អន្តរជាតិ
បក្សសម្ព័ន្ធយោធា NATO ស្វាគមន៍ម៉ាសេដ្វានខាងជើងជាសមាជិកទី៣០ រូបភាព៖ NATO
× រដ្ឋមន្ត្រីការបរទេសបក្សសម្ព័ន្ធយោធាNATO នាថ្ងៃទី២ ខែមេសា បានស្វាគមន៍ម៉ាសេដ្ឋានខាងជើងក្លាយជាសមាជិកទី៣០ថ្មី។ ការក្លាយជាសមាជិករបស់បក្សសម្ព័ន្ធយោធានេះ ធ្វើឡើងបន្ទាប់ពីប្រទេសមួយនេះ បានចរចាជាយូររហូតមក។
តាមរយៈសេចក្តីថ្លែងការណ៍មួយនាកិច្ចប្រជុំ Video Conference រដ្ឋមន្ត្រីការបរទេសរបស់អង្គការ NATOបានអបអរសាទរម៉ាសេដ្វានខាងជើងយ៉ាងដូច្នេះថា៖ «យើងស្វាគមន៍រដ្ឋម៉ាសេដ្វានខាងជើង ជាសម្ព័ន្ធមិត្តទី៣០របស់បក្សសម្ព័ន្ធយោធា NATO»។
កាលពីឆ្នាំ២០១៩ ប្រទេសសមាជិកNATO ទាំង២៩ប្រទេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីអនុញ្ញាតឲ្យ ម៉ាសេដ្វានខាងជើងក្លាយជាសមាជិកថ្មី។ រហូតមកដល់ថ្ងៃទី២៧ ខែមីនា ទើបម៉ាសេដ្វានខាងជើង បានក្លាយជាសមាជិកផ្លូវការរបស់អង្គការ NATO។
ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីក្រិក និងម៉ាសេដ្វានខាងជើង បញ្ចប់វិវាទជាមួយគ្នា ជុំវិញឈ្មោះប្រទេស ពោលគឺដូរពីម៉ាសេដ្វាន ទៅម៉ាសេដ្វានខាងជើង។ នាដើមសប្តាហ៍នេះ ម៉ាសេដ្វានខាងជើង បានដំឡើងទង់ជាតិរបស់ខ្លួននាទីស្នាក់ការកណ្តាលរបស់បក្សសម្ព័ន្ធ NATO នាប្រទេសបែលហ្ស៊ិក។
សូមបញ្ជាក់ថា បក្សសម្ព័ន្ធយោធា NATO ដែលត្រូវបានបង្កើតឡើងនាឆ្នាំ ១៩៤៩ ក្នុងអំឡុងពេលសង្គ្រាមត្រជាក់ ដើម្បីទប់ទល់ជាមួយឥទ្ធិពលរបស់សហភាពសូវៀត។ បន្ថែមពីលើនេះ NATO ត្រូវបានបង្កើតឡើង ដើម្បីការពារសន្តិសុខរួម (Collective Security)របស់សមាជិកទាំងអស់។ គិតមកត្រឹមពេលនេះ NATO មានសមាជិកសរុបចំនួន ៣០ប្រទេសហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com