចំនួន ១០៣​នាក់​។ ចំណែក អ្នកស្លាប់​សរុប​ឡើងដល់ ១៩​នាក់ ក្នុងនោះ​៤​នាក់​ទើប​រាយការណ៍​ថ្មី​។ នេះ​បើតាម​ក្រសួងសុខាភិបាល​ថៃ​៕

Tag:
 ថៃ​
  បម្រាម​គោចរ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com