ជាតិ
សហព័ន្ធ​ស្រូវ​អង្ករ ស្នើ​រោង​ម៉ាស៊ីនកិនស្រូវ និង​ម្ចាស់​ឃ្លាំង​ស្ដុក ជួយ​ទិញស្រូវ​ពី​កសិករ​ក្នុងតម្លៃ​សមរម្យ​
04, Apr 2020 , 5:19 pm        
រូបភាព
រូបភាពពី​សហព័ន្ធស្រូវអង្ករកម្ពុជា
រូបភាពពី​សហព័ន្ធស្រូវអង្ករកម្ពុជា
​ភ្នំពេញ​៖ សហព័ន្ធ​ស្រូវ​អង្ករ បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​សមាជិក​ទាំងអស់ ពិសេស​បណ្ដា​រោង​ម៉ាស៊ីនកិនស្រូវ និង​ក្រុមហ៊ុន​ដែលមាន​ឃ្លាំង​ស្ដុក​ទុក បន្ត​ទិញស្រូវ​ពី​កសិករ​ដែល​ផលិត​បាន ក្នុងតម្លៃ​មួយ​សមរម្យ​តាម​តម្លៃ​ទីផ្សារ​។ ការស្នើ​នេះ​ធ្វើឡើង ក្រោយ​រដ្ឋាភិបាល​កម្ពុជា ប្រកាស​ផ្អាក​នាំចេញ​ស្រូវ និង​អង្ក​រស ទៅ​ក្រៅប្រទេស​បណ្ដោះអាសន្ន​ដើម្បី​ធានា​សន្តិសុខ​ស្បៀង​ក្នុងស្រុក​។

 
​បើតាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដើម្បី​ជួយ​កសិករ​ដែលមាន​ស្រូវ​លក់ រាជរដ្ឋាភិបាល​កម្ពុជា នឹង​ប្រើ​ថវិកា​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​ឥណទាន តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ជូន​ដល់​រោង​ម៉ាស៊ីនកិនស្រូវ និង​ក្រុមហ៊ុន​ដែល​ខ្វះខាត​ទុន​បង្វិល​ក្នុងការ​ទិញស្រូវ​។ 
 
​ក្នុងស្ថានភាព​បែបនេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​សមាជិក​ទាំងអស់ ពិសេស​បណ្ដា​រោង​ម៉ាស៊ីនកិនស្រូវ និង​ក្រុមហ៊ុន​ដែលមាន​ឃ្លាំង​ស្ដុក​ទុក បន្ត​ទិញស្រូវ IR85, IR504, OM5451 និង​ស្រូវ​ប្រភេទ​ផ្សេងទៀត​ពី​កសិករ​ដែល​ផលិត​បាន ក្នុងតម្លៃ​មួយ​សមរម្យ​តាម​តម្លៃ​ទីផ្សារ​។ ជាមួយគ្នានេះ សម្រាប់​រោង​ម៉ាស៊ីនកិនស្រូវ និង​ក្រុមហ៊ុន​ដែល​មិនមាន​ទុន​បង្វិល​គ្រប់គ្រាន់ អាចទាក់ទង​ស្នើសុំ​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​។ 
 
​សហព័ន្ធ​ស្រូវ​អង្ករ បញ្ជាក់ទៀតថា ដើម្បី​បង្កើន​ផលចំណេញ​សេដ្ឋកិច្ច​សម្រាប់​ពេលខាងមុខ សម្រាប់​ប្រជាកសិករ និង​ឈ្មួញ​ដែល​ទិញស្រូវ​ទុក​តាម​មូលដ្ឋាន សូមកុំ​ប្រញាប់​លក់​ស្រូវ​ចេញ​ឲ្យ​ឈ្មួញ​អ្នក​នាំចេញ​នៅពេលនេះ​៕ 

Tag:
 កសិកម្ម​
  ស្រូវ​
  អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com