ម្ចាស់ខ្សែក្រវាត់លំដាប់ពិភពលោក Christian Lee រំលឹកពីការរៀបការដ៏ល្អឥតខ្ចោះ
03, Apr 2020 , 10:59 pm
រូបភាព
×
អត្ថបទ៖ស៊ីធី
ម្ចាស់ខ្សែក្រវាត់លំដាប់ពិភពលោក Christian Lee ឬ “The Warrior” បានបង្កើតរឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលជាច្រើននៅឆ្នាំ ២០១៩។ កីឡាករសិង្ហបុរីរូបនេះចាប់ផ្ដើមយ៉ាងល្អនៅឆ្នាំចាស់ដោយឈ្នះ Edward “The Ferocious” Kelly និងឡើងមួយកម្រិតទៀតពេលឈ្នះកីឡាករជប៉ុន Shinya Aoki ឬ “Tobikan Judan” ដើម្បីគ្រងខ្សែក្រវាត់ពិភពលោក ONE Lightweight World Title។
រឹតតែអស្ចារ្យ Lee បានឈ្នះខ្សែក្រវាត់ ONE Lightweight World Grand Prix Champion បន្ទាប់ពី Saygid “Dagi” Guseyn Arslanaliev នៅវគ្គផ្ដាច់ព្រ័ត្រនៅក្នុងកម្មវិធី ONE:CENTURY ឯប្រទេសជប៉ុន។ ប៉ុន្តែការចាប់ផ្ដើមនៅឆ្នាំ ២០២០ ក៏មានរឿងគួរឲ្យកត់សម្គាល់ផ្សេងទៀត។ កាលថ្ងៃអង្គារ ទី ២៥ ខែ កុម្ភៈ Lee បានរៀបការជាមួយសង្សារតាំងពីវិទ្យាល័យ Katie នៅក្រុង Haleiwa រដ្ឋ Hawaii សហរដ្ឋអាមេរិក។ នៅពេល “The Warrior” ឃើញកូនក្រមុំស្លៀកពាក់ដ៏ស្រស់ស្អាត រូបគេពោរពេញដោយមនោសញ្ចេតនាលើសលប់មួយរំពេច។
Lee រំលឹកដំណើររឿង៖«យើងដើរផ្លូវរួមគ្នាតាំងពីនៅវិទ្យាល័យម្ល៉េះ។ បើគិតទៅវារយៈពេល ៧ ឆ្នាំមកហើយតាំងពីជួបគ្នាដំបូង។ ពេលឃើញកូនក្រមុំរបស់ខ្ញុំ ខ្ញុំបាននឹកឃើញគ្រាដែលយើងធ្លាប់ឆ្លងកាត់ជាមួយគ្នា។ វាពិតជារំភើបណាស់សម្រាប់ខ្ញុំ និងជាថ្ងៃដ៏ពិសេសមួយ»។
មុនឈានដល់ថ្ងៃដ៏សំខាន់នៃថ្ងៃមង្គលដ៏មានន័យ Lee ក៏សូមអរគុណដល់ក្រុមគ្រួសារដែលផ្ដល់ក្ដីស្រលាញ់ និង គាំទ្ររហូតមក។ មួយសន្ទុះមកទៀត ម្ចាស់ខ្សែក្រវាត់ ONE Lightweight World Champion បានដើរទៅកាន់សួនច្បារដ៏ស្រស់ស្អាតWaimea Valley ស្ថិតនៅភាគខាងជើងនៃច្រាំងកោះ Oahu ជាមួយនឹងសម្លៀកបំពាក់ពណ៌ស និងស្បថសច្ចានៅចំពោះមុខកូនក្រមុំដ៏ស្រស់សោភារបស់ខ្លួន។
បរិយាកាសនៅ Waimea Valley ពិតជាអធិកអធមទាំងកូនកំលោះនិងកូនក្រមុំរួមទាំងភ្ញៀវកិត្តិយសទៀតផង។ ជាមួយគ្នានោះមានវត្តមានរបស់បងស្រីម្ចាស់ខ្សែក្រវាត់ ONE Women’s Atomweight World Champion កីឡាការិនី “Unstoppable” Angela Lee និងប្ដីរបស់គេBruno Pucci ទៀតផងដែលមើលទៅអ្នកទាំងពីររីករាយក្រៃលែង។
Lee ថ្លែងទាំងរីករាយទៀតថា ៖«ខ្ញុំពិតជាសប្បាយចិត្តដែលឃើញភ្ញៀវកិត្តិយសពេញចិត្តពេញថ្លើម។ ពួកគេសប្បាយចិត្ត សើចសប្បាយ និង រាំកម្សាន្ត។ ខ្ញុំមានអារម្មណ៍ថាអ្នករាល់គ្នាសប្បាយណាស់ និងជាពេលដ៏កម្រ»។