ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​៨ នឹង​បោះទុន​ជាង​៣៤៤​លាន​ដុល្លារ វិនិយោគ​លើ​វិស័យ​កាត់ដេរ កសិកម្ម ឧស្សាហកម្ម មន្ទីរពេទ្យ​...​នៅ​កម្ពុជា​
04, Apr 2020 , 3:20 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បន្ត​អនុម័ត​ឱ្យ​ក្រុមហ៊ុន​ថ្មី​៨​ទៀត ដែលមាន​ដើមទុន​សរុប​ជាង ៣៤៤​លាន​ដុ​លា្ល​រ​។ តាម​ការចុះផ្សាយ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រុមហ៊ុន​ទាំងនោះ នឹង​វិនិយោគ​លើ​ការបង្កើត​រោងចក្រ​កាត់ដេរ​, រោងចក្រ​ផលិត​ក្រដាស​ទ្រនាប់​ពុម្ព​, រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា​, រោងចក្រ​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​, រោងចក្រ​ផលិត​ម្សៅ​មី និង​កែឆ្នៃ​ដំឡូង​មី​,​បង្កើត​កសិដ្ឋាន​ដំណាំ​ចេក​,​វិនិយោគ​លើ​សណ្ឋាគារ និង​មន្ទីរ​ពហុ​ព្យាបាល​ជំងឺ​នៅ​កម្ពុជា​។ 

 
​ក្រុមហ៊ុន​ធំៗ​ចំនួន​៣ មាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ គឺ ក្រុមហ៊ុន AN RONG ZHI YE CO., LTD មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រដាស​ទ្រនាប់​ពុម្ព (​សម្លៀកបំពាក់ ស្បែកជើង កាបូប​) ក្រដាស​ម៉ាក​ឃឺ និង​ក្រដាស​វេច​ខ្ចប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ទុនវិនិយោគ​ប្រមាណ ២,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៤៩​នាក់​។ 
 
​ទី​២ គឺ​ក្រុមហ៊ុន SING-SPECIALISTS MEDICAL CENTRE CO., LTD មាន​គម្រោង​សាងសង់ និង​អាជីវកម្ម​មន្ទីរ​ពហុ​ព្យាបាល​ជម្ងឺ ចំនួន​៥០​គ្រែ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្ទះ​លេខ​៥ ផ្លូវ​លេខ​៨១ ភូមិ​១០ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ មាន​ទុនវិនិយោគ​ប្រមាណ ៩៦,១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៣៣​កន្លែង​។ 
 
​ទី​៣ គឺ​ក្រុមហ៊ុន JINTEK CELLS TECHNOLOGY CO., LTD មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ទុនវិនិយោគ​ប្រមាណ ៧,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៤៨​កន្លែង​។​
 
​ដោយឡែក ក្រុមហ៊ុន HANUMAN BEVERAGES CO., LTD មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំងវែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ១៦០,៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៥៤៥​កន្លែង​។​
 
​ក្រុមហ៊ុន YON GUI AGRICULTURE TECHNOLOGY CO., LTD មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​ម្សៅ​មី ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង មាន​ទុនវិនិយោគ​ប្រមាណ ២,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៦៣​កន្លែង​។​
 
​ចំណែក ក្រុមហ៊ុន SHINE HANUMAN TRADING CO., LTD មាន​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ដំឡូង​មី ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ភ្នំ​រូង ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ មាន​ទុនវិនិយោគ​ប្រមាណ ១០,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨៤​កន្លែង​។​
 
​រីឯ ក្រុមហ៊ុន YQL (CAMBODIA) INVESTMENT CO., LTD មាន​គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ចេក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បឹងកេត ឃុំ​ព្រែ​កក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម មាន​ទុនវិនិយោគ​ប្រមាណ ១២,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៨៦៧​កន្លែង​។ ក្រុមហ៊ុន XIGANGYIHAO INTERNATIONAL INVESTMENT CO., LTD មាន​គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៣ ចំនួន​៧១០​បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ៥៩,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៦០​កន្លែង​៕

Tag:
 CDC
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com